ព័ត៌មានជាតិ
មន្រ្តីវាយតម្លៃថ្ងៃកាន់បិណ្ឌវេនទី១ នៅតាមវត្តអារាមនៅទូទាំងប្រទេស
លោក សេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅព្រឹក ថ្ងៃទី១១ កញ្ញានេះថា នៅថ្ងៃទី ១ នៃពិធីបុណ្យកាន់បិណ្ឌនេះមានពុទ្ធបរិស័ទយ៉ាងច្រើនលើសលប់ បានធ្វើដំណើរទៅបំពេញបុណ្យកុសលនៅតាមវត្តអារាមនៅទូទាំងប្រទេស ជាមួយនឹងវិធានការការពារជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
«ថ្ងៃកាន់បិណ្ឌវេនទី១នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសល្អប្រសើរមិនមានអ្វីកើតឡើងនោះទេ គឺមានមនុស្សចូលរួមធ្វើបុណ្យតាមបណ្តាវត្តអារាមនានាច្រើនជាងឆ្នាំមុន ហើយបានពាក់ម៉ាសនិងរក្សាគម្លាតសុវត្តិភាពបុគ្គលភាគច្រើនតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
លោកបានបន្តទៀតថា ការដែលមានពុទ្ធបិស័ទចូលរួមច្រើនជាងឆ្នាំមុនទី ១ ដោយសារស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល ទី២ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ទី៣ ប្រជាពលរដ្ឋមានសេដ្ឋកិច្ចកល្អប្រសើរនិងទី៤ ប្រទេសមានសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការឱ្យប្រជាពលរដ្ឋមានពេលវេលាទៅធ្វើបុណ្យទាន។
លោកបានបន្ថែមទៀតថា ក្រៅពីនេះក៏មានការរៀបចំឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដូនជីតាជីនិងពុទ្ធបរិស័ទទាំងអស់ពាក់ម៉ាស់បានគ្រប់ៗគ្នា និងរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា នៅពេលចូលក្នុងទីវត្តអារាម ពេលរាប់បាត្រពេលអង្គុយឬឈររង់ចាំប្រគេនចង្ហាន់ឲ្យមានការឆ្លាស់គ្នាជាពិសេសនៅពេលសូត្រព្រះធម៌ ពេលបង្សុ កូលនិងឧទ្ទិសកុសលជូនមាតាបិតាញាតិកានិងបុព្ធការីជនដែលបានធ្វើមរណកាលទៅហើយ។
យ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថាមានពុទ្ធបរិស័ទខ្លះមិនបានពាក់ម៉ាសដែរ ប៉ុន្តែបានរក្សាគម្លាតសុវត្តិភាពដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
ចំណែកលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារាមនីមួយៗ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីការពារទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។
លោករដ្ឋមន្ត្រីបានក្រើនរំលឹក ដល់អាជ្ញាធររាជធានីខេត្តគណៈកម្មការឯកភាពឃុំសង្កាត់ខណ្ឌ គណៈកម្មការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងទីវត្តអារាម និងគណៈកម្មការវត្តត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តវិធានការសុខាភិបាល និងត្រូវបង្កើនសកម្មភាពត្រួតពិនិត្យតាមដានលើពុទ្ធបរិស័ទដែលចេញចូលទីវត្តអារាម សាលាឆាន់និងកុដិនីមួយៗឲ្យបានម៉ត់ចត់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ១៩។ រាល់ករណីសង្ស័យឆ្លងជំងឺកូវីដ១៩ ឬករណីគ្រុនក្តៅឬគ្រុនផ្ដាសាយ ដែលកើតមានជាក្រុមត្រូវរាយការណ៍មកទូរសព្ទទាន់ហេតុការណ៍ ១១៥ ជាបន្ទាន់។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅឆ្នាំនេះបានចាប់ផ្តើមពីថ្ងៃ ១១ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០២២ខណៈបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានវត្តអារាមចំនួន ៥១០៥ វត្តនិងព្រះសង្ឃ ៧០៩០៤ អង្គនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ