ព័ត៌មានជាតិ
ទេសចរជាង ១ ម៉ឺននាក់ បានទៅលេងកម្សាន្ដនៅខេត្តកោះកុង អំឡុងពេលភ្ជុំបិណ្ឌ ៣ថ្ងៃ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១ម៉ឺននាក់ បាននាំគ្នាទៅលេងកម្សាន្តតាមតំបន់រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្តកោះកុង។ ចំនួនអ្នកទេសចរនៅពេលនេះ ត្រូវបានមន្រ្តីជំនាញអះអាងថា កើនឡើងជិត ១,០០០នាក់។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានវាយតម្លៃតាមស្ថិតិដែលផ្តល់ដោយគ្រប់តំបន់ទេសចរណ៍ទូទាំងខេត្តថា ពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ខេត្តទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១២,២៤០នាក់។ ក្នុងនោះ មានទេសចរបរទេសចំនួន ១៩៥នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ទៀតថា ស្ថិតិចំនួនអ្នកទេសចរឆ្នាំ ២០២២ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌបានកើន ៩៩២នាក់ ស្មើនឹង ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ គ្រាកាលនោះ កម្ពុជាទើបតែងើបពីវិបត្តិជំងឺកូវីដ-១៩។ មូលហេតុធ្វើឲ្យមានចំនួនភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្ត ព្រោះតែភ្ញៀវអ្នកទេសចរប្តូរពីការធ្វើទេសចរណ៍បែបទំនើបមកទេសចរណ៍បែបអេកូទេសចរវិញ រួមមាន៖ ការបោះតង់ កម្សាន្តតាមឆ្នេរ ទឹកធ្លាក់ ដើរព្រៃភ្នំ និងបូករួមស្ថានភាពអាកាសធាតុ មានអំណោយផលល្អ ផងដែរ។
ដោយឡែកតម្លៃកន្លែងស្នាក់នៅ និងម្ហូបអាហារហូបចុកវិញ រដ្ឋបាលខេត្តកោះកុង និងមន្ទីរទេសចរណ៍ធ្លាប់ចេញលិខិតជូនដំណឹងដល់គ្រប់សេវាករ និងប្រតិបត្តិករទេសចរណ៍ ត្រូវអនុវត្តការរក្សាតម្លៃឲ្យបានល្អត្រឹមត្រូវ ចៀសវាងតម្លើងថ្លៃហួសហេតុ ដែលធ្វើឲ្យបាត់បង់ចំនួនអ្នកទេសចរ និងចំណូលរបស់ខ្លួន ដោយសារតែការផ្តល់សេវាទេសចរណ៍។
អ្នកស្រី ទិត្យ រចនា អ្នកលក់សំបុត្រនៅតំបន់ទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ទទួលស្គាល់ថា រដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានទេសចរណ៍ខ្ទង់ពាន់នាក់ ភាគច្រើនជាទេសចរក្នុងស្រុកពុំសូវមានអ្នកទេសចរមកពីរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទេបានចូលមកលេងកម្សាន្ត នៅរមណីយដ្ឋានរបស់ខ្លួន បើធៀបនឹងឆ្នាំ ២០២១។
អ្នកស្រី ទិត្យ រចនា អះអាងថា តម្លៃសំបុត្រចូលទស្សនារក្សានៅដដែល ជនជាតិខ្មែ រ៣០០០រៀល និងបរទេសម្នាក់ ៥០០០រៀល។ រីឯសេវាដឹកជញ្ចូនតាមទូក ក៏មិនតម្លើងថ្លៃអ្វីដែល តាមជិត និងឆ្ងាយ។ អ្នកស្រី រចនា ក៏សូមអរគុណដល់អ្នកទេសចរ ដែលតែងតែគាំទ្រមកទស្សនានៅក្នុងសហគមន៍ពាមក្រសោបគ្រប់រដូវកាល។
ចំណែកអ្នកទេសចរមកពីរាជធានីភ្នំពេញ និងខេត្តផ្សេងដែលមកលេងនៅតំបន់ព្រៃកោងកាងពាមក្រសោប យល់ថា មូលហេតុអ្នកទេសចរក្រៅស្រុក ពុំបានសូវមកលេងដោយសារតែបញ្ហាផ្លូវជាតិលេខ ៤៨រងការខូចខាតខ្លាំង ទើបអាចធ្វើឲ្យអ្នកទេសចរបង្វែរទិសទៅលេងកម្សាន្ត តំបន់ទេសចរណ៍ខេត្តដ៏ទៃទៀតជំនួសវិញ។
លោក វាសនា និងអ្នកស្រី និមល ជាអ្នកទេសចរមកពីរាជធានីភ្នំពេញ ថ្លែងថា កាលដែលពួកគាត់មកលេងខេត្តកោះកុង ដោយសារចង់ស្គាល់ពីតំបន់ទេសចរណ៍នៅទីនេះ ក្រោយដឹងថា មានកន្លែងកម្សាន្តច្រើន។ ទោះបីជាផ្លូវជាតិលេខ ៤៨ ពិបាកធ្វើដំណើរបន្តិចក្តី ក៏ឆ្លៀតមកលេងនៅតំបន់ព្រៃកោងកាងពាមក្រសោបផងដែរ។
អ្នកទេសចរក្នុងស្រុកទាំងពីររូប បន្ថែមថា ចំពោះតម្លៃចំណីអាហារ និងផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅវិញ គឺអាចទទួលយកបាន តែអាស្រ័យលើការជជែកថ្លៃគ្នា ជាមួយសេវាករផ្នែកទេសចរនីមួយៗ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព