ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើលោក Vitit Muntarbhorn រៀបចំរបាយការណ៍ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឲ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ។
ការស្នើនេះ គ្រាដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឲ្យលោក Vitit Muntarbhorn ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងយុត្តិធម៌។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី និងលោក Vitit Muntarbhorn បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងក្នុងន័យស្ថាបនាលើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖
ទី១-អំពីការអនុវត្តអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ ចំណុចនេះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តស្របតាមអនុសាសន៍នានា។ ប៉ុន្តែ បច្ចុប្បន្នអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារនេះ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិដើម្បីកុមារ ហើយក្រសួងយុត្តិធម៌ នឹងចូលរួមពិនិត្យ និងអនុវត្តអនុសាសន៍ទាំងឡាយណា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្រោយពីទទួលបាន នូវអនុសាសន៍ទាំងនោះ។
ទី២-អំពីភាពចង្អៀតណែនក្នុងពន្ធនាគារ។ ចំពោះចំណុចនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ត្រូវចាប់ផ្តើមចេញពីការរកឲ្យឃើញនូវឫសគល់ពិតប្រាកដនៃបញ្ហា ហើយត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ លោកបញ្ជាក់ទៀតថា កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ ដោយបានដាក់ចេញនូវ “យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី-ខេត្ត” ដែលជាមូលដ្ឋានមួយដ៏សំខាន់ ក្នុងការរួមចំណែកដោះស្រាយភាពចង្អៀតណែន ក្នុងពន្ធនាគារ។
ទី៣-អំពីការបង្កើតឲ្យមានតុលាការអនីតិជន។ ចំណុចលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានឆន្ទៈ ក្នុងការបង្កើតឲ្យមានតុលាការជំនាញក្នុងការដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងវិស័យនានា ដូចជា តុលាការរដ្ឋប្បវេណី, តុលាការព្រហ្មទណ្ឌ, តុលាការការងារ, តុលាការពាណិជ្ជកម្ម និងតុលាការអនីតិជន។ ប៉ុន្តែ បច្ចុប្បន្នធនធានមនុស្សនៅកម្ពុជា ជាពិសេសចំនួនចៅក្រម និងព្រះរាជអាជ្ញា នៅមិនទាន់ឆ្លើយតបនឹងទំហំការងារនៅឡើយ ហេតុនេះ កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្កើតឲ្យមានតុលាការជំនាញទាំងនេះ។
នៅក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសរំលេចផងដែរថា កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង និងព្យាយាមដោះស្រាយបញ្ហាប្រឈមជាជំហ៊ានៗ ផ្អែកលើលទ្ធភាព ធនធាន និងតថភាពជាក់ស្តែងរបស់សង្គមកម្ពុជា។
លើសពីនេះទៀតលោក កើត រិទ្ធ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារជាច្រើន ក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងបានស្នើសុំឲ្យលោក Vitit Muntarbhorn រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ ព្រមទាំងឆ្លុះបញ្ចាំងផងដែរអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់អ្នកដែលបានប្រឹងប្រែង។ លោកក៏បានសំណូមពរផងដែរឲ្យលោក Vitit Muntarbhorn ជួយក្នុងការសម្របសម្រួលជាមួយភាគី និងដៃគូពាក់ព័ន្ធ ដើម្បីបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន