ព័ត៌មានជាតិ
ចងចាំស្នាដៃធំៗលោក ឃឹម ហ្វីណង់ ជិត ៣ ឆ្នាំដឹកនាំស្រុកបន្ទាយស្រី
ជិត ៣ ឆ្នាំ ក្នុងមុខតំណែង លោក ឃឹម ហ្វីណង់ បានដឹកនាំស្រុកបន្ទាយស្រីក្លាយជាស្រុកគំរូមួយក្នុងខេត្តសៀមរាប។
យុវជនវ័យក្មេងនិងជាបញ្ញវន្តវ័យបញ្ចប់ការសិក្សាពីអាមេរិក សាធារណជននិងប្រជាពលរដ្ឋទូទៅចាប់ផ្តើមស្គាល់លោក ឃឹម ហ្វីណង់ តាមរយៈការគម្រោងអភិវឌ្ឍឥតឈប់ឈរនៅស្រុកបន្ទាយស្រី។
តើសមិទ្ធផលអីខ្លះដែលមន្រ្តីវ័យក្មេងលោក ឃឹម ហ្វីណង់ សម្រេចបានក្នុងពេលជិត ៣ ឆ្នាំ ក្នុងការដឹកនាំក្នុងស្រុកបន្ទាយស្រី?
បើកយុទ្ធនាការផ្ទះមួយអំពូលមួយ
ក្រោមគំនិតផ្តួចផ្តើម លោក ឃឹម ហ្វីណង់ បានបើកយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅចុងឆ្នាំ ២០១៩ ដោយបំពាក់អំពូលសូឡាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ យុទ្ធនាការនេះបានអនុវត្តមុនគេនៅភូមិព្រះដាក់ ដែលជាភូមិធំជាងគេនៅក្នុងស្រុកបន្ទាយស្រី។


យុទ្ធនាការ «ផ្ទះ១អំពូល១» បានបង្កើតការចាប់អារម្មណ៍ពីមហាជន ហើយទទួលបានការចូលរួមគាំទ្រយ៉ាងផុលផុស។ តាំងពីបើកយុទ្ធនាការ« ផ្ទះ១អំពូល១» អនុវត្តបានជិត ២០ ភូមិ លើ ០៦ ឃុំ និងកំពុងបន្តរៀបចំនៅតាមបណ្តាភូមិផ្សេងទៀតទូទាំងស្រុក។
កែប្រែមុខមាត់រង្វង់មូលបន្ទាយស្រី
ធ្លាប់ជាទីវាលស្មៅសោះកក្រោះបោះបង់ចោល ដោយពុំមានការថែទាំដិតដល់ រង្វង់មូលបន្ទាយស្រីបានក្លាយជាតំបន់ទេសចរណ៍ថ្មីដ៏ទាក់ទាញនៅស្រុកបន្ទាយស្រី។



រង្វង់មូលបន្ទាយស្រី គឺជារង្វង់មូលមួយធំជាគេនៅកម្ពុជា មានទំហំជិត ២ ហិកតា ស្ថិតនៅតំបន់ផ្លូវប្រសព្វឡើងទៅភ្នំគូលែន។
រដ្ឋបាលស្រុកបន្ទាយស្រី បានក្រែប្រែទីតាំងដែលធ្លាប់ជាកន្លែងចងគោក្របីរបស់អ្នកស្រុក ហើយដែលទេសចរភាគច្រើនជិះហួសទៅហួសប្រែក្លាយទៅជាសួនផ្កាដ៏ស្រស់ស្អាត និងក្រោយមកកែប្រែទៅជារង្វង់មូលវាលស្រែធ្វើឲ្យមានភាពទាក់ទាញបន្ថែមទៀត។
រៀបចំ «សហគមន៍ស្វ័យគ្រប់គ្រង»
លោក ឃឹម ហ្វីណង់ បានជំរុញចលនា «សហគមន៍ស្វ័យគ្រប់គ្រង» ដើម្បីឱ្យពលរដ្ឋម្ចាស់ការលើការគ្រប់គ្រងសំរាមក្នុងមូលដ្ឋាន។
«សហគមន៍ស្វ័យគ្រប់គ្រង» បង្កើតឡើងដើម្បីឲ្យពលរដ្ឋអាចស្វ័យគ្រប់គ្រងសំរាម តាមរយៈបំផុសចលនាតាមផ្ទះពលរដ្ឋនីមួយៗ គ្មានសំរាម ឬកាកសំណល់ នៅក្រៅធុងសំរាម។ គម្រោងនេះបានអនុវត្តយ៉ាងជោគជ័យនៅភូមិព្រះដាក់ និងបានបន្តអនុវត្តនៅឃុំគោលដៅមួយចំនួនទៀតនៅស្រុកបន្ទាយស្រី។

បើកយុទ្ធនាការគ្មានថង់បា្លស្ទិក
រដ្ឋបាលស្រុកបន្ទាយស្រីដែលមានលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក បានបើកយុទ្ធនាការ “គ្មានថង់ប្លាស្ទិក” ដោយបង្វែរឱ្យអាជីវករលក់ដូរ ងាកមកប្រើស្លឹកឈូក និងស្លឹកចេក សម្រាប់ការវេចខ្ចប់ ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិក និងលើកកម្ពស់បរិស្ថាន។
យុទ្ធនាការរយៈពេលពេញ ១ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៧ ខែមេសា ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីតែម្តង។

ការសម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសារសង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសម្បកវេចខ្ចប់ប្លាស្ទិកនេះតែម្តង ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយយ៉ាងឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានា។
បង្កើតឡដុតសំរាម
ឡដុតសំរាម បានរៀបចំជាលើកដំបូងនៅស្រុកបន្ទាយស្រី។ សំរាមជាច្រើនតោនមកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានប្រមូលយកមកដុតនៅក្នុងទីលានឡដុតសំរាមដែលរៀបចំដោយអាជ្ញាធរ។

តាមរយៈឡដុតសំរាមនេះ ប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ឬដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ គឺអាចយកមកដាក់នៅ ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” នៅតាមភូមិរបស់ខ្លួននីមួយៗ រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
បង្កើតគម្រោង «ស្រែសង្គម»
«ស្រែសង្គម» គឺជាគម្រោងស្រែរួមមួយដែលផ្ដួចផ្ដើមគំនិតឡើងដោយរដ្ឋបាលខេត្តបន្ទាយស្រី ដែលមានផ្ទៃដីស្រែប្រមាណ ៤០ហិចតា វាជាស្រែ ដែលប្រជាពលរដ្ឋម្ចាស់ដី ចំនួន៨៧គ្រួសារ បានយល់ព្រមផ្តល់អោយរដ្ឋបាលស្រុកបន្ទាយស្រីប្រើប្រាស់ក្នុងការធ្វើស្រែចំនួន ២ដង ក្នុងគោលបំណង យកស្រូវអង្ករទាំងនេះសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះក្នុងវិបត្តិនៃជំងឺកូវីត១៩ ។

”ស្រែសង្គម” ខុសប្លែកពីសហគមន៍កសិកម្មបន្តិចត្រង់ថា វាមិនមែនដើម្បីប្រាក់ចំណេញ ធ្វើឡើងក្នុងគោលដៅសង្គម និងមនុស្សធម៌។ ចំណែកឯការចំណាយទៅលើគម្រោងនេះទាំងមូល ទទួលបានការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងស្រុង ក្រោមការសម្របសម្រួលរបស់រដ្ឋបាលស្រុកបន្ទាយស្រី។


លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបញ្ជាក់ថា គម្រោង“ ស្រែសង្គម” មិនមែនដើម្បីប្រាក់ចំណេញនោះឡើយ ប៉ុន្តែដើម្បីគោលដៅសង្គម និងមនុស្សធម៌ទាំងស្រុង។ ហេតុផលចម្បង គឺការបង្កើតលទ្ធភាពរួមចំណែកឲ្យរដ្ឋបាលស្រុក អាចជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះពីកូវីដ-១៩។
បិទអាជីវកម្មទិញ-លក់ សាច់សុនខ
ការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាពនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានហាមឃាត់។ ស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប។ ការហាមឃាត់ការជួញដូរសាច់ឆ្កែនេះ ដើម្បីលើកកម្ពស់សុខមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ជៀសវាងការឆ្លងរាលដាលជម្ងឺផេ្សងៗ។

ប្រែក្លាយផ្លូវដីតាមភូមិទៅជាផ្លូវបេតុង ក្រោមយុទ្ធនាការ «បេតុង+បៃតង»
ក្នុងរយៈពេលជិត ៣ ឆ្នាំក្នុងតំណែង លោកឃឹម ហ្វីណង់ បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំក្នុងមូលដ្ឋានជាផ្លូវបេតុងក្រោមយុទ្ធនាការ «បេតុង+បៃតង»។ កន្លែងដែលធ្លាប់តែមានដីហុយ ពិបាកសូម្បីតែដកដង្ហើមនោះ បានប្រែក្លាយទៅជាផ្លូវដ៏ស្រស់ស្អាត។

លោក ឃឹម ហ្វីណង់ ដាក់ក្តីរំពឹងទុកថា ដោយសារល្បឿននៃការអភិវឌ្ឍមិនដល់ ៥ ឆ្នាំទៀតទេគ្រប់ទីប្រជុំជនភូមិសំខាន់ៗដែលមានមនុស្សរស់នៅច្រើន និងមានអ្នកទេសចរណ៍ឆ្លងកាត់ញឹកញាប់ក្នុងស្រុកបន្ទាយស្រី នឹងត្រូវបានគ្របដណ្តប់ទៅដោយផ្លូវបេតុងនិងផ្លូវកៅស៊ូទាំងអស់។
រៀបចំឯកសណ្ឋានថ្មីដល់មន្រ្តីរដ្ឋបាលស្រុក
ក្រោមទិសស្លោក ឯកសណ្ឋានតំណាងឲ្យ វិន័យ ភាពម៉ឺងមាត់ លោក ឃឹម ហ្វីណង់ បានរៀបចំឯកសណ្ឋានថ្មីជូនមន្ត្រីរដ្ឋបាលស្រុកបន្ទាយស្រី។

ការប្រើប្រាស់ឯកសណ្ឋានថ្មីនេះ ឆ្លុះបញ្ចាំងពីក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ និងឯកសណ្ឋានតំណាងឲ្យភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ។
លោកឃឹម ហ្វីណង់បានអះអាង នឹងស្លៀកពាក់ឯកសណ្ឋានថ្មីនេះមិនថានៅកន្លែងបំពេញតួនាទី និងពេលចុះទៅបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
ស្រុកបន្ទាយស្រីនឹងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ហើយមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ។

អត្រាមានបង្គន់អនាម័យប្រើប្រាស់នៅក្នុងស្រុកបន្ទាយស្រីនឹងកើនឡើងពីក្រោម ៧០% ទៅដល់ ១០០% ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ ជាពិសេសការចូលរួមទូលំទូលាយពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល។
ជួយដោះស្រាយបញ្ហាទឹក នៅភូមិក្រីក្រជាងគេនៅស្រុកបន្ទាយស្រី
ត្រពាំងថ្មជាភូមិក្រីក្រជាងគេមួយក្នុងស្រុកបន្ទាយស្រី។ តំបន់នេះគ្មានប្រភពទឹកទាល់តែសោះក្រៅពីទឹកភ្លៀង ហើយការខ្វះខាតទឹក ធ្លាប់មានដល់កម្រិតធ្ងន់ធ្ងរខ្លាំង រហូតត្រូវដឹកជញ្ជូនទឹកជូនកាលពីឆ្នាំ២០១៥។ ចាប់ពីឆ្នាំ ២០២០ ដោយសារមានស្វះស្វែងរកជំនួយពីសប្បុរសជន បានជីកអណ្តូងទឹក និងជីកស្រះទឹកជូនប្រជាពលរដ្ឋ ឆ្លើយតបការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិតធំ។


ឃុំរំចេកទាំងមូល នឹងលែងមានផ្ទះស្លឹកទៀតហើយ
ផ្ទះដំបូលស្លឹកឬផ្ទះប្រក់ស្បូវទាំងអស់នៅក្នុងឃុំរំចេកក្នុងស្រុកបន្ទាយស្រី នឹងត្រូវជំនួសដោយសង្កសី រឹងមាំប្រើប្រាស់


ឃុំរំចេកក្នុងស្រុកបន្ទាយស្រីនៅមានផ្ទះចំនួន៧០ខ្នង ដែលនៅប្រក់ស្លឹក ឬស្បូវនៅឡើយ ភាគច្រើនគឺជាគ្រួសារទីទ័លក្រ និងមានជីវភាពលំបាក។ យ៉ាងណាតាមការអំពាវនាវរបស់រដ្ឋបាលស្រុកបន្ទាយស្រី បាននទទួលការគាំទ្រពីក្រុមការងារចុះជួយស្រុកបន្ទាយស្រី ក្នុងការជួយកែប្រែលំនៅដ្ឋានជូនប្រជាពលរដ្ឋនឹងប្រែក្លាយឲ្យទៅជាផ្ទះប្រក់ស័ង្កសីទាំងអស់។
ដាក់គោលដៅស្រុកបន្ទាយស្រី ជាតំបន់នាំបន្លែទៅផ្គត់ផ្គង់ក្នុងខេត្តសៀមរាប
ក្នុងមួយឆ្នាំៗ ខេត្តសៀមរាបបាននាំចូលបន្លែសាច់ផ្លែឈើប្រហែល ៨០% ពីខេត្តដទៃឬប្រទេសដទៃ។ ស្រុកបន្ទាយស្រីដែលនៅកៀកនឹងក្រុងសៀមរាប លោក ឃឹម ហ្វីណង់ ដាក់គោលដៅយកមូលដ្ឋានស្រុកបន្ទាយស្រីជាប្រភពក្នុងការផលិតបន្លែសាច់ផ្គត់ផ្គង់ដល់ខេត្តសៀមរាប។
ប្រែក្លាយស្រុកបន្ទាយស្រីជាក្រុងទេសចរណ៍ទី ២ បន្ទាប់ពីក្រុងសៀមរាប
គោលដៅដ៏ធំរបស់លោកឃឹម ហ្វីណង់ ចង់ប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជាក្រុងទេសចរណ៍ទី ២ បន្ទាប់ពីក្រុងសៀមរាប។ លោកមើលឃើញគឺវិស័យទេសចរណ៍ ជាសក្ដានុពលធំជាងគេរបស់ស្រុកបន្ទាយស្រី ហើយស្រុកបន្ទាយស្រីមានចំណុចពិសេសច្រើនពាកព័ន្ធដោយក្នុងនោះមានប្រាសាទដ៏ល្អវិសេស និងតំបន់ទេសចរណ៍បែបវប្បធម៌សម្បូរបែប រួមទាំងតំបន់ទេសចរណ៍បែបសហគមន៍ជាច្រើនទៀត ដែលកំពុងស្រូបទាក់ទាញភ្ញៀវទេសចរទៅទស្សនា។

គួរបញ្ជាក់ថា លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងតំណែងជាអភិបាលរងខេត្តសៀមរាប តាមរយៈអនុក្រឹត្យតែងតែមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០ សីហា ២០២២។
លោក ឃឹម ហ្វីណង់ ជាកូនប្រុស លោក ឃឹម ប៊ុនសុង បានទទួលការតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៩។ បន្ទាប់ពីក្លាយជាអភិបាលស្រុកដែលស្ថិតក្នុងភាពជាយុវជននោះ លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋក្នុងមូលដ្ឋានដោយសារតែប្រជាប្រិយភាពរបស់លោកក្នុងការបម្រើពលរដ្ឋ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ