Connect with us

ព័ត៌មានជាតិ

មណ្ឌលផ្តល់ចំណេះដឹង វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

ក្រៅពីទីតាំងប្រវត្តិសាស្ត្រនៃទឹកដីអង្គរ និងទឹកដីចំណាស់ដទៃទៀតនៅកម្ពុជា សម្រាប់ការសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រ​ខ្មែរ ក៏មានទីតាំងមួយចំនួនទៀតក្នុងរាជធានីភ្នំពេញផងដែរ​ ដែលជាមណ្ឌលសិក្សាស្រាវជ្រាវសម្រាប់សាធារណជន។ ទីតាំងសំខាន់ៗទាំងនោះរួមមាន សារមន្ទីរជាតិ សារមន្ទីរព្រះស្រីឦសានវរ្ម័ន ព្រះបរមរាជវាំង បណ្ណាល័យជាតិ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ បណ្ណាល័យហ៊ុនសែន សារមន្ទីរវាលពិឃាតជើងឯក សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាដើម ជាកន្លែងរក្សាទុកឯកសារចំណេះដឹងសំខាន់ៗ វត្ថុបុរាណ រូបសំណាក និងបុរាណវិទ្យា ដែលអាចស្វែងយល់សិក្សាបាន នៅតាមទីតាំងទាំងអស់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សារមន្ទីរជាតិ
ជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា​ដ៏សំខាន់ ដែលមានរក្សាទុកវត្ថុបុរាណ និងរូបសំណាក តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និងសម័យក្រោយៗមកទៀត។ ​មណ្ឌលវត្ថុបុរាណដ៏វិសេសនេះ បានអនុញ្ញាតឱ្យកូនខ្មែរ និងបរទេស មកសិក្សាស្វែងយល់ពីតម្លៃដ៏ថ្លាថ្លៃនៃកេរដំណែល ដែលដូនតាខ្មែរបានបន្សល់ទុក ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣ ​។​​

សារមន្ទីរ​ជាតិ ​ត្រូវ​បាន​កសាង​​នៅ​​ថៃ្ងទី១៥ ​ខែសីហា ឆ្នាំ១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​ សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ «ព្រះបាទ​ស៊ី​សុវត្ថិ» ។​

២. សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum
សារមន្ទីរមួយនេះ គឺជាទីតាំងបង្ហាញសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងរបស់កម្ពុជាតាំងពីសម័យកាលហ្វូណន ដែលមានពិព័រណ៍ ដល់ទៅ ១២ដំណាក់កាល ដោយក្នុងនោះ បង្ហាញពីប្រវត្តិនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងរូបិយវត្ថុជាតិចាប់ពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន តួនាទីរូបិយវត្ថុ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

សារមន្ទីរនេះ ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងប្រមែប្រមូលចងក្រងរាល់ឯកសារ និងវត្ថុតាងនានា ដែលពាក់ព័ន្ធប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលបានកប់ជ្រៅក្នុងប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ។ ជាទីតាំងសម្រាប់បង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យយុវជនជំនាន់ក្រោយ បានសិក្សាស្រាវជ្រាវ លើបញ្ហាសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងអធិបតេយ្យជាតិយើង ពីជំនាន់មួយ ទៅជំនាន់មួយ រហូតដល់បច្ចុប្បន្ននេះ។

៣. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរស-២១)
មន្ទីរស-២១ ស្ថិតនៅក្នុងបរិវេណសាលា២ គឺសាលាបឋមសិក្សាទួលស្លែង និងវិទ្យាល័យទួលស្វាយព្រៃ សាងសង់ឡើ់ង នៅអំឡុងឆ្នាំ១៩៦២ ដែលមានឈ្មោះដើមហៅថា វិទ្យាល័យ ព្រះពញ្ញាយ៉ាត។
សាលាទាំងពីរនេះ ត្រូវបានខ្មែរក្រហមកែប្រែទៅជាមន្ទីរសន្តិសុខ ដោយបានរៀបចំថ្នាក់រៀនឱ្យក្លាយទៅជាបន្ទប់ឃុំឃាំង និងបន្ទប់ធ្វើទារុណកម្ម ហើយបរិវេណមន្ទីរមានហ៊ុំព័ទ្ធដោយបន្លាលួសអគ្គិសនី និងសូម្បីតែអាគារតាមជាន់នីមួយៗ ក៏មានរៀបចំជារនាំងបន្លាលួស ដើម្បីការពារមិនឱ្យអ្នកទោសលោតសម្លាប់ខ្លួនបាន។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មន្ទីរស-២១ ត្រូវបានរៀបចំជាទីតាំងប្រវវត្តិសាស្ត្រ ដែលអាចឱ្យទេសចរជាតិ និងអន្តរជាតិ បានមកទស្សនានិងស្វែងយល់ពីបញ្ហាសង្គ្រាមសុីវិលនៅកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧មេសា ឆ្នាំ១៩៧៥ ដល់ ៧មករា ឆ្នាំ១៩៧៩)។

៤. សារមន្ទីរវាលពិឃាតជើងឯក
ជាទីពិឃាដជិវិតមនុស្សមួយរបស់ខ្មែរក្រហម ដែលសម្លាប់ជីវិតរាល់អ្នកទោសបញ្ជូនមកពីទួលស្លែង ឬមន្ទីរស២១ ដែលពួកខ្មែរក្រហមចោទថាខ្មាំងប្រឆាំងនឹងអង្គការ រួមមាន កសិករ មន្ត្រី ទាហាន បញ្ញាវន្ត អង្គទូត ជនបរទេស កុមារ និងស្ត្រីប្រមាណជិតពីរម៉ឺននាក់ ហើយរណ្តៅសពជាង១០០ ត្រូវបានរកឃើញ។ ទីតាំងប្រវត្តិសាស្ត្រនេះ ជាកន្លែងមួយដែលទេសចរជាតិ និងអន្តរជាតិ អាចចូលទៅទស្សនា ​និងបានយល់ពីអំពើដ៏យង់ឃ្នងក្នុងប្រវត្តិសង្គ្រាមនៅកម្ពុជា។

៥. ព្រះបរមរាជវាំង
ក្រៅពីសារមន្ទីរ ព្រះបរមរាជវាំង ក៏មានរៀបចំទីតាំងមួយចំនួន ដែលអនុញ្ញាតឱ្យទេសចរជាតិ និងអន្តរជាតិ មកទស្សនាពីវត្ថុបុរាណខ្មែរដ៏សម្បូរបែប ពិសេសគ្រឿងតុបតែងព្រះកាយក្សត្រា ក្សត្រីយ៍ មានព្រែ ស្បៃ គ្រឿងអលង្ការជាដើម និងវត្ថុជាច្រើនមុខទៀត។

ប៉ុន្តែបច្ចុប្បន្ន ព្រះបរមរាជវាំង ផ្អាកការចូលទស្សនាទាំងអស់ ដោយសារបញ្ហា វិបត្តិជំងឺកូវីដ១៩ ចាប់តាំងពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២១ មកម៉្លេះ និងមិនទាន់បើកឱ្យទេសចរជាតិ និងអន្តរជាតិចូលទស្សនាវិញនៅឡើយទេ។

៦. បណ្ណាល័យជាតិ

បណ្ណាល័យជាតិកម្ពុជា កសាងឡើងនៅទី២៤ ខែធ្នូ ឆ្នាំ១៩២៤ ​ដោយរដ្ឋាភិបាល​អាណា​និគម​បារាំង​នៅឥណ្ឌូចិន។ នៅឆ្នាំ១៩៥៤ ក្រោយពី​ទទួលឯករាជ្យពីអាណានិគម​បារាំងមក​បណ្ណាល័យ​នេះបានប្តូរឈ្មោះពីបណ្ណាល័យកណ្តាល​ មកបណ្ណាល័យជាតិ​កម្ពុជាវិញ។

នៅឆ្នាំ១៩៨០ ​បណ្ណាល័យនេះ បានបើកដំណើរការជាថ្មី ក្រោមការគ្រប់គ្រង​របស់ ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ក្នុងគ្រាតស៊ូយ៉ាង​លំបាក ដើម្បីរៀបចំដំណើរ​ការសេវា​​កម្ម​នានាឡើងវិញ។ ឯកសារសំខាន់ៗជាច្រើន ត្រូវបានរក្សាទុកបានយ៉ាងល្អ ​និងធនធាន​សៀវភៅដ៏មានតម្លៃ តាំងពីឆ្នាំដំបូងៗនៃជំនាន់អាណានិគមបារាំង បើទោះបីជាមានការបំផ្លាញធ្ងន់ធ្ងរ ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។

សាធារណជន អាចចូលមកអានសៀវភៅនៅទីនេះ និងថែមអាចខ្ចីសៀវភៅពីទីនេះបានថែមទៀតផង ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌរបស់បណ្ណាល័យជាតិប៉ុណ្ណោះ។

៧. បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ
ជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដែលអាចឱ្យសាធារណជន សិក្សា ស្រាវជ្រាវ ដែលផ្តោតលើ អក្សរសាស្ត្រ ភាសាបាលី សាស្ត្រាស្លឹករឹត និងប្រមូលចងក្រងឯកសារជាច្រើនផ្សេងទៀត។ ទីនេះក៏ជាកន្លែងមួយ ដែលអនុញ្ញាតឱ្យសាធារណជន មកសិក្សាស្វែងយល់ផងដែរ។

៨. បណ្ណាល័យ ហ៊ុន សែន
បណ្ណាល័យហ៊ុន សែន ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាបណ្ណាល័យដ៏ពេញនិយម ដែលនិស្សិតនៃសាកលវិទ្យាល័យនេះផ្ទាល់ តែងតែមកអាននិងសិក្សាស្រាវជ្រាវ។ បណ្ណាល័យនេះមានទីធា្លធំទូលាយ និងផ្តល់កន្លែងសម្រាប់អានច្រើន ពិសេសសម្បូរដោយសៀវភៅចម្រុះ រួមមានសៀវភៅចំណេះដឹងទាក់ទងនឹងមុខវិជ្ជាសិក្សា ទស្សនវិជ្ជា វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចជាដើម។

បណ្ណាល័យ ហ៊ុន សែន មានសៀវភៅចំនួនជាង ១ម៉ឺនក្បាល ដែលក្នុងនោះមានជាភាសាខ្មែរ អង់គ្លេស និងបារាំង ហើយមានឯកសារជាច្រើនទៀតដែលបានកត់ត្រាជាភាសា ជប៉ុន ថៃ ចិន និងវៀតណាមផងដែរ។ក្រៅពីនិស្សិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ត្តាល័យ ហ៊ុន សែន ក៏បើកជាសាធារណៈសម្រាប់សាធារណជនចូលមកអានផងដែរ (អ្នកអានតម្រូវឲ្យធ្វើកាតចុះឈ្មោះជាសមាជិករបស់បណ្ណាល័យ)។

អត្ថបទដោយ ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម