ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ ពីអ្នកបកប្រែភាសាបារាំង ក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស
លោក អ៊ុច បូររិទ្ធ បច្ចុប្បន្នកំពុងកាន់មុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ មុនក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោកធ្លាប់កាន់តួនាទី និងការងារជាច្រើនលើកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលអាចចាត់ទុកបានថា ជាអ្នកការទូតចាស់វស្សារបស់កម្ពុជាមួយរូប។ តើអ្នកការទូតចាស់វស្សារូបនេះ ធ្លាប់កាន់ការងារ និងតួនាទីអ្វីខ្លះ លើវិស័យការទូត? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកនូវប្រវត្តិការងាររបស់លោក ដូចខាងក្រោម ៖
![](https://www.kampucheathmey.com/wp-content/uploads/2022/09/borith-1-edited.jpg)
លោក អ៊ុច បូររិទ្ធ ជាអតីតនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ រាជធានីភ្នំពេញ នៅចន្លោះឆ្នាំ១៩៧១-១៩៧៥ និងបានបញ្ចប់សញ្ញាបត្រក្រោយឧត្តមសិក្សានៅវិទ្យាស្ថានសង្គមវិទ្យា ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៩៨១។ ចំពោះភាសាបរទេស លោក អ៊ុច បូររិទ្ធ ចេះអង់គ្លេស និងបារាំង។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោក អ៊ុច បូររិទ្ធ បានចូលបម្រើការងារជាអ្នកបកប្រែភាសាបារាំង នៅក្រសួងការបរទេសកម្ពុជា និងកាន់តួនាទីជាប្រធាននាយកដ្ឋានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិ បាល នៅចន្លោះឆ្នាំ១៩៨០-១៩៨៣។ នៅឆ្នាំ១៩៨៣ លោក ត្រូវបានចាត់តាំងជាទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី ទទួលបន្ទុកកិច្ចការនយោបាយ។ ក្រោយចប់បេសកកម្មការងារនៅរុស្ស៊ី ឆ្នាំ១៩៨៧ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងប៉ាស៊ីហ្វីក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/៤-48-edited.jpg)
កិច្ចការបន្ទាប់របស់លោក អ៊ុច បូររិទ្ធ គឺជាមន្ត្រីការទូតតំណាងកម្ពុជានៅបរទេស រួមមាន នៅឆ្នាំ១៩៩០-១៩៩២ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម នៅឆ្នាំ១៩៩២-១៩៩៣ ជាឯកអគ្គរាជទូត និងជាភារធារីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣-១៩៩៧ ជាឯកអគ្គរាជទូត និងជាអនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៨-២០០៤ ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/305638377_441681477988139_7160366599478811860_n-edited.jpg)
ក្រោយបញ្ចប់អាណត្តិការងារនៅក្រៅប្រទេសប្រមាណជាង ១៤ឆ្នាំ លោក អ៊ុច បូររិទ្ធ បានវិលចូលប្រទេសវិញ ហើយត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។ នៅក្នុងមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេសនេះដែរ លោក អ៊ុច បូររិទ្ធ ទទួលបន្ទុកការងារសំខាន់ៗមួយចំនួន ដូចជា អនុប្រធានក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញវិនិយោគអាទិភាពរួមរវាងកម្ពុជា-រុស្ស៊ី ជាសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាអនុប្រធានគណៈកម្មការបំផ្លាញសារធាតុអាវុធគីមី កាកសំណល់សង្រ្គាម ជាអនុប្រធានគណៈកម្មការទទួលបន្ទុកសហប្រតិបតិ្តការអន្តរជាតិនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិកក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ជាដើម។
ដោយផ្អែកលើបទពិសោធការងារប្រកបដោយសមត្ថភាព និងការខិតខំប្រឹងប្រែងបំពេញកិច្ចការងារមិនខ្លាចនឿយហត់សម្រាប់ជាតិមាតុភូមិ លោក អ៊ុច បូររិទ្ធ ត្រូវបានតែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទន្ទឹមគ្នានេះ ស្ថិតក្នុងបរិបទកូវីដ១៩ លោកក៏ត្រូវបានចាត់តាំងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជាសមាជិកគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/09/289002103_394959212660366_8750950054249243097_n-edited.jpg)
ដោយ ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត