នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ការចុះឈ្មោះបោះឆ្នោត ក៏ជាការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែរ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់ គ.ជ.ប គឺជាវិធានការដ៏សំខាន់មួយហើយ ក្នុងការជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត តែការចូលរួមអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ ក៏ជាកត្តាសំខាន់មួយ ផងដែរ។ ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយមួយចំនួន បានស្នើឲ្យ គ.ជ.ប. ពិនិត្យមើលនីតិវិធីនានា ក្នុងការបង្កភាពងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុ អាចទៅចុះឈ្មោះបោះឆ្នោបានច្រើន។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែកញ្ញានេះថា សម្រាប់ឆ្នាំ ២០២១កន្លងទៅ គ.ជ.ប បានចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋជាង ៩លាន ២សែននាក់ហើយ ដែលគិតជាភាគរយស្មើនឹងជាង ៨០ភាគរយ បើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត ដែលមានចំនួនជាង ១០លាន ៤សែននាក់។
លោក សោម សូរីដា បានលើកឡើងថា ការបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយច្បាប់បានចែងថា ដើម្បីអាចបោះឆ្នោតបានប្រជាពលរដ្ឋ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ចំពោះការចុះឈ្មោះបោះឆ្នោត ក៏ជាការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋដែរ ហើយការខិតខំប្រឹងប្រែងរបស់ គ.ជ.ប គឺជាកម្រិតនូវវិធានការមួយសំខាន់ហើយ។ ប៉ុន្តែការចូលរួមអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ ក៏ជាកត្តាសំខាន់ ផងដែរ។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប មានប្រសាសន៍បន្តថា «យើងគួរមានមោទនភាព ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយដែលបានចូលរួមនៅក្នុងការចុះឈ្មោះបោះឆ្នោត ដែលមានចំនួនជាង ៩លាន ២សែននាក់ នៅក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតជាង ១០លាន ៤សែននាក់ អញ្ចឹងជាតួលេខមួយខ្ពស់ បើធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់ ដែលប្រជាពលរដ្ឋខ្មែរបានចូលរួមការចុះឈ្មោះបោះឆ្នោត ពីព្រោះកាលណាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គាត់មានសិទ្ធិបោះឆ្នោត ដូចចែងក្នុងរដ្ឋធម្មនុញ្ញ»។
ដោយឡែក ការស្នើឡើងពីគណបក្សនយោបាយចំនួន ៤ ដែលឲ្យ គ.ជ.ប ពិនិត្យនីតិវិធីដើម្បីចុះឈ្មោះបោះឆ្នោតឲ្យច្រើន មានន័យថា ចុះឈ្មោះឲ្យបានគ្រប់ទាំង ១០លាន ៤សែននាក់នោះ គឺគ្រាន់តែជាការលើកឡើងរបស់គណបក្សទាំងនោះប៉ុណ្ណោះ។ ប៉ុន្តែការធ្វើបែបណានោះ មិនមានវិធានការច្បាស់លាស់ ដែលបានកំណត់ដោយច្បាប់នោះទេ។
អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងទៀតថា «អ្វីដែលគាត់លើកឡើង ប្រហែលជាគាត់យល់តាមអង្គការសង្គមស៊ីវិល ដែលថា គ.ជ.ប ត្រូវបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ពីព្រោះគេមើលឃើញថា ប្រជាពលរដ្ឋដែលនៅក្រៅប្រទេសនោះ មានប្រមាណជាង ១លាននាក់ អញ្ចឹងត្រូវចុះឈ្មោះអ្នកដែលនៅក្រៅប្រទេសនោះជាង ១លាននាក់ ឲ្យបាន ដើម្បីបង្រ្គប់ប្រជាពលរដ្ឋដែលមានចំនួនជាង ១០លាននាក់»។
លោក សោម សូរីដា បានពន្យល់ទៀតថា ច្បាប់របស់កម្ពុជា តម្រូវឲ្យប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត និងបំពេញលក្ខខ័ណ្ឌ ដែលចំណុចនេះមានចែងក្នុងមាត្រា ៥១ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។ ចំណុចសំខាន់មួយទៀតនោះ គឺការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរៀបចំ និងបង្កើតនៅក្នុងឃុំ-សង្កាត់ក្នុងប្រទេសកម្ពុជា។
លោកបន្ថែមទៀតថា ក្នុងបញ្ញត្តិច្បាប់ មិនអនុញ្ញាតឲ្យ គ.ជ.ប បង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេសនោះទេ។ ដូច្នេះ តាមអ្វីដែលគណបក្សនយោបាយចំនួន ៤លើកឡើង ដែលចង់ឲ្យពិនិត្យនីតិវិធីដើម្បីចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន នោះមានន័យថា ឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះនៅក្រៅប្រទេស ដែលច្បាប់មិនអនុញ្ញាតឡើយ។
ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប ខិតខំប្រឹងប្រែងចុះឈ្មោះប្រជាពលរដ្ឋ នៅក្នុងចំណោមជាង ១០លាន ៤សែននាក់នេះ គឺបានចុះរហូតដល់ជាង ៩លាន ២សែននាក់ ដែលនេះជាការខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក៏ដូចជាការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅក្នុងការបោះឆ្នោត ផងដែរ។
អ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ទៀតថា មុនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប តែងតែអំពាវនាវឲ្យភាគីពាក់ព័ន្ធ ដើម្បីចូលរួមកៀរគរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឲ្យមកចុះឈ្មោះបោះឆ្នោត។ ក្នុងនោះដែរ គ.ជ.ប ក៏បានផលិតស្ពតអប់រំពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាច្រើន ដែលត្រូវផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍។ លើសពីនេះទៀត ក៏មានការផ្សព្វផ្សាយតាមមេក្រូចល័តនៅតាមភូមិ និងបង្កើតកម្មវិធីមួយចំនួនទៀត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឲ្យបានច្រើន។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់