ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍សំខាន់ៗដែលវីរុសកូរ៉ូណាធ្វើឲ្យពិភពលោកភ័យខ្លាចក្នុងឆ្នាំ ២០២០
នេះគឺជារឿងរ៉ាវនៃវីរុសកូរ៉ូណាដែលយើងមិនបានដឹងជិតមួយឆ្នាំកន្លងមកនេះ ហើយវាបានផ្លាស់ប្តូររបៀបរស់នៅរបស់យើង ។ ជំងឺកូវីដ ១៩ បានជះឥទ្ធិពលដល់ជីវិតមនុស្សរាប់ពាន់លាននាក់នៅគ្រប់ទីកន្លែង ហើយវាបានចាប់ផ្តើមនៅប្រទេសចិនក្នុងទីក្រុងអ៊ូហាន ។
កម្ពុជាថ្មី សូមនាំលោកអ្នកមកមើលអំពីរបៀបដែលវិបត្តិនេះបានកើតឡើង និងរបៀបដែលវារាលដាលពាសពេញពិភពលោក ។
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ការិយាល័យរបស់ចិនរកឃើញរោគរលាកសួត
ជំងឺដ៏អាថ៌កំបាំងនេះត្រូវបានគេរាយការណ៍នៅភាគកណ្តាលប្រទេសចិននៅចុងឆ្នាំ ២០១៩ ។ អ្នកជំងឺសរុបចំនួន ៤៤ នាក់មានជំងឺរលាកសួតដោយមិនដឹងមូលហេតុត្រូវបានគេរាយការណ៍ទៅអង្គការសុខភាពពិភពលោក ។
នៅមន្ទីរពេទ្យក្នុងទីក្រុង អ៊ូហាន ពួកគេបានបដិសេធអ្នកជំងឺទាំងអស់លើកលែងតែអ្នកដែលសង្ស័យថាមានផ្ទុកវីរុសនេះ ខណៈពួកគេកំពុងដោះស្រាយជាមួយនឹងការផ្ទុះវីរុសដំបូង ។
ទីផ្សារម្ហូបអាហារត្រូវបានគេចាត់ទុកថាជាប្រភពនៃការផ្ទុះឡើងនេះ ខណៈសត្វព្រៃខុសច្បាប់កំពុងលក់នៅទីនោះ ។
ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ចិនបានរាយការណ៍អំពីករណីស្លាប់របស់ខ្លួនលើកដំបូង
បុរសអាយុ ៦១ ឆ្នាំម្នាក់បានក្លាយជាមនុស្សដំបូងគេដែលបានស្លាប់នៅក្នុងប្រទេសចិនដោយសារជំងឺផ្លូវដង្ហើមដែលត្រូវបានគេជឿថាបណ្តាលមកពីវីរុសថ្មីពីក្រុមតែមួយជាមួយជំងឺសា (SARS) ។ បុរសនោះជាអ្នកទិញជាប្រចាំនៅផ្សារអាហារសមុទ្រ ។
ប៉ុន្តែវាមិនមែនកើតឡើងតែក្នុងទីក្រុង អ៊ូហាន និងក្នុងប្រទេសចិនប៉ុណ្ណោះទេ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃករណីនៃវីរុសនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសដទៃទៀត ។
ថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ប្រទេសថៃ ជប៉ុន កូរ៉េខាងត្បួង និងសហរដ្ឋអាមេរិក បញ្ជាក់ករណីឆ្លង
ស្ត្រីជនជាតិចិនម្នាក់ត្រូវបានធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃដែលជាការរកឃើញវីរុសដំបូងនៅខាងក្រៅប្រទេសចិន ខណៈអ្នកជំងឺនោះមកពីទីក្រុង អ៊ូហាន ដែលមានការផ្ទុះឡើងនៃវីរុស ។
នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង អ្នកធ្វើដំណើរតម្រូវឲ្យពាក់ម៉ាស់ដើម្បីទៅធ្វើការដើម្បីបញ្ចៀសការពាក់ព័ន្ធជាមួយហ្វូងមនុស្ស នៅពេលដែលករណីនាំចូលដំបូងត្រូវបានគេរាយការណ៍ ។
ចំណែកករណីដំបូងគេដែលត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិកគឺជាបុរសម្នាក់អាយុ ៣០ ឆ្នាំជាមួយរោគសញ្ញានៃវីរុសនេះ បន្ទាប់ពីគាត់បានធ្វើដំណើរត្រឡប់មកពីប្រទេសចិន ។
ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ អ៊ូហានប្រកាសបិទទីក្រុង
នៅតាមដងផ្លូវនៃទីក្រុងអ៊ូហានមានវត្តមានមន្ត្រីជាន់ខ្ពស់ដើម្បីព្យាយាមទប់ស្កាត់វីរុស ។ ការធ្វើដំណើរចេញពីទីក្រុងត្រូវបានរឹតត្បិត មុនពេលការបិទទីក្រុងទាំងមូល ។
ទីក្រុងអ៊ូហានបានក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោកដែលត្រូវបានបិទ ។ ផ្លូវត្រូវបានបិទ រថភ្លើងត្រូវបានបញ្ឈប់ ហើយជើងហោះហើរត្រូវបានលុបចោល ។
ទីក្រុងមួយដែលមានប្រជាជនចំនួន ១១ លាននាក់ត្រូវបានដាក់នៅក្នុងការធ្វើចត្តាឡីស័ក ខណៈមនុស្សមួយចំនួនប្រញាប់ប្រញាល់ចាកចេញពីទីក្រុង ។
ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ WHO ប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ
ក្នុងចំណោមករណីថ្មីរាប់ពាន់ករណីនៅក្នុងប្រទេសចិន ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈចំពោះការព្រួយបារម្ភជាអន្តរជាតិត្រូវបានប្រកាសជាផ្លូវការដោយ WHO ។
ការជម្លៀសប្រជាជនបរទេសរាប់រយនាក់ដោយស្ម័គ្រចិត្តចេញពីក្រុងអ៊ូហានត្រូវបានបង្កើនល្បឿនដោយប្រទេសផ្សេងៗគ្នា ។
ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ ករណីឆ្លងរាប់រយករណីលើនាវាទេសចរណ៍ Diamond Princess
នាវាទេសចរណ៍ Diamond Princess ត្រូវបានបង្ខំចិត្តចូលចតនៅទីក្រុង Yokohama ប្រទេសជប៉ុន ហើយស្នាក់នៅទីនោះ បន្ទាប់ពីបុរសម្នាក់ដែលចុះពីលើនាវានៅហុងកុងត្រូវបានគេរកឃើញថាមានផ្ទុកវីរុសនេះ ។
មនុស្សជាង ៦០០ នាក់នៅលើនាវានោះក៏បានធ្វើតេស្តវិជ្ជមានផងដែរ ។ វាជាករណីដ៏ធំមួយក្នុងចំណោមករណីជាច្រើននៅក្រៅប្រទេសចិន ។
ការធ្វើដំណើរតាមផ្លូវអាកាសជាសកលត្រូវបានដាក់កម្រិត ។ ទោះយ៉ាងណាភ្ញៀវទេសចរចិនដីគោកនឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពនៅពេលពួកគេត្រឡប់មកវិញ ហើយជនជាតិបរទេសត្រូវបានបដិសេធមិនឲ្យចូលមកប្រទេសនេះផងដែរ ។
ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ អ៊ីតាលីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន
ប្រទេសអ៊ីតាលីបានរកឃើញករណី ២ ដំបូងរបស់ខ្លួន ខណៈអ្នកទាំងពីរគឺភ្ញៀវទេសចរចិន ។
នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែ ។ ហើយប្រទេសអ៊ីតាលីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលរារាំងការហោះហើរពីប្រទេសចិន ។
ក្រោយមកប្រទេសនេះមានចំនួនអ្នកឆ្លងខ្ពស់បំផុតទី ២ នៅខាងក្រៅប្រទេសចិន ។
ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ WHO ប្រកាសពីវីរុសកូរ៉ូណារាតត្បាតជាសកល
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការនូវការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ចំនួនករណីឆ្លងនៅក្រៅប្រទេសចិនបានកើនឡើង ១៣ ដងក្នុងរយៈពេលពីរសប្តាហ៍ ។
លោកបានអំពាវនាវឲ្យរដ្ឋាភិបាលផ្លាស់ប្តូរទិសដៅនៃការផ្ទុះឡើងនេះដោយចាត់វិធានការបន្ទាន់ និងខ្លាំងក្លា ។
ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ អឺរុបត្រូវបានប្រកាសជាចំណុចកណ្ដាលនៃការផ្ទុះថ្មីរបស់ពិភពលោក
ការឆ្លើយតបរបស់អឺរ៉ុបមានភាពស្ងប់ស្ងាត់ និងមានវិធានការណ៍ច្បាស់លាស់ ប៉ុន្តែគ្មាននរណាម្នាក់អាចព្យាករណ៍ពីការរឹតត្បិតដែលនឹងកើតឡើងនាពេលឆាប់ៗនេះទេ ។
រោគរាតត្បាតបានរីករាលដាលយ៉ាងឆាប់រហ័សដល់ប្រទេសដទៃទៀតដែលមានបារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស ។
មេដឹកនាំសហភាពអ៊ឺរ៉ុបបានយល់ព្រមបិទព្រំដែននៅខាងក្រៅអឺរ៉ុបដើម្បីការពារការរីករាលដាលនៃវីរុសនេះ ។
ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ អាមេរិកជាកន្លែងផ្ទុះវីរុសធំបំផុតលើពិភពលោក
សូម្បីតែប្រទេសដែលមានអំណាចបំផុតនៅលើពិភពលោកដែលមានប្រព័ន្ធថែទាំសុខភាពទំនើបបំផុតក៏មិនអាចគេចផុតពីការឆ្លងវីរុសកូរ៉ូណាដែរ ។
សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតពីរោគរាតត្បាតនេះដោយយ៉ាងហោចណាស់មានករណីឆ្លងចំនួន ៨១,៣២១ ករណីត្រូវបានបញ្ជាក់ និងជាង ១,០០០ នាក់ស្លាប់ ។
ករណីឆ្លងបន្ថែមត្រូវបានរាយការណ៍ច្រើនជាងនៅប្រទេសចិន អ៊ីតាលី ឬប្រទេសដទៃទៀតនៅពេលនោះ ។
ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ ករណីឆ្លងទូទាំងពិភពលោកឈានដល់ ១ លានករណី
វាចំណាយពេលត្រឹមតែ ៣ ខែប៉ុណ្ណោះដែលករណីឆ្លងឈានដល់ ១ លានករណីនៅក្នុង ១៧១ ប្រទេសនៅទូទាំងទ្វីបចំនួន ៦ ហើយបានសម្លាប់មនុស្សយ៉ាងតិច ៥១,០០០ នាក់ដោយសារវីរុសនេះ ។
នៅពេលដែលសេដ្ឋកិច្ចត្រូវបានប៉ះពាល់ដោយការបិទប្រទេសនៅជុំវិញពិភពលោកនោះភាពអត់ការងារធ្វើនៅលើពិភពលោកបានកើនឡើង ។ ប្រជាជនចំនួន ២០.៥ លាននាក់បានបាត់បង់ការងារនៅក្នុងខែមេសា ។ អ្នកវិភាគជាច្រើនជឿជាក់ថា វាអាចចំណាយពេលច្រើនឆ្នាំដើម្បីស្ដារឡើងវិញ ។
ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២០ ការស្លាប់នៅទូទាំងពិភពលោកកើនលើស ២០០,០០០ នាក់
នៅទូទាំងពិភពលោកវាជាព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់ ខណៈអ្នកឆ្លងវីរុសនេះត្រូវបានបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ហើយបង្ខំឲ្យសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នបន្ថែម ។
ស្ទើរតែពេញខែមេសា ការរាតត្បាតនៃវីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ២០០,០០០ នាក់ ហើយមានអ្នកជំងឺច្រើនជាង ២.៨ លាននាក់នៅទូទាំងពិភពលោក ខណៈដែលចំនួនពិតប្រាកដគឺអាចខ្ពស់ជាងនេះ ។
ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ បណ្តាប្រទេសជាច្រើនចាប់ផ្តើមកាត់បន្ថយការរឹតត្បិតការបិទប្រទេស
បន្ទាប់ពីរយៈពេលជាច្រើនខែនៃការបិទសាលារៀន ហាងទំនិញ មជ្ឈមណ្ឌលកម្សាន្ត និងព្រះវិហារ ហើយមនុស្សត្រូវបានប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះ ប្រទេសមួយចំនួនបានផ្លាស់ប្តូរជាបណ្តើរៗក្នុងការបន្ធូរបន្ថយការរឹតត្បិតការបិទប្រទេសរបស់ពួកគេ ។
ប្រទេសអេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ដាណឺម៉ាក អ៊ីស្រាអែល អាល្លឺម៉ង់ នូវែលហ្សេឡង់ និងថៃបានចាប់ផ្តើមវិលមករកជីវិតធម្មតាវិញ បើទោះបីជាមានការកើនឡើងនូវចំនួនអ្នកឆ្លងវីរុសនេះក៏ដោយ ដោយសារតែសម្ពាធកើនឡើងក្នុងការស្តារសេដ្ឋកិច្ច ។
ប៉ុន្តែការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ពួកគេបានបន្ថែមហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីទប់ស្កាត់ជំងឺនេះ ។
ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ ការតវ៉ាធំៗធ្វើឲ្យមានការព្រួយបារម្ភអំពីការឆ្លងថ្មី
ហ្វូងមនុស្សយ៉ាងច្រើននៅទូទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតកំពុងជ្រើសរើសយុត្តិធម៌សង្គមជាជាងការធ្វើគម្លាតសង្គម ។
មនុស្សរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលីសប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតស្បែកខ្មៅ បន្ទាប់ពីការស្លាប់របស់លោក George Floyd នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស Minneapolis បានជំរុញឲ្យមានការព្រួយបារម្ភថាការប្រមូលផ្តុំទាំងនេះអាចនាំឲ្យមានការផ្ទុះឡើងថ្មី ។
ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២០ អារ៉ាប៊ីសាអូឌីតបានដាក់កម្រិតយ៉ាងតឹងរឹងលើពិធីបុណ្យ Hajj នៅឆ្នាំនេះ
វិហារឥស្លាមដ៏ធំរបស់ទីក្រុម Mecca មានសភាពទទេស្អាត ។ អ្នកគោរពបូជា ២.៥ លាននាក់ធ្វើដំណើរមកទីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែជំងឺកូវីដ ១៩ បានធ្វើឲ្យផែនការរបស់មនុស្សគ្រប់គ្នាប្រែប្រួល ។
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតមិនអាចទទួលយកហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតនេះនោះទេ ពួកគេបានរារាំងប្រជាជនទាំងអស់ដែលធ្វើដំណើរមកពីបរទេសក្នុងការចូលរួមពិធីបុណ្យនេះ ។
ពិធីបុណ្យ Hajj គឺជាពិធីបុណ្យដ៏អស្ចារ្យបំផុតនៃការគោរពបូជាដ៏ធំនៅក្នុងភពផែនដី ។
ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ ប្រធានាធិបតីប្រេស៊ីលតេស្តវិជ្ជមានកូវីដ ១៩ ខណៈប្រជាជាតិមួយនេះក្លាយជាប្រទេសទី ២ ដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោក
ប្រទេសនៅតំបន់អាមេរិកឡាទីនក៏ទទួលរងករណីឆ្លងជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតផងដែរ ។ នៅប្រទេសប្រេស៊ីលសេវាសុខភាពរៀបចំមិនបានល្អ ហើយបានវ៉ាដាច់ប្រទេសរុស្ស៊ីក្នុងករណីឆ្លងខ្ពស់បំផុតទីពីរនៅទូទាំងពិភពលោក ។
មេដឹកនាំរបស់ប្រទេសនេះមិនបានគេចផុតពីវីរុសនេះនោះទេ ខណៈលោកប្រធានាធិបតី Jair Bolsonaro បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា គាត់បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីបាននិយាយមើលងាយម្តងហើយម្តងទៀតពីភាពធ្ងន់ធ្ងរនៃជំងឺនេះ ។
លោក Bolsonaro ក្លាយជាមេដឹកនាំពិភពលោកទី ២ បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសបានឆ្លងជំងឺនេះកាលពីខែមេសា ។
ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ ប្រទេសឥណ្ឌាមានករណីឆ្លងឡើងដល់មួយលានករណី
ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ឡើងដល់មួយលានករណី ។ ជាមួយនឹងករណីឆ្លងថ្មីជិត ៣៥,០០០ ករណីត្រូវបានកត់ត្រាក្នុងមួយថ្ងៃ ប្រទេសឥណ្ឌាគឺជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតទី ៣ នៅលើពិភពលោក ។
ប្រជាជននៅប្រទេសអាស៊ីខាងត្បូងមួយនេះមានប្រហែល ១.៣ ពាន់លាននាក់ ដូច្នេះអ្នកជំនាញបាននិយាយថា ករណីឆ្លងចំនួន ១ លាននាក់នៅទាបនៅឡើយ ប៉ុន្តែការឆ្លងកំពុងតែរីករាលដាលបន្ថែមទៀត ។
កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុសនេះត្រូវបានអាជ្ញាធរដាក់ការបិទប្រទេស ខណៈតំបន់ខ្លះបានប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ ។
ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ រុស្ស៊ីក្លាយជាប្រទេសដំបូងបង្អស់ក្នុងការអនុម័តវ៉ាក់សាំងកូវីដ ១៩
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និយាយថា ប្រទេសរុស្ស៊ីបានអនុម័តវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទោះបីមិនទាន់បានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ក៏ដោយ ។
វ៉ាក់សាំងនោះមានឈ្មោះថា SputnikV ។ វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តលើមនុស្សតែ ១៣៨ នាក់ប៉ុណ្ណោះដែលមួយក្នុងចំណោមនោះគឺជាកូនស្រីរបស់លោក ពូទីន តែម្ដង ។
វ៉ាក់សាំងនេះត្រូវបានគេដឹងថាផ្តល់ភាពស៊ាំប្រឆាំងនឹងជំងឺនេះរយៈពេលពីរឆ្នាំ ។ ប៉ុន្តែអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថា វាលឿនពេកដើម្បីធានាសុវត្ថិភាព ។
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ អ្នកស្លាប់ទូទាំងពិភពលោកកើនលើស ១ លាននាក់
នេះគឺជាអ្វីដែលជំងឺកូវីដ ១៩ បានធ្វើលើយើង ថង់ខ្ចប់សាកសពនៅពាសពេញដី និងវាលស្រែរបស់យើងជាមួយនឹងផ្នូរធំៗ ។ ការស្លាប់នេះបានរាលដាលពីទីក្រុង Sao Paolo ប្រទេសប្រេស៊ីលរហូតទៅព្រៃ Amazon និងរយៈពេលពីរបីខែមុនទៅដល់ទីក្រុងញូវយ៉ក ។
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងលើសពីមួយលាននាក់ ខណៈប្រទេសជាច្រើនមានការគ្រប់គ្រងមិនល្អ និងការធ្វើតេស្តតិចតួច ។
វីរុសនេះជាសង្គ្រាមលោកឆ្នាំ ២០២០ ប៉ុន្តែមិនដូចនៅសមរភូមិនោះទេ ជនរងគ្រោះភាគច្រើនបានស្លាប់តែម្នាក់ឯង ។
ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តេស្តវិជ្ជមានជំងឺកូវីដ ១៩
ជាថ្មីម្តងទៀតពិភពលោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មានអំពីប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក ត្រាំ បានប្រកាសថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។
បន្ទាប់ពីនិយាយមើលងាយពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងនេះអស់រយៈពេលជាច្រើនខែក្រោយមកលោក ត្រាំ គឺជាមេដឹកនាំចុងក្រោយនៃពិភពលោកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះរួមជាមួយស្ត្រីទីមួយលោកស្រី Melania Trump ។
ការធ្វើរោគវិនិច្ឆ័យរបស់គាត់មិនដល់មួយខែនោះទេមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ហើយបានធ្វើឲ្យមានភាពមិនប្រាកដប្រជាបន្ថែមទៀតនៅសប្តាហ៍ចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតចំពេលមានរោគរាតត្បាត ។
ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ប្រកាសពីប្រសិទ្ធភាព ៩០ ភាគរយ
វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនដៃគូ BioNtech របស់អាល្លឺម៉ង់បានបង្ហាញពីអត្រាប្រសិទ្ធភាព ៩០ ភាគរយនៅក្នុងការសាកល្បងរបស់អ្នកចូលរួមជាង ៤៣,០០០ នាក់ ។
ក្រុមហ៊ុននេះក៏បាននិយាយដែរថាមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរនោះទេ ហើយលទ្ធផលនោះត្រូវបានវិភាគដោយគណៈកម្មាធិការឯករាជ្យ ។
នេះជាកាលបរិច្ឆេទជោគជ័យដំបូងពីការសាកល្បងព្យាបាលទ្រង់ទ្រាយធំ ហើយការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅចុងខែធ្នូ ។
ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុនឱសថអាមេរិក Moderna និយាយថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព ៩៤ ភាគរយ
វាជាដំណឹងល្អបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩៤ ភាគរយ ។
នេះគឺជាវ៉ាក់សាំងទី ២ នៅសហរដ្ឋអាមេរិកដែលមានអត្រាជោគជ័យខ្ពស់គួរឲ្យកត់សម្គាល់ ។ មនុស្សចំនួន ១៥,០០០ នាក់បានទទួលការចាក់វ៉ាក់សាំង ហើយក្នុងការចាក់នោះក៏បានធ្វើឡើងលើមនុស្ស ១១ នាក់ដែលឆ្លងវីរុសនេះផងដែរ និងគ្មាននរណាម្នាក់មានជំងឺធ្ងន់ធ្ងរនោះទេក្រោយការចាក់វ៉ាក់សាំងនេះ ខណៈវាអាចត្រូវបានដាក់ឲ្យប្រើប្រាក់មុនដំណាច់ឆ្នាំនេះ ។
ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ អង់គ្លេសចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងជាប្រវត្តិសាស្ត្រ
នេះគឺជាពេលដែលពិភពលោកទាំងមូលកំពុងរង់ចាំ ។ ចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-Biontech ។
លោកយាយអាយុ ៩០ ឆ្នាំបានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលបានទទួលការចាក់វ៉ាក់សាំងដែលមិនមែនជាការសាកល្បងព្យាបាល ។
វាជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប និងផ្តល់នូវក្តីសង្ឃឹមសម្រាប់ប្រជាជននាពេលអនាគត ។
សរុបមកក្នុងរយៈពេលមួយឆ្នាំ វីរុសនេះបានរាលដាលកាន់តែខ្លាំងឡើង ។ យើងបានឃើញពីរបៀបដែលរដ្ឋាភិបាលនៅជុំវិញពិភពលោកមានប្រតិកម្មចំពោះវា ។
ឥឡូវនេះយើងកំពុងមើលឃើញពីរបៀបដែលមនុស្សត្រូវបានបង្ខំឲ្យផ្លាស់ប្តូរគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ ។ នេះគឺជាស្ថានភាពដែលមានការវិវត្តយ៉ាងឆាប់រហ័ស ហើយគ្មាននរណាម្នាក់ដឹងថាតើនឹងមានអ្វីកើតឡើងបន្ទាប់នោះទេ ។
ប៉ុន្តែមានរឿងមួយច្បាស់ថាជំងឺកូវីដ ១៩ បានផ្លាស់ប្តូរឆ្នាំ ២០២០ ហួសពីការរំពឹងទុកសម្រាប់មនុស្សគ្រប់គ្នា និងនៅគ្រប់ទីកន្លែង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន