ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ ក្រសួងមិនអាចធ្វើឆៀករថយន្តដឹកកម្មករបានទេ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងមិនអាចធ្វើឆៀករថយន្តដឹកកម្មករបានទេ ដោយសាររថយន្តទាំងនោះបានកែឆ្នៃខុសបច្ចេកទេស។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះបានធ្វើឡើងឆ្លើយតបទៅនឹងខាងភាគី ប.ស.ស ដែលបានស្នើឱ្យក្រសួងសាធារណការនិងដឹកជញ្ជួនជួយសម្រួលធ្វើឆៀករថយន្តសម្រាប់ដឹកកម្មករនិយោជិត។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២កាលពីថ្ងៃទី១៨សីហា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា « ខ្ញុំសូមបញ្ជាក់ទៅខាង ប.ស.ស
ដែលបានស្នើឱ្យក្រសួសាធារណការនិងដឹកជញ្ជួនឱ្យជួយសម្រួលធ្វើឆៀករថយន្តដឹកកម្មករ។ ត្រង់ចំណុចនេះខ្ញុំសូមឆ្លើយតបតែម្តងចំពោះសំណើរនេះថា ខាងក្រសួងមិនអាចធ្វើឆៀករថយន្តដឹកកម្មករបានទេ ដោយសាររថយន្តរបស់គាត់បានកែឆ្នៃខុសបច្ចេកទេស »។ ការស្នើសុំនេះ បន្ទាប់ពីអត្រាគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិតមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលភាគច្រើនកើតឡើងទៅលើបងប្អូនកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតបានឱ្យដឹងថានៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន១ ៦៧២ករណី មានកម្មករនិយោជិតរងគ្រោះចំនួន ១ ៩១៩នាក់ក្នុងនោះស្លាប់៤៧នាក់ របួសធ្ងន់ ៥៦៧នាក់ និងរបួសស្រាល ១ ៣០៥នាក់។
លោកបានបន្តថាក្នុងចំណោមគ្រោះថ្នាក់ទាំងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៥លើក បណ្តាលឱ្យរងរបួសសរុប ១០៦នាក់ ក្នុងនោះរបួសធ្ងន់១៦នាក់ និងរបួសស្រាល ៩០នាក់។ តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។ក្នុងនោះរយៈពេល៦ខែឆ្នាំ២០២១មានកម្មករនិយោជិតរងគ្រោះចំនួន១.៣៣៣នាក់ក្នុងនោះស្លាប់ចំនួន៣៣នាក់របួសធ្ងន់៣២៨នាក់ និងរបួសស្រាល១.១៦៣នាក់។
លោកអគ្គនាយករង បានបានជំរុញឲ្យបងប្អូនកម្មករនិយោជិតដែលប្រើប្រាស់ម៉ូតូត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក (ពាក់មួកសុវត្ថិភាពជានិច្ចត្រូវប្រកាន់ស្តាំជានិច្ច កុំវ៉ា ឬជែងគ្នា និងត្រួតពិនិត្យម៉ូតូឲ្យបានត្រឹមត្រូវ)។ អ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករនិយោជិតសូមប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ។ អ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឲ្យមានកៅអីអង្គុយស្របតាមលក្ខណៈបច្ចេកទេស និងទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់ និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ត្រូវទទួលការបំប៉នជំនាញបើកបររថយន្តការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល