ព័ត៌មានជាតិ
សម្តេច ស ខេង ៖ជិត៨ខែនេះ អាជ្ញាធរកម្ពុជាសង្រ្គោះជនបរទេសជិត១ពាន់នាក់ពីការជួញដូរមនុស្ស
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា គិតពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជា បានរកឃើញ និងជួយសង្រ្គោះជនបរទេសដែលប្រកាសថាជាជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ១៧ករណី មានជនសង្ស័យសរុប៦០នាក់។
ចំណែក នៅក្នុងសប្តាហ៍ទី៤នៃខែសីហានេះវិញ អាជា្ញធរកម្ពុជាបានជួយសង្រ្គោះជនរងគ្រោះចំនួន៧ករណី សង្រ្គោះបាន២៥នាក់ មាន៦សញ្ជាតិ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់ មាន៤សញ្ជាតិ។ ការជួយសង្រ្គោះនេះ ធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ ខេត្តពោរធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ អាជ្ញាធរកម្ពុជា ក៏កំពុងបន្តស្រាវជ្រាវ ដើម្បីសង្រ្គោះ និងបង្រ្កាបបន្ថែមទៀតផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ដដែលនៅក្នុងសេចក្តីអំពាវនាវនៅថ្ងៃទី២៦ ខែសីហានេះ។
ចំពោះការជួញដូរមនុស្សនេះ អាជ្ញាធរកម្ពុជា បានរកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំ ត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញសង្គម ធ្វើការឆបោកឲ្យឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលមានប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែ ជាក់ស្តែង ជនទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាម៉ីខ្លួន។ ករណីខ្លះទៀត ត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនបើមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។
សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ទាំងនេះ។ ជាមួយគ្នានេះ សម្តេច ក៏បានបន្តប្តេជ្ញាធ្វើប្រយុទ្ធប្រឆាំង និងអនុវត្តច្បាប់ទៅលើមេក្លោងដែលធ្វើសកម្មភាពទាំងអស់នេះនៅក្នុងទឹកដីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលពេលវេលាប្រកបដោយប្រសិទ្ធភាព។
ការផ្តល់ព័ត៌មានអំពើបញ្ហានេះ អាចធ្វើឡើងតាមរយៈ ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម (Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister) តាមរយៈលេខទូរស័ព្ទ Hotlineរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ១១៧ និង(+៨៥៥) ៣១ ២០១ ២៣៤៥ តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police និងទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ