Connect with us

ព័ត៌មានជាតិ

ទម្រាំបានកាន់តំណែងសំខាន់ៗនៃស្ថាប័នតុលាការកម្ពុជា តើលោកស្រី ជា លាង ធ្លាប់ធ្វើការងារអ្វីខ្លះ?

បានផុស

នៅ

លោកស្រី ជា លាង ជាស្រ្តីខ្មែរដំបូងដែលកាន់តំណែងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ននេះ។ លោកស្រី ក៏ធ្លាប់កាន់តំណែងជាសហព្រះរាជអាជ្ញានៃ​​តុលាការ​ខ្មែរក្រហមផងដែរ។ ទម្រាំបានកាន់តំណែងសំខាន់ៗក្នុងស្ថាប័នតុលាការនេះ តើលោកស្រី ជា លាង មានប្រវត្តិបែបណា? ហើយលោកស្រីមានសមត្ថភាព និងចំណេះដឹងដល់កម្រិតណាដែរ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងជម្រាបជូននូវប្រវត្តិរបស់លោកស្រី ដូចខាងក្រោម ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា លាង កើត​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​១៩៦៩ មានស្រុកកំណើតនៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែលមាន​ឪពុក​ឈ្មោះ កែវ ជា និង​ម្តាយ​ឈ្មោះ សេង សៀម និងមាន​បងប្អូន ៦​នាក់​។ លោកស្រីបានរៀបអាពាហ៍ពិពាហ៍​ជាមួយ​លោក សុខុម ឫទ្ធីវុធ ជាមន្ត្រីនៅ​ក្រសួង​សុខាភិបាល។

ក្រោយបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ទួលទំពូង នៅ​ឆ្នាំ​១៩៨៨ លោកស្រី ជា លាង ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​អាហារូប ករណ៍ឲ្យទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ​ជំនាញនីតិសាស្ត្រ ដោយលោកស្រី បានចំណាយ​ពេលសិក្សាប្រមាណ​ ៧​ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នីតិសាស្រ្ត ​នៅ​សាកលវិទ្យាល័យ Martin Luther នៅឆ្នាំ ១៩៩៥។ បន្ថែមពីនេះ លោកស្រី ក៏ទទួលបានវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនទៀត ដូចជា វគ្គបណ្ដុះបណ្ដាលស្ដីពី សិទ្ធិមនុស្ស នៅប្រទេសដាណឺម៉ាក វគ្គបណ្ដុះបណ្ដាលផ្នែកច្បាប់ និងតុលាការ នៅប្រទេសជប៉ុន និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតរឿងក្ដីព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអាល្លឺម៉ង់ លោកស្រី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមចូលបម្រើការងារជាមន្ត្រី​ផ្នែកច្បាប់​នៅ​ក្រសួង​យុត្តិធម៌ នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ១៩៩៩ លោកស្រី ​ត្រូវបាន​ដំឡើងតួនាទីជា​អនុប្រធាន​ការិយាល័យ​បណ្តុះបណ្តាល​នៃក្រសួង​យុត្តិធម៌​។ ដោយហេតុថា លោកស្រី ជាអតីតនិស្សិតដែលបានសិក្សានៅក្រៅប្រទេស និងមានបទពិសោធលើកិច្ចការច្បាប់ ជាពិសេស ជំនាញបទល្មើសព្រហ្មទណ្ឌ លោកស្រី ជា លាង ​ក៏ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ​រាជធានីភ្នំពេញ នៅ​ឆ្នាំ​២០០២​។  ក្នុងតួនាទីជាព្រះរាជអាជ្ញានេះ លោកស្រី បាន​ចូលរួម​ក្នុង​ដំណើរការ​កាត់ក្តីជាច្រើន​នៅ​សាលាឧទ្ធរណ៍ និង​ធ្វើ​អធិការកិច្ច​លើ​ការងារ​របស់​ព្រះរាជអាជ្ញា​​នៅតាមសាលាដំបូងរាជធានី-ខេត្ត ជាដើម។

កិច្ចការបន្ទាប់របស់លោកស្រី គឺជាសហព្រះរាជអាជ្ញាជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម បន្ទាប់ពីសាលាក្តី​នេះ​ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៦។ ក្នុងនាមជាសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម លោកស្រី ជា លាង បាន​ធ្វើការ​ចោទប្រកាន់​ជន​ជាប់ចោទជាមេដឹកនាំ​កំពូលៗ​ ក្នុង​របប​ខ្មែរក្រហមជាបន្តបន្ទាប់ ​ដើម្បី​យក​មក​កាត់ទោសតាមផ្លូវច្បាប់​។ លុះ​ដល់​ឆ្នាំ​២០០៩ លោកស្រី ក៏​ទទួល​ការ​តែងតាំង​​ជា​អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម​តុលាការ​កំពូល​ រហូតដល់បច្ចុប្បន្ននេះ ហើយក៏ជាស្រ្តីទី១ ដែលកាន់តំណែងកំពូលនេះនៅស្ថាប័នតុលាការផងដែរ។  រយៈពេលជិត ១៣ឆ្នាំ សម្រាប់តំណែងជា​អគ្គព្រះរាជអាជ្ញានៅតុលាការកំពូល លោកស្រី បានបំពេញការងារយ៉ាងសកម្មលើកិច្ចការច្បាប់ និងតុលាការនៅកម្ពុជា ដែលភាគច្រើន គឺលោកស្រីធ្វើលើកិច្ចការព្រហ្មទណ្ឌ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម