ព័ត៌មានជាតិ
លោក ហេង សួរ ៖ មិនមានពលករខ្មែរណាម្នាក់វិលត្រឡប់មកស្រុក តាមការឃោសនារបស់លោក ខឹម វាសនា ទៀតទេ
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រហូតមកដល់ពេលនេះមិនមានពលករខ្មែរនៅក្រៅប្រទេសណាម្នាក់បានវិលត្រឡប់មកស្រុកកំណត់វិញតាមការឃោសនារបស់លោក ខឹម វាសនា ជាបន្តទៀតនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-08-26_20-47-44.jpg)
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ក្នុងឱកាសចូលរួមក្នុងពិធីបើកយុទ្ធនាការជិះដើម្បីមិត្តយើងរបស់សមាគមមិត្តយើងនៅកោះពេជ្រ លោកបានបន្តថា «មកដល់ពេលនេះពាក់ព័ន្ធទៅនឹងការឃោសនាអបិយជំនឿហួសហេតុរបស់លោក ខឹម វាសនា មិនមានពលករខ្មែរធ្វើការនៅប្រទេសថៃ នៅកូរ៉េ និងនៅជប៉ុនបានឆ្លងដែន និងធ្វើដំណើរមកស្រុកទៀតទេ មានតែនៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែសីហា ប៉ុណ្ណោះ ហើយចាប់ពីថ្ងៃទី២៧ ខែសីហា មក មិនមានទៀតទេ»។
លោកបានបន្តទៀតថា ការដែលមិនមានពលករមកស្រុកនេះ បន្ទាប់ពីអ្នកលេងតាមហ្វេសប៊ុកបានធ្វើការអំពាវនាវ និង ចែកចាយព័ត៍មាន និងរូបភាពផ្សេងៗនិងពន្យល់ណែនាំទៅឃើញថា បងប្អូនពលករខ្មែរយើងបានយល់ និងភ្ញាក់ខ្លួនមិនបានបន្តវិលត្រឡប់មកស្រុកវិញតាមការអំពាវនាវរបស់លោក ខឹម វាសនា ជាបន្តទៀត។ លោក ហេង សួរ បានឱ្យដឹងទៀតថា មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង៥០០នាក់បានវិលត្រឡប់មកស្រុកវិញ តាមការឃោសនារបស់លោក ខឹម វាសនា ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង៤០០នាក់ និងប្រមាណ១០០នាក់ទៀតធ្វើការនៅជប៉ុនពាក់ព័ន្ធនឹងការអំពាវនាវរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលថា ទឹកនឹងជន់លិចពិភពលោកទាំងមូល។ លោកបានបន្ថែមថា ពលករខ្មែរទាំងនោះ ខ្លះសុំច្បាប់ថៅកែថា ឪពុកម្តាយឈឺធ្ងន់ និងខ្លះទៀតសុំច្បាប់ថៅកែឈប់មិនបានក៏ពួកគេសម្រេចចិត្តបោះបង់ការងារចោល និងត្រឡប់មកកម្ពុជាវិញ។
លោក ហេង សួរ បានបញ្ជាក់ថា ការណ៍នេះធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយចំនួនបានប្តឹងទៅក្រសួងការងារកូរ៉េដោយស្នើឱ្យកាត់បន្ថយពលកររបស់កម្ពុជាដែលលោកមិនអាចបញ្ជាក់ថា តើមានចំនួនក្រុមហ៊ុនប៉ុន្មានទេដែលបានប្តឹងទៅក្រសួងការងារកូរ៉េ។ លោកបានបន្ថែមទៀតថា ក្រសួងការងារបានជួបដោះស្រាយបញ្ហានេះជាមួយតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HTD Korea) ដោយបានសុំទោសរដ្ឋាភិបាលកូរ៉េជាពិសេសនិយោជកកូរ៉េដែលរងផលប៉ះពាល់ដោយការចលាចលនេះ។ ក្រសួងក៏សំណូមពរដល់និយោជកកូរ៉េ និងជប៉ុនមេត្តាយោគយល់ដល់ពលករ និងសិក្ខាកាមរបស់កម្ពុជា ដោយកុំប្តឹង និងពិចារណាទទួលយកពួកគេវិញតាមលទ្ធភាពជាក់ស្តែង។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-06_11-52-14-1024x768.jpg)
ទាក់ទងបញ្ហានេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅក្រុមហ៊ុនកូរ៉េ ជប៉ុន និងថៃ កុំប្តឹងតាមផ្លូវច្បាប់លើរដ្ឋាភិបាលកម្ពុជា និងពលករដែលរត់ចោលការងារនាពេលថ្មីៗនេះ ព្រោះពលករទាំងនោះចាញ់បោកការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។
សម្តេចបានថ្លែងថា «សូមកុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ។ ហើយសូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀតជាមួយពលករដែលធ្វើកំហុស ដោយសារការចាញ់បោកសម្រាប់ព្រះព្រហ្ម [លោក ខឹម វាសនា តាំងខ្លួនជាព្រះព្រហ្ម] នៅប្រទេសកម្ពុជា»។
បើតាមលោក ហេង សួរ បច្ចុប្បន្នមានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមានជាង៥ម៉ឺននាក់ និងក្នុងប្រទេសជប៉ុនមានជាង១ម៉ឺន៦ពាន់នាក់៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?