Connect with us

សេដ្ឋកិច្ច

កម្ពុជា និងអង្គការ ILO រួមគ្នាជំរុញការនាំចេញវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា កាន់តែប្រសើរ​ថែមទៀត​

បានផុស

នៅ

កម្ពុជា បាន​បន្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ថ្មី​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​(ILO) រយៈពេល ៥ ឆ្នាំ​បន្ថែម​ទៀត ដើម្បី​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា សំដៅ​ជំរុញ​ការនាំចេញ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​កាន់តែ​ប្រសើរ​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ថ្មី​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក Graeme Buckley នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ និង​លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ​ភ្នំពេញ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ ២០២៣-២០២៧ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​គម្រោង​នេះ​មាន​បេសកកម្ម និង​កម្មវិធី​ការងារ​គាំទ្រ​នូវ​គោលនយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សំដៅ​ធានា​ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ ទើប​បាន​ជា​គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម ហើយ​អាច​ដំណើរការ​បាន​យ៉ាង​រលូន​ក្នុង​រយៈពេល ២១ ឆ្នាំ​មកនេះ។ ភាព​ជោគជ័យ និង​ការអនុវត្ត​ល្អ​របស់​គម្រោង​នេះ​នៅ​កម្ពុជា ត្រូវ​បាន​ក្លាយ​ជា​គំរូ​សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​តាមរយៈ​ការ​បង្កើត​ជា “​កម្មវិធី​ការងារ​ល្អ​ប្រសើរ (Better Work)”។

លោក​រដ្ឋមន្ត្រី​ការងារ បាន​បន្ត​ថា សម្រាប់​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ថ្មី សម្រាប់​ឆ្នាំ ២០២៣-២០២៧ នេះ ជា​អនុស្សរណៈ​លើក​ទី ៨ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា បាន​កែសម្រួល​លក្ខខណ្ឌ​អនុវត្ត​គម្រោង​មួយ​ចំនួន ដោយ​បន្ថែម​រយៈពេល​អនុវត្ត​ពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ ដើម្បី​ធានា​នូវ​និរន្តរភាព​របស់​គម្រោង និង​និមិត្តរូប នៃ​ការ​គោរព​លក្ខខណ្ឌ​ការងារ ដែល​ជា​ការ​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ស្រប​ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល បាន​ដំឡើង​បដិភាគ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ចំនួន មួយ​លាន​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ ជាមួយ​កំណើន ដប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​អាច​ឆ្លើយតប​ទៅ​នឹង​វិសាលភាព​ដែល​បាន​ដាក់​បញ្ចូល​វិស័យ​ផលិតផល​ធ្វើដំណើរ និង​កាបូប។

លោក​រដ្ឋមន្ត្រី​ការងារ បាន​បន្ត​ថា រយៈពេល ៥ ឆ្នាំ​ទៅមុខ​នេះ ភាគី​កម្ពុជា និង​អង្គការ ILO នឹង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ការងារ​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​វិស័យ​ផលិតផល​ធ្វើដំណើរ និង​កាបូប នៅ​កម្ពុជា។ កំណត់​បែបបទ​ការងារ​ក្នុង​ការ​ចុះ​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​ផលិតផល​ធ្វើដំណើរ និង​កាបូប។ ធ្វើការ​បណ្ដុះបណ្ដាល​រួមគ្នា​រវាង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា វិទ្យាស្ថាន​ជាតិ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ។ កសាង​ផែនការ​សកម្មភាព​ការងារ​រួមគ្នា​រវាង​ក្រសួង​ការងារ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ ក្នុង​គោលបំណង​គាំទ្រ​ការ​លើក​កម្ពស់​សមត្ថភាព និង​ភាពជា​ម្ចាស់​របស់​កម្ពុជា និង​បន្ត​ជំរុញ​ការ​សហការ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​អ្នកបញ្ជា​ទិញ​អន្តរជាតិ ក្នុង​ការ​បន្ត​បញ្ជា​ទិញ​ពី​កម្ពុជា និង​ធានា​បាន​ថា ទំនិញ​ដែល​ទិញ​ពី​កម្ពុជា ជា​ទំនិញ​ដែល​មាន​ប្រភព​ស្អាតស្អំ ដោយ​គោរព​តាម​បទដ្ឋាន​ការងារ​អន្តរជាតិ។

លោក​បណ្ឌិត អ៊ិត សំហេង បាន​ចាត់​ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការនាំចេញ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា ដែលជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

ចំណែក​កម្មករ​និយោជិត និង​និយោជក នៃ​រោងចក្រ​កាត់ដេរ ដែល​ធ្វើការ​នាំចេញ​ផលិតផល​ទៅ​ក្រៅ​ប្រទេស បាន​ទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន​អំពី​ការអនុវត្ត​គម្រោង​នេះ ដោយ​អាច​រក្សា​បាន​នូវ​ការងារ​ដែល​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ និង​ទទួល​ប្រាក់ចំណេញ​អាជីវកម្ម តាមរយៈ​ការ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែល​មាន​កំណើន​ជាប្រចាំ ជាមួយ​នឹង​អនុលោម​ភាព​តាមច្បាប់​មាន​កម្រិត​ខ្ពស់។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា តាមរយៈ​ការអនុវត្ត​គោល​នយោបាយ នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម ជាមួយ​នឹង​បទដ្ឋាន​ការងារ បាន​ប្រែក្លាយ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ទៅជា​ប្រទេស​ឈានមុខ​គេ​ក្នុង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ និង​បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយ​ចំនួន​យក​ធ្វើជា​បទពិសោធន៍ សម្រាប់​យក​ទៅ​អនុវត្ត និង​រៀន​សូត្រ​តាម។

លោក ប៉ាន សូរ​ស័ក្ដិ បាន​បន្ត​ថា ការ​អនុវត្ត​គោលនយោបាយ នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម ជាមួយ​នឹង​បទដ្ឋាន​ការងារ ក៏បាន​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យីហោ​ល្បីៗ​ក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជា​ទិញ​ផលិតផល​សំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​កាបូប នៅ​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់តែ​ច្រើន​ឡើង​ផង​ដែរ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បញ្ជាក់​ឲ្យ​ដឹង​ថា ការ​នាំចេញ​របស់​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ ការនាំចេញ​មាន​ទឹកប្រាក់​សរុប ១៧ ៥៧៨ (​ដប់​ប្រាំពីរ​ពាន់ ប្រាំ​រយ​ចិតសិប​ប្រាំបី​) លាន​ដុល្លារ​អាមេរិក កើន​ឡើង ២៤.២៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ក្នុង​នោះ​ការនាំចេញ​សម្លៀកបំពាក់ និង​វាយនភណ្ឌ មាន​កំណើន ២៣.១៦ ភាគរយ និង​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​កំណើន ៣៦.៣១ ភាគរយ។

លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លើក​ឡើង​ថា សមាគម​ពិតជា​មាន​មោទនភាព ដែល​បាន​ក្លាយជា​សមាគម​វិស័យ​ឯកជន​ទីមួយ​ក្នុង​ពិភពលោក ដែល​ទទួលយក​កម្មវិធី​ពិសេស​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នេះ ឲ្យ​មក​តាមដាន​ត្រួតពិនិត្យ ដោយ​ឯករាជ្យ​លើ​រោងចក្រ​របស់​យើង និង​ធ្វើការ​រាយការណ៍​ប្រកបដោយ​តម្លាភាព​អំពី​លទ្ធផល​រកឃើញ​របស់​ពួកគេ​។

សមាគម សូម​គាំទ្រ និង​មាន​សេចក្ដី​រីករាយ​ដែល​បាន​បន្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ដើម្បី​បន្ត​អនុវត្ត​ក្នុង​រយៈពេល ៥ ឆ្នាំ​ទៅ​មុខ​ទៀត។

លោក Graeme Buckley នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ បាន​សង្កត់​ធ្ងន់​ថា ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ ឃើញ​ថា ការ​អនុលោម​តាមច្បាប់​ជា​រួម​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​មួយ​ផ្នែក ដោយសារ​ការ​រាយការណ៍​ប្រកបដោយ​តម្លាភាព​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) លើ​បញ្ហា​សំខាន់ៗ។

លោក​បាន​បន្ត​ថា BFC នឹង​ប្ដេជ្ញា​បន្ត​ដើរតួ​ជា​អ្នក​សម្របសម្រួល នៃ​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម រួម​ទាំង​អ្នកទិញ​អន្តរជាតិ ដែល​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការ​កែលំអ​វិស័យ​នេះ តាមរយៈ​ការអនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

តម្លៃមាសបន្តធ្លាក់ចុះតិចតួច ខណៈវិនិយោគិនចាំមើលការអត្ថាធិប្បាយរបស់ ត្រាំ ថ្ងៃស្បថចូលកាន់តំណែង

កីឡា២៥ នាទីutes មុន

ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៤៤ ឈានចូល ៤៥ ឆ្នាំ

ព័ត៌មានជាតិ៣៣ នាទីutes មុន

បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ស្របរដ្ឋធម្មនុញ្ញកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម