Connect with us

ព័ត៌មានជាតិ

រូបភាពប្រេត​អាយុ​ជាង ៩០០ ឆ្នាំ ​បង្ហាញ​នៅលើចម្លាក់ប្រាសាទ​មួយ​ក្នុងតំបន់អង្គរ

បានផុស

នៅ

តើបោះបាយបិណ្ឌកិច្ចពិធីសំខាន់ឬយ៉ាងណា? តើខ្មែរអាចធ្វើកិច្ចនេះនៅពេលណាខ្លះ? បាយបិណ្ឌគេដឹងទូទៅថារៀប​ចំ​បោះឱ្យប្រេត។ តើយើងស្គាល់រូបប្រេតតាំងពីពេលណា? នៅពេលបច្ចុប្បន្ននេះ យើងស្គាល់ប្រេតនៅតាមរូបគំនូរក្នុងទីវត្តអារាម និងតាមជញ្ជាំងនៃព្រះវិហារព្រះពុទ្ធសាសនាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្នកស្រាវជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោក គ្រូអាំង ជូលាន បានប្រទះឃើញរូបភាពប្រេតនៅលើចម្លាក់មួយ​នៅ​ប្រាសាទតានៃ​ក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។

អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានលើកបង្ហាញឱ្យឃើញថា យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Kanradavyuha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សរ៍ទី ៥ នៃគ្រីស្តរាជ និយាយពីរឿងរ៉ាវរបស់ព្រះអវលោកិតេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គរនៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកិតេសូរសង្គ្រោះប្រេត។

តាំងតែពីជាង ៩០០ ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនា​មហាយាន Karandavyaha តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។ ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សផង រងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គ​ជាច្រើនបានពលីជីវិត។ ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និងកងទ័ពខ្លះ បានសុគត និងស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខ័ន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Karandavyuha មានអំណាច និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន។

រឿងរ៉ាវ និងភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃក្នុងទឹកដីខេត្តសៀមរាបបន្សល់ទុកមកដល់បច្ចុប្បន្ន។ លើសពីនេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេត​ទាំងឡាយឱ្យអាចវិលមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយគឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។

លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា តាមសិលាចារិកថ្នល់បាយរាណ៍ លេខសំគាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធា» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។

ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចំអែតក្រពះទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។ តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប គឺមានធាតុពីរសំខាន់គឺ៖ ទី១នាម(ព្រលឹង) ទី២គឺរូប(រាងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញ គឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថាដើម្បី ឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង។

តើពិធីបោះបាយបិណ្ឌ ធ្វើបានតែនៅពេលភ្ជុំបិណ្ឌឬនៅពេលណាខ្លះទៀត? តាមអ្នកស្រាវជ្រាវសិលាចារិកសម័យបុរាណ បានរកឃើញថាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ មិនមែនអាចធ្វើបានតែក្នុងពេលបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ។ ពិធីនេះគឺអាចធ្វើបាន៤ដងក្នុង១ឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលព្រឹត្តិការណ៍យប់ និងថ្ងៃស្មើគ្នា(សមរាត្រី)កើតឡើង២ដងក្នុង១ឆ្នាំ នៅពេលមានព្រឹត្តិការណ៍យប់វែងជាងថ្ងៃកើតឡើងម្ដងក្នុង១ឆ្នាំ និងនៅពេលដែលមានព្រឹត្តិការណ៍ថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុង១ឆ្នាំ។

នៅស្រុកឥណ្ឌា តាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺគេធ្វើឡើងទៅតាមគ្រួសារតូចៗប៉ុណ្ណោះ។ ប៉ុន្តែទំនៀមនេះ ត្រូវបានព្រះមហាក្សត្រខ្មែរសម័យបុរាណ យកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយរបស់ខ្មែរ សម្រាប់ញាតិសន្តានច្រើនជំនាន់ សាច់សារលោហិត មនុស្សចាស់ ក្មេងៗ អ្នកពុំមានទីពំនាក់ ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀត កិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និងប្រពៃណីដ៏ធំជាងគេតែម្ដង៕

អត្ថបទ៖ យី សុថា
រូបភាព៖ យី សុថា, អ៊ូ គង្គា, ហ៊ុ រិទ្ធី, រដ្ឋ ផល្លីន
ប្រភព៖ អាជ្ញាធរអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ប៉ូលិសតាមប្រមាញ់ជនដៃដល់បាញ់សម្លាប់មនុស្ស ១៨នាក់នៅអាហ្វ្រិកខាងត្បូង

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ជន​ចំណាក​ស្រុកប្រមាណ​៤៨នាក់បាត់ខ្លួន​​​ព្រោះ​លិចទូក​​​​ក្នុងដំណើរ​ពី​អាហ្វ្រិក​ទៅ​អឺរ៉ុប​

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

កូឡុំប៊ី​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រយោធា​ជាថ្មី​​សម្លាប់​យោធា​៨នាក់

ព័ត៌មានជាតិ៣២ នាទី មុន

ជនជាតិ​ភាគតិច​ពូនង​ប្រាប់ថា​ ទឹក​ឃ្មុំ​ធម្មជាតិល្អ​បំផុត​គឺ​អំឡុង​ខែ​កុម្ភៈ តម្លៃ​មួយលីត្រ​ហក់ដល់ ៨ ម៉ឺន​រៀល

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

​​មេដឹកនាំ​​លីបង់​​ចោទ​ប្រកាន់​អ៊ីស្រាអែល​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​ ខណៈ​​មនុស្ស​រាប់​រយនាក់​ស្លាប់​និង​របួស​​​​

Sokha Hotels

ព័ត៌មានពេញនិយម