ព័ត៌មានជាតិ
សម្ដេចតេជោ អញ្ជើញអគ្គលេខាធិការ UN មកភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានអញ្ជើញលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។

ការអញ្ជើញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយលោកបានគូសបញ្ជាក់ថា លោក និងសម្ដេចបានជួបគ្នាចុងក្រោយ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ លោក Antonio Guterres បានបង្ហាញក្ដីរីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ ថា កន្លងមកយើង ក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅកម្ពុជានោះ ជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការ មានប្រសាសន៍បន្តថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺកូវីដ-១៩ ផងដែរ។ លោកក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។
លោកបន្ថែមថា អង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោ ក៏បានអរគុណចំពោះអ្វីដែល លោកបានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា «ឯកឧត្តមមានក្រុមការងាររបស់ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា»។
សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ-១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ បានប្រមាណជា ៩៥%ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជន ក៏បានទទួលវ៉ាក់សាំងដូសជំរុញទី ៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ ៣នាក់តែប៉ុណ្ណោះ។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេសជាដៃគូសន្ទនារបស់អាស៊ាន។
ជាការឆ្លើយតប លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងបញ្ហាកិច្ចប្រជុំអាស៊ានខាងមុខនេះ លោកនឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះកន្លងទៅនេះ លោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍។ ដូច្នេះ លោកពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេសលោកនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ