ព័ត៌មានជាតិ
អ្នកនាំពាក្យនគរបាល អំពាវនាវឲ្យជនរងគ្រោះ សហការជាមួយសមត្ថកិច្ច ក្នុងករណីទទួលរងអំពើហិង្សា
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាបុគ្គល ណាមួយដែលអះអាងថា ទទួលរងអំពើហិង្សាសហការជាមួយសមត្ថកិច្ច ហើយកុំយកករណីឯកជន ឬអំពើហិង្សាផ្សេងៗ ដើម្បីផ្សព្វផ្សាយកេងចំណេញនយោបាយ ដែលនាំឲ្យមានការយល់ច្រឡំ។
អ្នកនាំពាក្យលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ ពិនិត្យឃើញថា មានបណ្តាញសារព័ត៌មានមួយចំនួន ពិសេសវិទ្យុបរទេសផ្សាយ ជាភាសាខ្មែរ បានព្យាយាមធ្វើការផ្សព្វផ្សាយនូវបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយនូវព័ត៌មានផ្តល់ដោយបុគ្គល ដែលតាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ បានធ្វើការប្រកាស ក្លែងៗ អំពីការព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាមកំហែងនយោបាយនៅកម្ពុជា ព្រមទាំងបង្ហាញអំពី ការមិនជឿទុកចិត្តចំពោះច្បាប់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាលក្នុងការចាត់វិធានការច្បាប់ និងវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍គាំទ្រ ដល់ពួកគេទៀតផង។
អ្នកនាំពាក្យនគរបាលបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនោះបានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាង និងហេតុផលច្បាស់លាស់ ផ្ទុយពីការពិត មានចរិតគុំកួន និងមានចេតនាទុច្ចរិត បំភ័ន្តសាធារណៈមតិជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រឡំ និងបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមាន សមត្ថកិច្ច និងរាជរដ្ឋាភិបាល ដើម្បីកេងយកផល ប្រយោជន៍ផ្នែកនយោបាយ។ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានអកុសលខាងលើ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិសូមធ្វើការបញ្ជាក់ថា
ទី១. ជនគ្រប់រូប ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ត្រូវបានការពារ ដោយច្បាប់ និងត្រូវគោរពច្បាប់ជាធរមាន ដោយគ្មានការបែងចែកឋានៈ ពណ៌សម្បុរ ជាតិសាសន៍ ឬសាសនានោះ ឡើយ។ ទោះជាយ៉ាងណាក្តីបុគ្គលគ្រប់រូបត្រូវចេះប្រុងប្រយ័ត្ន និងសហការជាមួយសមត្ថកិច្ចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីព្រោះថា នៅលើសកលលោកនេះ ពុំមានប្រទេសណាមួយអះអាងថា ប្រទេសរបស់ខ្លួនពុំមានបទល្មើស អំពើហិង្សាកើតឡើងនោះឡើយ។
ចំណុចនេះ បានបញ្ជាក់ឲ្យឃើញថា ការលើកឡើងរបស់បុគ្គល ដែលតាំងខ្លួនជាសកម្មជន ជាគ្រួសារនៃ សកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ គឺផ្ទុយពីការពិតពីព្រោះ គ្មានបុគ្គលណាម្នាក់ មានសិទ្ធិ ឬអាទិភាពពិសេស មិនបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការអនុវត្តច្បាប់នោះទេ បើទោះបីជាបុគ្គលនោះ មានឋានៈ តួនាទី ពិសេសយ៉ាងណាក៏ដោយ។ ក្នុងករណីមានបទល្មើស ឬអំពើហិង្សាកើតឡើង ជនរងគ្រោះ ចាំបាច់ត្រូវមានកាតព្វកិច្ចសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ដោយត្រូវដាក់ពាក្យបណ្ដឹង ផ្តល់ព័ត៌មានពាក់ព័ន្ធហេតុការណ៍ និងភស្តុតាងផ្សេងៗទៀត ដែលជាមូលដ្ឋានបម្រើឲ្យការងារស៊ើបអង្កេត។ ផ្ទុយទៅវិញ នាពេលកន្លង មក ក្រុមមនុស្សមួយចំនួនតូចនោះតែងតែប្រកាសថា ខ្លួនជាជនរងគ្រោះ ប៉ុន្តែបានព្យាយាមគេចវេះ មិនសហការ ជាមួយសមត្ថកិច្ច ហើយខំប្រឹងបំប៉ោងសំឡេងតាមរយៈបណ្តាញព័ត៌មានក្រៅប្រទេស បកស្រាយតាមបែបអគតិ បង្វែរហេតុការណ៍នៃអំពើហិង្សា ទៅជាការគំរាមកំហែងផ្នែកនយោបាយ។
ទី២. បច្ចុប្បន្នប្រទេសកម្ពុជាក្រាលគ្របដោយសុខសន្តិភាព គ្មានសង្គ្រាមប្រដាប់អាវុធ ឬអំពើភេរវកម្ម ប្រជា ពលរដ្ឋកម្ពុជាប្រមាណ១៦លាននាក់ កំពុងរស់នៅដោយគ្មានការព្រួយបារម្ភ និងប្រកប មុខរបរចិញ្ចឹមជីវិតដោយ ភាពកក់ក្តៅ ទាំងផ្លូវកាយ និងផ្លូវចិត្ត មានការជឿជាក់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ និងចូលរួមសហការ គាំទ្រក្នុងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលផ្ទុយពីការលើកឡើងរបស់បុគ្គលដែល តាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ដែល បង្ហាញអំពីការភ័យខ្លាច ការគំរាមកំហែង ការបាត់បង់ជំនឿលើអាជ្ញាធរមានសមត្ថកិច្ច និងមិនទទួល ស្គាល់ស្ថានភាព ពិតនៃសង្គមកម្ពុជានាពេលបច្ចុប្បន្នទៅវិញ។ ការលើកឡើងទាំងនោះបានបង្ហាញអំពីចរិតរើសអើង ចង្អៀតចង្អល់ មានទស្សនៈ ទុទ្ទិដ្ឋិនិយម និងអាចវាយតម្លៃបានថា ពួកគេជាជំពូកមនុស្សនៅក្រៅសង្គមកម្ពុជា។
ទី៣. តាមរយៈការអនុវត្តគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បានធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ នៅតាមសហគមន៍មានភាពល្អប្រសើរ។ សកម្មភាព បទល្មើសគ្រប់ប្រភេទប្រមាណជា ៩០ភាគរយ ដែលបានកើតឡើង រួមទាំងអំពើហិង្សា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាប ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ បរិយាកាសប្រកបដោយភាពវិជ្ជមាននេះ បានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការវាយតម្លៃដោយងងឹតងងល់របស់បុគ្គល ដែលតាំងខ្លួនជាសកម្មជនជាគ្រួសារ នៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ពីព្រោះគេមិនអាចលើកយកការណ៍រងគ្រោះដោយអំពើហិង្សារបស់បុគ្គលមួយចំនួនតូច ដែលគ្មានសញ្ញាណច្បាស់លាស់ ឬកំពុងស្ថិតក្នុងការ ស៊ើបអង្កេត មកប្រៀបធៀប និងដោះដូរជាមួយសេចក្តីសុខរបស់មនុស្សរាប់សិបលាននាក់ ឬលុបបំបាត់នូវលទ្ធផលនៃប្រតិបត្តិការ បង្ក្រាបបទល្មើសរបស់សមត្ថកិច្ចបានឡើយ។
ទី៤. ក្នុងសុច្ឆន្ទៈឆ្លុះបញ្ចាំងអំពីសច្ចភាពក្នុងសង្គម ក៏ដូចជាដើម្បីលុបបំបាត់នូវការភ័ន្តច្រឡំពីសំណាក់ សាធារណមតិជាតិ- អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារថែរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋ អ្នកនាំពាក្យអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមសហការជាមួយកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសសហការរាយការណ៍ជូនសមត្ថកិច្ចនូវរាល់ហេតុការណ៍នានាដែលបានកើតឡើង និងបានជួបប្រទះដោយផ្ទាល់ ហើយរាល់ការផ្សព្វផ្សាយនូវព័ត៌មាន ឬហេតុការណ៍នានាដែលពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមស្នើ គ្រប់បណ្តាញសារព័ត៌មានរួមទាំងប្រព័ន្ធទំនាក់ទំនងសង្គម គោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវជៀសវាងការ ធ្វើអត្ថាធិប្បាយខ្វះមូលដ្ឋានព័ត៌មានពិតប្រាកដ ធ្វើការសន្និដ្ឋានដោយអត្តនោម័តិ មានលក្ខណៈលំអៀង ខ្វះតម្លាភាព បំពុលបរិយាកាស សន្តិសុខ បង្កឲ្យមានចលាចលក្នុងសង្គម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ និងកិត្តិយស របស់នីតិបុគ្គល និងបុគ្គលសាធារណៈទៀតផង។
ទន្ទឹមគ្នានេះ មិនត្រូវលើកយកបញ្ហាទំនាស់ជាឯកជនក្នុងសង្គម អំពើល្មើស អំពើហិង្សា ឬហេតុការណ៍គ្រោះថ្នាក់នានា ធ្វើការបកស្រាយបង្វែរទៅជារឿងនយោបាយ ធ្វើឲ្យសាធារ ណមតិជាតិ អន្តរជាតិ មានការភ័ន្តច្រឡំ ចំពោះស្ថានការណ៍ពិតនៅកម្ពុជានោះទេ។
ក្នុងនាមកងកម្លាំងអនុវត្តច្បាប់ អ្នកនាំពាក្យអះអាងថា មានសេចក្តីរីករាយទទួលយករាល់ការទិតៀន កែលំអក្នុងន័យ ស្ថាបនា ព្រមទាំងត្រៀមខ្លួនជានិច្ចដើម្បីទទួលយកកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាការកត់សម្គាល់ ការលើកឡើងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្រោយពីសកម្មជនបក្សប្រឆាំងមួយរូប គឺលោក គង់ រ៉ៃយ៉ា បានលើកករណីដែលថា លោកបានរងនូវអំពើហិង្សា ពីជនមិនស្គាល់មុខ ប៉ុន្តែលោកអះអាងថា លោកមិនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចទេ ដោយសារតែលោកមិនជឿលើសមត្ថកិច្ចអាជ្ញាធរ អំពីការរកយុត្តិធម៌៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ខឹងគេស្រលាញ់សង្សារចាស់របស់ខ្លួន កាប់បុរសម្នាក់រងរបួសធ្ងន់ ត្រូវប៉ូលិសចាប់បាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់