ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ សន្យាថា ជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើង មកកាន់កម្ពុជា
ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជា បានសន្យាថា ក្នុងបេសកកម្មរបស់លោក នឹងប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ ជាពិសេសជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើង មកកាន់ប្រទេសកម្ពុជា។

ការសន្យានេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះលោក Stefan បានគោរពសម្ដែងនូវការរីករាយ ដែលត្រូវបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា តាមបំណងរបស់លោក។ លោក Stefan ក៏បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា។

ជាមួយគ្នានោះដែរ លោក Stefan ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើង មកកាន់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះដែរ លោក Stefan ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ លោក Stefan ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរ ជូនចំពោះលោក Stefan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេច បានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឲ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផង ក្នុងនោះ ក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ។
ចំពោះករណីប្រទេសមីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផ្ទាល់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះ គឺទី១-ដើម្បីជំរុញឲ្យមានការឈប់បាញ់គ្នា, ទី២-ចង់ឲ្យមានការជួយផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែត្រូវការ និងទី៣-ជំរុញឲ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោ បាយ តែពុំទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា «យើងត្រូវតែមានការអត់ធ្មត់នឹងប្រឹងប្រែងបន្តទៀត»៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ