KPT+
ប្រវត្តិលោកស្រី Liz Truss នាយករដ្ឋមន្ត្រីកាន់តំណែង រយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស
Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដោយលាលែងពីតំណែងក្រោយពីកាន់តំណែងបានតែ ៤៤ ថ្ងៃ។

នៅរសៀលថ្ងៃព្រហស្បតិ៍ លោកស្រី Truss បានលាលែងពីតំណែង បន្ទាប់ពីមានការចលាចល និងជម្លោះជាច្រើនសប្តាហ៍នៅក្នុងគណបក្សអភិរក្ស។
តើលោកស្រី Liz Truss មានប្រវត្តិបែបណា?
លោកស្រី Liz Truss កើតនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ១៩៧៥ ក្នុងទីក្រុង Oxford មានម្តាយឈ្មោះ Priscilla Mary Truss ជាគិលានុបដ្ឋាយិកា និងឪពុកឈ្មោះ John Kenneth ជាសាស្ត្រាចារ្យគណិតវិទ្យា។
នៅឆ្នាំ ១៩៨០ លោកស្រីបានចូលរួមជាមួយម្តាយ ក្នុងការហែក្បួនរបស់អ្នកគាំទ្រយុទ្ធនាការសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ (CND)។ លោកស្រី Truss ក៏បានចូលរួមការតវ៉ាមួយនៅឯមូលដ្ឋាននាវាមុជទឹកនុយក្លេអ៊ែរ Faslane ក្នុងប្រទេសស្កុតឡែនផងដែរ។

ឆ្នាំ១៩៩៣ បន្ទាប់ពីការសិក្សាដំបូង លោកស្រីបានចូលរៀននៅសកលវិទ្យាល័យ Oxford ជាកន្លែងដែលលោកស្រីទទួលបានចំណេះដឹងផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច ហើយបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនយោបាយនិស្សិត ជាមួយអ្នកប្រជាធិបតេយ្យសេរី។
នៅឆ្នាំ១៩៩៤ លោកស្រី បានប្រលូកនយោបាយជាលើកដំបូង នៅក្នុងសន្និសីទប្រជាធិបតេយ្យសេរី ដែលលោកស្រីបានថ្លែងសុន្ទរកថាដ៏រំជើបរំជួល គាំទ្រចលនាអំពាវនាវឲ្យមានការលុបបំបាត់របបរាជានិយម។ ក្រោយមក លោកស្រីបានចូលរួមជាមួយគណបក្សអភិរក្ស ដោយបង្ហាញខ្លួនក្នុងសន្និសីទ Tory នៅឆ្នាំ ១៩៩៧។ ពេលនោះ លោកស្រីធ្វើការឲ្យក្រុមហ៊ុន Shell ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាគណនេយ្យករនៅឆ្នាំ ១៩៩៩។
នៅឆ្នាំ២០០០ លោកស្រី បានរៀបការជាមួយគណនេយ្យករឈ្មោះ Hugh O’Leary ហើយមានកូនពីរនាក់។ នៅឆ្នាំ២០០០នោះ លោកស្រីបានចូលធ្វើការឲ្យក្រុមហ៊ុន Cable & Wireless ក្រោយមកបានឡើងតំណែងធ្វើជានាយកផ្នែកសេដ្ឋកិច្ច។

នៅខែមករា ឆ្នាំ ២០០៨ លោកស្រីបានក្លាយជានាយករងពេញម៉ោងនៃវិទ្យាស្ថាន Reform។ ការងាររបស់លោកស្រីរួមមាន ជាសហនិពន្ធឯកសារឆ្នាំ២០០៩ ដែលលើកកម្ពស់ការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល រួមទាំងការកាត់បន្ថយប្រាក់ខែរបស់វេជ្ជបណ្ឌិតផងដែរ។
នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ បន្ទាប់ពីត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះលំដាប់ជួរមុខ របស់លោក David Cameron សម្រាប់បេក្ខជនអាទិភាពដែលគាំទ្រដោយការដឹកនាំរបស់គាត់ក្នុងការជំរុញធ្វើទំនើបកម្មគណបក្ស, លោកស្រី Truss បានរួចផុតពីការប៉ុនប៉ងរបស់សកម្មជនអភិរក្សនិយមនៅ Norfolk ក្នុងការដកបេក្ខភាពលោកស្រី បន្ទាប់ពីមានការលេចធ្លាយព័ត៌មានថា លោកស្រីមានទំនាក់ទំនងស្នេហាជាមួយសមាជិកសភា Tory កាលពីប្រាំឆ្នាំមុន។

នៅថ្ងៃទី៦ខែឧសភា ឆ្នាំ ២០១០ បន្ទាប់ពីការប៉ុនប៉ងបរាជ័យជាច្រើនលើកដើម្បីឈ្នះអាសនៈក្រុមប្រឹក្សា និងមណ្ឌលគណបក្សការងារ, ទីបំផុតលោកស្រីបានចូលសភាក្នុងនាមជាសមាជិកសភា Tory សម្រាប់តំបន់ជនបទភាគនិរតី Norfolk។ ពីរឆ្នាំក្រោយមក លោកស្រីបានក្លាយជារដ្ឋមន្ត្រីអប់រំនៅក្នុងសម្ព័ន្ធគណបក្សទាំង២។
នៅថ្ងៃទី២៩ខែកញ្ញា ២០១៤ ក្នុងមុខតំណែងជាគណៈរដ្ឋមន្ត្រីលើកដំបូង លោកស្រីបានផ្តល់សុន្ទរកថាដែលមិនអាចបំភ្លេចបានក្នុងសន្និសីទមួយក្នុងនាមជាលេខាធិការក្រសួងបរិស្ថាន ដែលធ្វើឲ្យអ្នកស្តាប់រំជើបរំជួលជាមួយការអះអាងថា ចក្រភពអង់គ្លេសនាំចូលឈីសពីរភាគបីគឺជា រឿងអាម៉ាស់។
នៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦ អំឡុងយុទ្ធនាការមុនការបោះឆ្នោតប្រជាមតិស្តីពីសមាជិកភាព EU របស់ចក្រភពអង់គ្លេស លោកស្រី Truss បានសរសេរអត្ថបទមួយសម្រាប់កាសែត The Sun ដែលក្នុងនោះលោកស្រីព្រមានថា Brexit នឹងក្លាយជា សោកនាដកម្មបីដង, ច្បាប់កាន់តែច្រើន, ទម្រង់កាន់តែច្រើន និងការពន្យារពេលកាន់តែច្រើននៅពេលលក់ទៅ EU។

នៅថ្ងៃទី ១២ខែមិថុនាឆ្នាំ២០១៧ ចំពេលមានការរិះគន់ពីមេធាវី និងការសង្ស័យនៅក្នុងក្រុមរបស់លោកស្រី Theresa May ដែលថា លោកស្រី Truss គឺជាអ្នកទម្លាយព័ត៌មាននៃកិច្ចពិភាក្សា Brexit របស់គណៈរដ្ឋមន្ត្រី, លោកស្រី Truss ត្រូវបានបណ្តេញចេញពីតំណែង ប៉ុន្តែក្រោយមក លោកស្រីត្រូវបានតែងតាំងជាប្រធានលេខាធិការរតនាគារ។
នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ក្នុងនាមជាអ្នកស្មោះត្រង់នឹងលោក Johnson, លោកស្រី Truss ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។
នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ លោកស្រីបានចូលរួម ការប្រកួតប្រជែងដើម្បីជំនួសតំណែងលោក Boris Johnson។ យុទ្ធនាការឃោសនារបស់លោកស្រីរួមមាន ការប្រកាសកញ្ចប់កាត់បន្ថយពន្ធដែលមានទឹកប្រាក់ប្រហែល ៣០ ពាន់លានផោនក្នុងមួយឆ្នាំ។

ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ លោកស្រី Truss បានផ្តួលលោក Penny Mordaunt ដើម្បីទទួលបានកន្លែងមួយនៅក្នុងការប្រកួតទល់នឹងលោក Rishi Sunak។
នៅទីបំផុត លោកស្រី Truss ត្រូវបាន បោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីនៃគណបក្សអភិរក្ស នៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Guardian
ចុចអាន៖ បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសត្រៀមបាញ់នុយក្លេអ៊ែរ បើបានកាន់តំណែង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង