ព័ត៌មានជាតិ
តំបន់រុនតាឯក អាចនឹងក្លាយជាភូមិអភិវឌ្ឍន៍ដ៏សំបូរបែប សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ
សៀមរាប ៖ ហេដ្ឋារចនាសម្ព័ន្ធថ្មី លើផ្ទៃទំហំប្រមាណជា១០៤៦ហិកតា នៅតំបន់រុនតាឯកស្ថិតនៅភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី អាចនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ដ៏សំបូរបែប ដែលពុំធ្លាប់មាន សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋទាំងឡាយណា ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅកសាងអនាគតលើទឹកដីថ្មីស្រឡាងមួយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រក្នុងភូមិអភិវឌ្ឍន៍រុនតាឯក ដែលប្រជាពលរដ្ឋបានផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីត្រៀមរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅទៅទីនោះ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំកំពូលៗ ជាច្រើនស្ថាប័ន បានអញ្ជើញចូលរួមផងដែរ។
បច្ចុប្បន្នកងវិស្វកម្មនៃសម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដើម្បីរង់ចាំប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតរួចហើយ មកទទួលយកដី ដើម្បីពិនិត្យនិងស្វែងរកប្លង់ដីរបស់ខ្លួនផ្ទាល់តែម្ដង។

តាមការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម័យទំនើបរបស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីនោះ សម្រាប់ទទួលប្រជាពលរដ្ឋ ដោយបែងចែកផ្ទៃដីចំនួន ៦០០៥ឡូតិ៍ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមវត្ត សម្រាប់ព្រះសង្ឃនៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលថែមទៀត យើងអាចជឿជាក់បានថា អនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក។ មានប្រជាពលរដ្ឋជាច្រើន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានចេញពីតំបន់អង្គរ ដោយបានចាប់ឆ្នោតទទួលយកដីថ្មីទំហំ២០គុណ៣០ម៉ែត្ររួចហើយនោះ បាននាំគ្នាជាបន្តបន្ទាប់ទៅពិនិត្យមើលទីតាំងដីរបស់ពួកគាត់កន្លងមក។

ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រ នៅភាគឦសានពីទីរួមខេត្តសៀមរាប ចំពោះស្ថានភាពភូមិសាស្ត្រនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ពីព្រោះនៅជុំវិញទីនោះ មិនឆ្ងាយប៉ុន្មាន សុទ្ធតែជាកន្លែងដែលអាចទាក់ទងនិងការរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបាន ដូចជានៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតាយ៉ែក ស្រុកសូទ្រនិគម។

ចំណែកនៅប៉ែកខាងជើង មិនឆ្ងាយប៉ុន្មាន គឺជាតំបន់ទេសចរណ៍ភ្នំគូលែន ហើយនៅជុំវិញតំបន់រុនតាឯកទាំងមូល គឺសុទ្ធតែជាតំបន់បៃតង តំបន់កសិកម្ម ដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វគឺមានភាពងាយស្រួល ចំណែកឯអ្នកចង់ប្រកបរបររកស៊ីក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បម្រើសេវាកម្មទេសចរណ៍ក៏មានសក្តានុពលយ៉ាងច្រើនលើមុខរបរផ្សេងៗជាច្រើនថែមទៀតផង។

គួររំលឹកថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារសម្អាតដីឡូតិ៍ នៅតំបន់អភិវឌ្ឍន៍ធម្មជាតិភូមិរុនតាឯក បានចំនួន ២,៦ ហិកតាហើយ នៅក្នុងតំបន់ចំនួន៧ (សរុបរួមបានចំនួន ៧៨,៣ ហិកតា) និងបន្តសម្អាតទំនប់ស្រះស្រង់ខាងត្បូងបានប្រវែង ១៥០ ម៉ែត្រ (សរុបរួមបានចំនួន ៧០៨ ម៉ែត្រ)។ ដោយឡែក បងប្អូនប្រជាពលរដ្ឋចំនួន ២៥៥ គ្រួសារ ស្ថិតនៅតំបន់ (អក្សរ K ) មកពីភូមិត្រពាំងសេស និងភូមិទក្សិណខាងត្បូងនោះ នាពេលនេះ ពួកគាត់បានសាទរព្រមទទួលយកដីឡូត៍ និងបានទៅពិនិត្យឃើញដីគ្រប់ៗគ្នាហើយនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ពិសេសការដាំដើមឈើហូបផ្លែ នឹងជូនគ្រប់ដីឡូត៍ដែលរៀបចំដោយក្រសួងបរិស្ថាន៕
ដោយ ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់