វប្បធម៌ ជំនឿ
លោកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ បានទទួលមរណភាពក្នុងវ័យ៨៣ឆ្នាំ
លោកស្រី ត្រឹម ងា ឈ្មោះដើមថា ឡាយ ហ៊ុនគី អ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត វប្បធម៌ ជំនឿ សាសនាខ្មែរ បានទទួលមរណភាពនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ក្នុងរាជធានីភ្នំពេញ។

ក្រុមព្រះសូរិយា បានលើកឡើងឲ្យដឹងថា ពិធីបុណ្យសពលោកស្រី ត្រឹម ងា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ដល់ ២៩ សីហា ២០២២ នៅផ្ទះលេខ១៦ ផ្លូវ១៤៣ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា ។ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅវត្តគល់ទទឹង នាថ្ងៃទី ៣០ សីហា ២០២២។
អ្នកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ អ្នកស្រី បានចាប់អាជីពជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៨ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ អ្នកស្រីឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រីត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះ គឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ។ នេះបើតាមការចុះផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីឆ្នាំ២០២០។

នៅឆ្នាំ១៩៦២ អ្នកស្រី បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ រហូតដល់ឆ្នាំ១៩៦៦ អ្នកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយទៅជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកស្រី បាននិពន្ធនិងបោះពុម្ពផ្សាយស្នាដៃសៀវភៅដ៏ល្បីមួយក្បាលក្នុងឆ្នាំ១៩៧៤ ឈ្មោះថា «អរិយធម៌ខ្មែរ» ដោយបានប្រើឈ្មោះ «អ្នកស្រី ត្រឹង ងា» ជាអ្នកនិពន្ធលើសៀវភៅ។ មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អ្នកស្រីជានាយិកាវិទ្យាល័យនារី ភ្នំពេញ។
ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់អ្នកស្រី ក៏មានវាសនាមិនខុសពីប្រជាជនខ្មែរដទៃទៀតដែរ។ អ្នកស្រី និងស្វាមី ព្រមទាំងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី ឡាយ ហ៊ុនគី និងស្វាមី មិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ។ ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ស្វាមីរបស់អ្នកស្រី គឺលោកត្រឹង ងា ត្រូវកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយបាន«ស្នើ»ឱ្យលោកត្រឹង ងា ទៅជួយរៀបរៀងទស្សនាវដ្ដីរបស់កម្ពុជាប្រជាធិបតេយ្យ។ លោកត្រឹង ងា ត្រូវខ្មែរក្រហមបញ្ជូនមកមន្ទីរស២១ (គុកទួលស្លែង) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងក្រោយមកក៏ត្រូវខ្មែរក្រហមសម្លាប់លោកនៅទីនោះ។ គ្រួសារអ្នកស្រី ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិជាច្រើនលើកច្រើនសា រហូតទៅដល់ភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយថ្ងៃរំដោះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានបន្តរស់នៅក្នុងស្រុកមោងឫស្សី និងស្រុកមង្គលបូរី រកស៊ីលក់ដូរគ្រាន់ចិញ្ចឹមកូនៗ។ នៅឆ្នាំ១៩៨៣ អ្នកស្រី បានបន្តអាជីពក្នុងវិស័យអប់រំ ដោយបានក្លាយជានាយិកាវិទ្យាល័យមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ នៅឆ្នាំ១៩៩៥ បានចូលនិវត្តន៍ពីជីវភាពក្នុងវិស័យអប់រំ។ នៅឆ្នាំ១៩៩៨ ដល់ ២០០៦ អ្នកស្រីជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ។ ក្រោយពីចូលនិវត្តន៌មក អ្នកស្រី បានចំណាយពេលវេលាភាគច្រើនរបស់អ្នកស្រីក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ និងបានប្តូរទីលំនៅមករស់នៅជាមួយកូនប្រុសទី៣ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ រហូតមកទល់សព្វថ្ងៃ។

សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បង និងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយយោងលើសមិទ្ធផល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចេញសេចក្ដីសម្រេច ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?