Connect with us

ព័ត៌មានជាតិ

ជិត​ឆ្លង​ដល់​២០២១ ! អ្នកលេង​គុន​ខ្មែរ ៣ រូប​បង្ហាញ​ការចាប់អារម្មណ៍​នៅ​សង្វៀន ONE ក្នុង​វិបត្តិ​កូវីដ-១៩

បានផុស

នៅ

នៅ​ឆ្នាំ​២០២១ នឹង​រឹតតែ​ប្រសើរ​ឡើង​សម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដែល​បង្ហាញខ្លួន​នៅ​សង្វៀន ONE Championship ។ ពោល​ពួកគេ​អាច​នឹង​ឡើង​សង្វៀន​មួយ​នេះ​ញឹកញាប់​សម្រាប់​អ្នក​ជាប់កិច្ចសន្យា និង​បានឃើញ​អ្នកថ្មីៗ​មួយចំនួនទៀត​ផងដែ​រ​។ រឿងរ៉ាវ​ឆ្នាំ​២០២០ ត្រូវ​បាន​រំលេច​ឡើងវិញ​សម្រាប់​អ្នកមាន​វត្ត​មាននៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​រួមមាន ចាន់ រតនា​, នៅ ស្រី​ពៅ និង ខុន​ស៊ី​ចាន់​។

​ចាន់ រតនា ដ្បិត​អ្នកលេង​គុន​ចម្រុះ​លេខ​១​នៅ​កម្ពុជា ចាន់ រតនា ចាញ់ Xie Wei ក្នុង​ទឹក​ទី​៣ នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE ឯ​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី កាល​ថ្ងៃទី ១៨ ខែ ធ្នូ កន្លង ប៉ុន្តែ រតនា នៅតែ​ទទួលបាន​ការលើកទឹកចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​រួមទាំង​ទទួល​ប្រាក់ឧបត្ថម្ភ​ដោយ​អន្លើៗ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុន​រង​បរាជ័យ​ដោយ​ថ្វីដៃ​កីឡាករ​ចិន រតនា បាន​សាង​កេរ្តិ៍ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​ដោយ​ទទួល​ជ័យជម្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ​មួយ​នោះ និង​បាន​ផ្ដល់​មេរៀន​ជូរចត់​ដល់​គូប្រជែង​តាមរយៈ​ស្នៀតគុន​ខ្មែរ​។ គេ​ជា​អ្នកលេង​គុន​ចម្រុះ​ខ្មែរ​ដំបូង​គេ​ដែល​ឈ្នះ ៣ លើក​ជាប់​គ្នា​មិន​ធ្លាប់មាន មុន​ក្រុមហ៊ុន​សែ​ល​កាត​ប្រកាស​ចុះកិច្ចសន្យា​ព្រមព្រៀង​លើ​មុខតំណែង​ជា​ទូត​សុច្ឆន្ទៈ​។ លទ្ធផល​ឈ្នះ ៣ លើក​ជាប់​គ្នា​នោះ​មានដូចជា​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Abrou Fernandes នៅ​ទឹក​ទី​២, ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian នៅ​ទឹក​ទី​២ និង ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Gustavo Balart មុន​រង​បរាជ័យ​កាល​ខែធ្នូ​។ យ៉ាងណាក្ដី បុរស​វ័យ ៣៤ ឆ្នាំ​រូបនេះ​នៅតែ​ដើរតួ​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ​ទៅលើ​ឆាក​អន្តរជាតិ និង​ទន្ទឹងរង់ចាំ​ការបង្ហាញ​ខ្លួន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​នៅ​ឆ្នាំ​២០២១​។ គេ​តាំងចិត្ត​ថា​នឹង​ខំប្រឹង​ទ្វេដង​ដើម្បី​ឆ្លើយតប​នឹង​ការគាំទ្រ​នៅ​ឆ្នាំ​ខាងមុខ និង​ដណ្ដើម​ជ័យជម្នះ​មកវិញ​ឲ្យ​ខាងតែបាន​។

​នៅ ស្រី​ពៅ មិន​ខុសពី ចាន់ រតនា ប៉ុន្មាន ដែល​លទ្ធផល​មិន​សមប្រកប​នៅ​ឆ្នាំ​២០២០ របស់ នៅ ស្រី​ពៅ ប៉ុន្តែ​កីឡាការិនី​រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន និង​លើកទឹកចិត្ត​ឲ្យ​បន្ត​ប្រឹងប្រែង​ថែមទៀត​នៅ​ឆ្នាំ​ថ្មី​។ បែប​ណា​ក្ដី គេ​ជា​អ្នក​ដំបូង​គេ​ដែល​អាច​ឆក់​យក​ការ​ឡើង​រេញ​លំដាប់​ពិភពលោក​ឡើងវិញ​នៅក្នុង​វិបត្តិ​កូ​វីដ​-១៩ ធ្ងន់ បន្ទាប់ពី​សង្វៀន​ដំណើរការ​វិញ​។ បើ​សរុប​ការបង្ហាញ​ខ្លួន​នៅ​សង្វៀន ONE កន្លងមក ស្រី​ពៅ ឈ្នះ​ពិន្ទុ​ម្ដង​និង​ចាញ់​២​ដង (​ចាញ់​ពិន្ទុ​១​ដង​) ក្នុងការ​បង្ហាញខ្លួន​ស​រុ​ប​តាំងពី​ឆ្នាំ​២០១៩ មក​។ រឿង​ដែល​រូបគេ​ចងចាំ​បំផុត​គឺ សន្លប់​ក្រោម​កណ្ដាប់ដៃ​អ្នកជំនាញ​ចំបាប់​លំដាប់​ពិភពលោក​សញ្ជាតិ​ឥណ្ឌា Ritu Phogat នៅ​ទឹក​ទី​២ ក្នុង​ការ​ប្រកួត​ចុងក្រោយ​។ នេះ​ជា​លើកដំបូង​របស់ ស្រី​ពៅ ដែល​សន្លប់​នៅ​សង្វៀន ONE ដោយហេតុថា​ការត្រៀមខ្លួន​ក្នុង​រដូវ​កូ​វីដ​-១៩ មិនសូវ​បានល្អ​ប៉ុន្មាន​។

​គោលដៅ​បន្ទាប់​របស់ ស្រី​ពៅ នៅ​ឆ្នាំ ២០២១ គឺ​ផ្ដោត​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម​ជា​អាទិភាព​។ ប៉ុន្តែ បើសិន​ឆ្លៀតឱកាស​ឡើង​សង្វៀន​ធំ​មួយ​នេះ​បាន​ក៏​រឹតតែ​ប្រសើរ​ដែរ​ដើម្បី​ស្ដារ​មុខមាត់​ឡើងវិញ​នៅ​ឆ្នាំ​ថ្មី​។

ខុន ស៊ី​ចាន់ ដែល​បច្ចុប្បន្ន​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់​អប់រំ​កាយ​និង​កីឡា​ស្រុក​អន្លង់វែង និង​ជា​កូនសិស្ស​គុន​ចម្រុះ​របស់ Phmom Penh MMA ជា​កីឡាករ​តែ​ម្នាក់​បង្ហាញខ្លួន​មុន​កូ​វីដ​-១៩​ផ្ទុះឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២០​។ ស៊ី​ចាន់ ចាញ់​ត្រឹម​ទឹក​ទី​១​ក្នុងការ​ប្រកួត​រយៈពេល​ជិត​៤​នាទី​ដោយ​ថ្វីដៃ​អ្នកជំនាញ​ចំបាប់​ឥណ្ឌូណេស៊ី Eko Roni Saputra កាល​ថ្ងៃទី ៧ ខែ កុម្ភៈ នៅ​ព្រឹត្តិការណ៍ ONE:WARRIOR’S CODE​។ តាំងពី​នោះមក ស៊ី​ចាន់ មិនត្រូវ​បាន​ចាប់​គូ​ឲ្យ​ឡើង​ប្រកួត​ទៀត​ទេ​ដោយសារ​កូ​វីដ​-១៩ ទោះ​ជាប់កិច្ចសន្យា​នៅ​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី​មួយ​នេះ​ក៏ដោយ​។ បែប​ណា​ក្ដី ខុន ស៊ី​ចាន់ បាន​តាំងស្មារតី​ឡើងវិញ​នៅ​ឆ្នាំ​២០២១ និង​បន្ថែម​ការប្រកួត​ក្នុងស្រុក​ដើម្បី​បង្កើន​សមត្ថភាព និង​ត្រៀមខ្លួន​ទៅ​ប្រកួត​នៅ ONE ក្នុង​កាលៈទេសៈ​សមស្រប​មួយ​។ បុរស​វ័យ ៣៣ ឆ្នាំ​រូបនេះ​ឡើង​ប្រកួត​នៅ​សង្វៀន​គុន​ចម្រុះ​ចំនួន​១០​លើក ក្នុង​នោះ​ឈ្នះ ៣ លើក និង​ចាញ់ ៧​លើក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម