ព័ត៌មានជាតិ
និយ័តករមូលបត្រកម្ពុជា រៀបចំបើកវគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារអេស៊ីលីដា
និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានរៀបចំបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០ នាក់ និងអ្នកចូលរួមតាមរយៈ Webinar online ប្រមាណជាង ៥០០ នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ផងដែរ។
មានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើន ប្រកបដោយនិរន្តរភាព ដោយសារធនាគារមានធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ មានទំនួលខុសត្រូវខ្ពស់ អនុវត្តការងារតាមផែនការដែលបានគ្រោងទុកស្របតាមច្បាប់បទប្បញ្ញត្តិគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនិន្នាការបច្ចេកវិទ្យា និងតម្រូវការការងារប្រចាំថ្ងៃ។ ធនាគារយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស។
បណ្ឌិត អ៉ិន ចាន់នី បានបន្តថា ជាក់ស្តែង ធនាគារតែងរៀបចំការបណ្តុះ បណ្តាលធនធានមនុស្ស ទាំងនៅក្នុងធនាគារផ្ទាល់ និងចាត់បញ្ជូនឲ្យទៅសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងក្នុង និងក្រៅប្រទេស ជាពិសេស វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដែលរៀបចំដោយក្រសួង និយ័តករ និងអាជ្ញាធរដែលជាអាណាព្យាបាល ។ល។ បណ្ឌិត អ៉ិន ចាន់នី បានបន្តទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ គឺពិតជាមានសារៈសំខាន់ដែលនឹងធ្វើឲ្យយើងទាំងអស់គ្នា ដែលជាសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រ ជាអាទិ៍អត្ថប្រយោជន៍នៃទីផ្សារមូលបត្រការកសាងមូលដ្ឋានគ្រឹះវិនិយោគិនការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសវិស័យមូលបត្ររបស់ធនាគារ អេស៊ីលីដា។
លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា« ដូចយើងទាំងអស់គ្នាបានដឹងហើយថា ធនាគារអេស៊ីលីដា បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍ដែលបានបោះផ្សាយជាសាធារណៈ ថ្មីៗនេះធនាគារសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំនេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាព។ របាយការណ៍ដែលបានបោះផ្សាយជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ គឺពិតជាមានសារៈសំខាន់ និងជាធាតុផ្សំមួយសម្រាប់វិនិយោគិនធ្វើការសម្រេចចិត្តវិនិយោគលើវិស័យមូលបត្រទៅតាមទិសដៅដែលខ្លួនចង់បាន។ ទន្ទឹមនឹងនេះ ការវិភាគទៅលើរបាយការណ៍ គឺតម្រូវឲ្យមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយដែលវិនិយោគិនម្នាក់ៗនឹងមានទំនុកចិត្តលើខ្លួនឯងនូវរាល់ការវិនិយោគរបស់ខ្លួន»។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានមានប្រសាសន៍ថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះ យើងតែងតែធ្វើយ៉ាងហោចណាស់ ១ ដង ក្នុង ១ ឆ្នាំ ជាមួយបណ្តាលក្រុមហ៊ុនចំនួន ៩ ដែលបានចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិ ដើម្បីបង្កើនការផ្សព្វផ្សាយពីការជួញដូរមូលបត្រឱ្យកាន់តែទូលំទូលាយ ដើម្បីបណ្តុះគំនិតវិនិយោគថា តើការវិនិយោគរបៀបម៉េច ដែលហានិភ័យទាបហើយទទួលស្គាល់ដោយផ្លូវច្បាប់ត្រឹមត្រូវ។ លោកបានបន្តថា«ប្រសិនបើមិនទាន់យល់អំពីយន្តការការជួញដូរខាងក្នុងតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទេ ខ្ញុំមិនលើកទឹកចិត្តឱ្យធ្វើការជួញដូរជាមួយនឹងភាគហ៊ុននៅខាងក្រៅទេ។ នេះមិនមែនជាការហាមឃាត់ទេ វាជាសិទ្ធិរបស់អ្នកសាច់ប្រាក់ ក៏ជារបស់អ្នកអាចផ្ញើទៅណាក៏បានដែរ អាចធ្វើការជួញដូរលើអ្វីក៏បានដែរឱ្យតែវត្ថុជួញដូរនោះស្របច្បាប់។ ប៉ុន្តែអ្វីដែលយើងខ្ញុំចង់ពន្យល់នេះថា តើការជួញដូរយ៉ាងម៉េច មានហានិភ័យទាបត្រឹមត្រូវតាមប្រព័ន្ធច្បាប់ ដូច្នេះទាមទារឱ្យមានការផ្សព្វផ្សាយមិនឱ្យដាច់»។
លោកបានបន្តទៀតថា«គោលដៅសំខាន់នៃការបើកវគ្គបណ្តុះបណ្តាលនៅព្រឹកនេះ ចង់ពន្យល់ជូនអំពីថា តើមានយន្តការការវិភាគយ៉ាងដូចម្តេច ដើម្បីឱ្យវាត្រឹមត្រូវនៃការជួញដូរភាគហ៊ុននៅលើទីផ្សាររបស់យើង។ បើភាគហ៊ុនក្រុមហ៊ុនមានតម្លៃប៉ុណ្ណា តើយើងគួរដាក់ថ្លៃដូចម្តេច ឱ្យវាត្រឹមត្រូវទៅនឹងសុខភាពរបស់ក្រុមហ៊ុន។ អីចឹងសូមឱ្យនិយោជិតរបស់ធនាគារអេស៊ីលីដា គួរពិចារណាឡើងវិញ ពេលធ្វើការជួញដូរពិសេសការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនរបស់ខ្លួនយើង ត្រូវមានគោលដៅមួយមិនត្រឹមតែរកផលចំណេញទេ ត្រូវចេះការពារក្រុមហ៊ុនរបស់ខ្លួនផងដែរ»។
គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ គឺវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,០១ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៥៩ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២២៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ