ព័ត៌មានជាតិ
ពលរដ្ឋខ្មែររស់នៅអាមេរិកប្រមាណ ១០០នាក់ ចេញមកទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោអញ្ជើញដល់ទីក្រុងញូវយ៉ក
ប្រជាពលរដ្ឋខ្មែរប្រមាណជា ១០០នាក់ រស់នៅសហរដ្ឋអាមេរិក បានចេញមកទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ចំពោះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៦ និង ៦នាទីយប់ ថ្ងៃទី ២១ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ៥ ព្រឹក និង ៦នាទី ថ្ងៃទី ២២ ខែកញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អសប) លើកទី ៧៧ នៅទីស្នាក់ការកណ្តាល អសប ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីតំណាងលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ, លោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រមទាំងវត្តមានលោក-លោកស្រី ជាឥស្សរជនការទូត នៃស្ថានតំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាច្រើនរូប។
នៅពេលអញ្ជើញទៅដល់សណ្ឋាគារស្នាក់នៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា បើទោះបីដឹងថា សម្តេចមិនមានគម្រោងជួបសំណេះសំណាលដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាយ៉ាងណាក្តី ក៏ពួកគាត់បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសម្ដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ជាពិសេសចង់ជួប និងឃើញដោយផ្ទាល់ថា តើសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដ ឬយ៉ាងណា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋ ដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់ ឬយ៉ាងណា។ មុនពេលមកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះជាសម្តេចពិត ឬយ៉ាងណា? សម្តេចតេជោ បានអរគុណជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព។
សូមជម្រាបថា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការ សហប្រជាជាតិ, លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស, លោក Jose Ramos Horta ប្រធានាធិបតីទីម័រខាងកើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៣ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនឤចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍