ព័ត៌មានជាតិ
សម្ដេចតេជោ ៖ វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, ជំងឺឆ្លងរាតត្បាត កំពុងជំរុញឲ្យមាននិន្នាការ ធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មី
នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀតនោះ គឺការឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន៖ វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឲ្យមាននិន្នាការឆ្ពោះទៅរក ការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក។ ក៏ប៉ុន្តែ មិនមានន័យថា បញ្ហាទាំងនេះ នឹងតម្រូវឲ្យបណ្ដាប្រទេសនៅក្នុងពិភពលោក ប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក, ឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឲ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្ដាប់តូច ដែលជាបក្សពួកខ្លួននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងន័យនេះ អាស៊ានគួរតែរួមជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឲ្យមានការរៀបចំក្របខ័ណ្ឌ ជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឲ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា នាពេលបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្ដួចផ្ដើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលសម្ដេចធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព, ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព, ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម