Connect with us

ព័ត៌មានជាតិ

ក្រសួងការងារប្រកាសពីការឈប់ថ្ងៃបុណ្យមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការឈប់ថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៣ ទៅតាមប្រតិទិន។ ប៉ុន្តែរោងចក្រសហគ្រាសណា ដែលប្រញាប់ការងារ អាចរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី០៧កញ្ញា បានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យដែលអនុញ្ញាតឲ្យឈប់សម្រាករួមមាន ថ្ងៃចូលឆ្នាំសកល ១មករា ទិវាជ័យជម្នះ៧មករា ទិវានារីអន្តរជាតិ៨មីនា ទិវាពលកម្មអន្តរជាតិ ១ឧសភា ពិធីបុណ្យពិសាខបូជា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ  ទិវាប្រកាសរដ្ឋធម្មនុញ្ញ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះរាជពិធីគ្រងព្រះបរមរាជ​សម្បត្តិ​របស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថនរោត្តមសីហមុនីនិងពិធីបុណ្យឯករាជ្យជាតិដែលពិធីទាំងនេះ​ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចំនួន ១ថ្ងៃៗដូចគ្នា។

រីឯពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក អនុញ្ញាតឱ្យឈប់សម្រាកចំនួន៣ថ្ងៃៗ។

ក្រសួងការងារបានបន្តថា ចំពោះរោងចក្រសហគ្រាសទាំងឡាយណា ដែលមានកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈ​សកលត្រូវប្រព្រឹត្តទៅ​ជាប្រចាំនឹងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាកបុណ្យនៃកម្មករ​និយោជិត​ទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជនឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រសហគ្រាសនោះម្ចាស់ឬនាយករោងចក្រសហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅ​តាមថ្ងៃ​បុណ្យនីមួយៗដោយផ្លាស់ប្ដូរគ្នា។

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ​សហគ្រាសឬអនុសញ្ញារួមការឈប់​សម្រាករបស់កម្មករនិយោជិតអាចប្រព្រឹត្តិទៅនៅពេលណាមួយផ្សេងទៀត​ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ ម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវរៀបចំ​បញ្ជីឈ្មោះកម្មករនិយោជិត​ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកទៅថ្ងៃបុណ្យទីមួយ ហើយរក្សាទុកទាបប្រចាំសម្រាប់ការ​ត្រួតពិនិត្យរបស់អធិការការងារ។

ក្រសួងបានបន្តទៀតថា ក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នាម្ចាស់ឬនាយករោងចក្រសហគ្រាស​អាចប្រើប្រាស់កម្មករនិយោជិតផ្សេងជាបណ្ដោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកាត់បន្ថយថ្ងៃឈប់សម្រាកការងារ ចំនួន២៨ថ្ងៃមក២១ថ្ងៃវិញទទួលបានការ​សាទរពីវិនិយោគិន​យ៉ាងខ្លាំងព្រោះបានជួយលើកកម្ពស់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា​ឲ្យកាន់តែប្រសើរ​ឡើងថែមទៀតពិសេសវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប។

ថ្ងៃឈប់សម្រាក ត្រូវបានកាត់ចេញពីប្រតិទិនរួមមានបុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទិវាសិទ្ធិមនុស្ស ១០ធ្នូនិង២ថ្ងៃទៀតកាត់ចេញពីព្រះរាជពិធី​បុណ្យចម្រើន​ព្រះជន្មព្រះមហាក្សត្រខ្មែរ៣ថ្ងៃមកនៅមួយថ្ងៃវិញ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម