ព័ត៌មានជាតិ
ពីអតីតអភិបាលក្រុងភ្នំពេញ ក្លាយជារដ្ឋមន្រ្តីក្រសួងទេសចរណ៍
លោកថោង ខុន ធ្លាប់កាន់តំណែងជាអភិបាលក្រុងភ្នំពេញ មុនផ្លាស់ប្តូរតួនាទីនិងចុងក្រោយទៅដឹកនាំនៅក្រសួងទេសចរណ៍។
លោក ថោង ខុន ជារដ្ឋមន្ត្រីទេសចរណ៍មួយរូបដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក។ លោកត្រូវបានទទួលការកោតសរសើរពីប្រធានក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍និងពាណិជ្ជកម្ម (ECTT) ចំពោះចក្ខុវិស័យ និងគោលនយោបាយដ៏ប៉ិនប្រសប់ និងការលះបង់ចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជានៅពេលលោកត្រូវបានតែងតាំងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប។
ក្រោមការដឹកនាំរបស់លោក ថោង ខុន វិស័យទេសចរណ៍កម្ពុជាមានអត្រាកំណើនជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩ គឺជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់។
ប្រវត្តិផ្ទាល់ខ្លួន
លោក ថោង ខុន កើតនៅថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ១៩៥១។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ញឹក ស៊ីម បច្ចុប្បន្នជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍។
លោកមានកូនប្រុសម្នាក់គឺ លោក ថោង រដ្ឋសក្កិ ក៏ជាមន្រ្តីបម្រើការងារនៅក្រសួងទេសចរណ៍ ដោយបច្ចុប្បន្នកាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។
ការអប់រំ
លោករដ្ឋមន្ត្រី ថោង ខុន បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យភ្នំពេញក្នុងឆ្នាំ ១៩៩៥។ សញ្ញាប័ត្រក្រោយឧត្តមសិក្សាផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Nancy ប្រទេសបារាំងក្នុងឆ្នាំ ១៩៩៧ និងសញ្ញាប័ត្របណ្ឌិតផ្នែកគ្រប់គ្រងទេសចរណ៍ (អេកូទេសចរណ៍) ពីសាកលវិទ្យាល័យជាតិសេដ្ឋកិច្ចទីក្រុងហាណូយប្រទេសវៀតណាមនៅឆ្នាំ ២០១១។
ក្នុងខែមេសា ឆ្នាំ ២០១៤ លោកទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Sunshine Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ដោយទទួលស្គាល់លើការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិតាមសហគមន៍ និងទេសចរណ៍គាំទ្រដល់ជនក្រីក្រនៅកម្ពុជា។
បទពិសោធន៍ការងារ
-១៩៧៩ ប្រធានការិយាល័យបុគ្គលិកក្រុងភ្នំពេញ
-១៩៨៣ អភិបាលរងក្រុងភ្នំពេញ
-១៩៨៥-ឆ្នាំ១៩៩០ អភិបាលក្រុងភ្នំពេញ
-១៩៩០-១៩៩៣ មន្រ្តីនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
-១៩៩៣ រដ្ឋលេខាធិការក្រសួងទេសចរណ៍
-២០០៧-បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ក្រៅពីតួនាទីក្នុងមន្រ្តីរាជការ លោក ថោង ខុន ជាអនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ពានកិត្តិយស និងគ្រឿងឥស្សរិយយស
លោកថោង ខុន ត្រូវបានរដ្ឋាភិបាលនិងអង្គការនានាផ្តល់ពានរង្វាន់កិត្តិយស និងគ្រឿងឥស្សរិយយសក្នុងការសម្រេចបានស្នាដៃធំៗសម្រាប់ជាតិ។
-មេដាយជាតូបការពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ ២០០៩។
-មេដាយ Gwanghwa ពីរដងពីលោក Roh Moo Hyun អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
-ពានរង្វាន់ភាពជាអ្នកដឹកនាំពិភពលោកក្នុងឆ្នាំ ២០០៨ និងម្តងទៀតក្នុងឆ្នាំ ២០១១។
ស្នាដៃធំ
-បង្កើតច្បាប់ស្តីពីទេសចរណ៍នៅឆ្នាំ ២០០៩។
-ជំរុញការចុះបញ្ជីមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេស។
-រៀបចំឲ្យមាន «វិថីលក់ម្ហូបអាហារឬហៅថា Food Street» តាមខេត្តគោលដៅទេសចរណ៍ធំៗ។
-ដាក់ចេញយុទ្ធសាស្ត្រការទស្សនាកម្ពុជាដល់ភ្ញៀវទេសចរអន្តរជាតិ។
ក្រោមការដឹកនាំរបស់លោក ថោង ខុន បានជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ ជាមោទនភាពទីក្រុង ៣ របស់ប្រទេសកម្ពុជា មានទីក្រុងបាត់ដំបង (Battambang) ទីក្រុងព្រះសីហនុ (Preah Sihanouvill) និងទីក្រុងសៀមរាប (Siem Reap) បានជាប់ពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២២-២០២៤។
បន្ថែមពីនេះ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយយុទ្ធនាការ “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៏ស្អាត” ដើម្បីបំផុសចលនាមហាជន ចូលរួមថែរក្សាអនាម័យ និងវាយតំលៃលើភោជនីយដ្ឋានស្អាត គ្មានសម្រាមក្រោមតុ និងបង្គន់អនាម័យស្អាត ក្រោមពាក្យស្លោក “ទីក្រុងស្អាត ទីក្រុងមានភោជនីយដ្ឋានស្អាតគ្មានសម្រាមក្រោមតុ និងមានបង្គន់អនាម័យស្អាត”។
ក្រសួងក៏បានសហការជាមួយក្រសួងសុខាភិបាល មុនផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នានា ត្រូវបញ្ជាក់វិញ្ញាបនបត្របញ្ជាក់អនាម័យទទួលស្គាល់ដោយក្រសួងសុខាភិបាល។
ដាក់គោលដៅទាញទេសចរណ៍ឲ្យបាន ១០ លាននាក់
វិបត្តិជំងឺកូវីដជាសាកលបានធ្វើឲ្យស្ថានភាពវិស័យទេសចរណ៍រងការប៉ះពាល់ ហើយកម្ពុជាក៏រងគ្រោះធ្ងន់ធ្ងរផងដែរ។ យ៉ាងណាមិញ ស្ថានភាពភ្ញៀវទេសចរបានវិលត្រឡប់មកល្អប្រសើរវិញបណ្តើរៗ ខណៈកម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិពី ១ ទៅ ២ លាននាក់នៅឆ្នាំ ២០២២។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់ចេញគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ១០លាននាក់នៅត្រឹមឆ្នាំ ២០៣២។ គោលនយោបាយនេះមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ ថែមទាំងទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ ១ លាននាក់ផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ