Connect with us

ព័ត៌មានជាតិ

ក្រោយលាចាកសិក្ខាបទ អតីតព្រះសង្ឃល្បីឈ្មោះ ៣រូបកំពុងកាន់តំណែងជាន់ខ្ពស់

បានផុស

នៅ

ព្រះសង្ឃ ជាសាវៈរបស់ព្រះពុទ្ធសាសនា ដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយធម៌ អប់រំចិត្ត និងគំនិតរបស់ប្រជាជនឲ្យប្រកាន់ភ្ជាប់អំពើល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តា និងមានសេចក្ដីទៀងត្រង់។ ប៉ុន្តែយ៉ាងណាក្ដី ដោយហេតុអស់ឧប និស្ស័យនឹងភេទជាអ្នកបួសនេះ ក៏មានព្រះសង្ឃមួយចំនួន បានលាចាកសិក្ខាបទវិញផងដែរ ហើយបានទៅប្រកបវិជ្ជាជីវៈផ្សេងៗតាមសមត្ថភាព លទ្ធផល និងចំណេះដែលខ្លួនមានជាជីវភាពប្រចាំថ្ងៃ។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកបង្ហាញឥស្សរជនចំនួន ៣រូប ដែលជាអតីតព្រះសង្ឃ ហើយបច្ចុប្បន្នកំពុងកាន់មុខតំណែងជាន់ខ្ពស់នៅក្រសួងស្ថាប័នរដ្ឋ ដែលមានងារជា«ឯកឧត្តម»៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោក ប៉ែន វិបុល

លោក ប៉ែន វិបុល មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ លោក កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ១៩៨៥ នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ មុនការតែងតាំងជាអនុរដ្ឋលេខាធិការ លោក ប៉ែន វិបុល ជាព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកបានចូលសាងផ្នួសជាសាមណេរ តាំងពីឆ្នាំ១៩៩៩ នៅវត្តមេលប់ ទីឋានកំណើត ហើយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៦ បានបំពេញឧបសម្បទាជាភិក្ខុនៅពុទ្ធមណ្ឌលកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ លុះនៅឆ្នាំ២០១៧ លោក ប៉ែន វិបុល បានលាចាកសិក្ខាបទ និងបានទទួលការតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដល់បច្ចុប្បន្ននេះ។ សម្រាប់កម្រិតវប្បធម៌ គឺលោកបានចូលសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឯកទេសបាលី-សំស្រ្តឹត ឆ្នាំ២០០៩។ ឆ្នាំ២០១៣ បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសរដ្ឋបាលសាធារណៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយជាប់ជាបេក្ខជនបណ្ឌិត ស្តីពីរដ្ឋបាលសង្ឃពុទ្ធសាសនាកម្ពុជា នៅសាកលវិទ្យាល័យខេមរៈ ឆ្នាំ២០១៦។

២/ លោក ហឿន សំនៀង

ក្រោយការបង្កើត និងសម្ពោធជាផ្លូវការនូវវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ហឿន សំនៀង ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយកវិទ្យាស្ថានតេជោសែនសាធារណការ និង ដឹកជញ្ជូន។ មុនទទួលបានការតែងតែងជានាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លោក ធ្វើជាអគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងខុទ្ទកាល័យលោក ស៊ុន ចាន់ថុល។ មុនចូលបម្រើការរដ្ឋ លោក ហឿន សំនៀង ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និង ក្តីសង្ឃឹម។ កាលនោះ លោក ជាអតីតព្រះសង្ឃមួយអង្គ ដែលធ្លាប់បួសរៀននៅក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយៈ ពេល ១៩ព្រះវស្សា នៅវត្ដដំណាក់ ខេត្តសៀមរាប។ កាលនៅជាភិក្ខុ លោក ហឿន សំនៀង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ សហរដ្ឋអាមេរិក និងបរិញ្ញាបត្រ ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោក ចេះភាសាបរទេសចំនួនបី គឺអង់គ្លេស ថៃ និងឡាវ។

៣/ លោក ឆាត សុឆេត

លោក ឆាត សុឆេត គឺជាអ្នកស្រុកពាមជរ ខេត្តព្រៃវែង ដែលធ្លាប់បានបួសជាព្រះសង្ឃ តាំងពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ ២០១៧ ទើបលាចាកសិក្ខាបទ។ បច្ចុបប្បន្ននេះ លោក ឆាត សុឆេត  ត្រូវបានតែងតាំងជាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឋានៈស្មើអនុរដ្ឋលេខាធិការ។ ក្រៅពីនេះ លោក ក៏ជាម្ចាស់បណ្ណាគារ ឆាត សុឆេត និងជាសាស្ត្រា ចារ្យនៅវិទ្យាស្ថាន និងសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញផងដែរ។ កាលនៅបួសជាព្រះសង្ឃ លោក ឆាត សុឆេត បានសិក្សារៀនសូត្រ ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតសញ្ញាបត្របណ្ឌិត៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម