ព័ត៌មានជាតិ
កម្ពុជា-អាមេរិក រៀបចំសន្និសីទអន្តរជាតិ ការទប់ស្កាត់ អំពើជួញដូរសម្បត្តិវប្បធម៌អាស៊ាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋ អាមេរិក នឹងរៀបចំ សន្និសីទអន្តរជាតិ ស្តីពី ការការពារសម្បត្តិវប្បធម៌។ សន្និសីទនេះផ្តោតសំខាន់លើ ការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ដែលកំពុងគំរាមកំហែងដល់ បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ ចំពោះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀល នេះ។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នឹង មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនានា រួមជាមួយអ្នកជំនាញជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈ និងសង្គមស៊ីវិល។ ក្រុមអ្នកជំនាញចម្រុះនេះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងតំបន់ សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំពេញអង្គអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វេទិកាជាប្រវត្តិសាស្ត្រនេះ នឹងផ្ដល់ឱកាសក្នុងការពង្រឹង កិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជា ដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។ វេទិកានេះក៏នឹងពិនិត្យពិភាក្សាលើ មធ្យោបាយនានាក្នុងក្របខណ្ឌអាស៊ាន សំដៅទប់ទល់នឹងបញ្ហាឆ្លងកាត់ព្រំដែននេះ។
ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជាច្រើនត្រូវបានលួចនាំចេញដោយ ខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុងទីផ្សារសិល្បៈអន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង នយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើការជាមួយបណ្តាប្រទេសនានា ក្នុងការកាត់បន្ថយអំពើចោរកម្មគួរ ឱ្យកត់សម្គាល់។ ការប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌របស់កម្ពុជា បានដើរតួនាទីជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណ។
បច្ចុប្បន្ន កម្ពុជាកំពុងធ្វើយុទ្ធនាការសាកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។ នាពេលថ្មីៗនេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានមកវិញនូវស្នាដៃឯកចំនួន ៣០ រូប ក្នុងនោះមាន រូបចម្លាក់ “ព្រះគណេស” និង “ព្រះស្កន្ទគង់លើសត្វក្ងោក” តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក គឺជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះមានប្រភពមកពីតំបន់ប្រាសាទ កោះកេរ ដែលជារាជធានី នៃអាណាចក្រខ្មែរបុរាណក្នុងសតវត្សរ៍ទី១០ នៃគ.ស។ អ្នកចូលរួមទាំងអស់នឹង បានទៅទស្សនាប្រាសាទកោះកេរនៅក្នុងដំណើរទស្សនកិច្ច នៃកម្មវិធីសន្និសីទនេះ ហើយនឹងឃើញដោយ ផ្ទាល់នូវផលប៉ះពាល់ធ្ងន់ធ្ងរនៃការធ្វើពាណិជ្ជកម្មខុសច្បាប់ចំពោះតំបន់បេតិកភណ្ឌវប្បធម៌។
បទពិសោធន៍កន្លងមករបស់កម្ពុជា ពាក់ព័ន្ធនឹងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ បាន បង្ហាញឱ្យឃើញពីភាពជោគជ័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិ វប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ សង្ឃឹមថា កម្ពុជានឹងអាចចែករំលែកនូវបទ ពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការប្រឆាំង ចំពោះជនទុច្ចរិតលួចប្លន់ និងទីផ្សារសិល្បៈខុសច្បាប់ សម្រាប់ជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ