ព័ត៌មានជាតិ
ពិព័រណ៍ឧត្តមសិក្សាលើកទី៣ ទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ពីសិស្សានុសិស្ស
កាលពីថ្ងៃទី១៥ និងទី១៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ កម្មវិធីពិព័រណ៍ឧត្តមសិក្សាត្រូវបានប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅផ្សារទំនើប អូឡាំព្យា។ កម្មវិធីនេះ ធ្វើឡើងដើម្បីជួយណែនាំ ត្រួសត្រាយផ្លូវ ដល់សិស្សដែលត្រៀមនឹងបញ្ចប់ការសិក្សា នៅថ្នាក់វិទ្យាល័យ បានត្រៀមខ្លួនទទួលនូវព័ត៌មានផ្សេងៗសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេ។
ការពិព័រណ៍ឧត្តមសិក្សានេះ គឺមានដូចជាការតាំងនូវសៀវភៅផ្សេងៗ ដំណឹងអាហារូបករណ៍ និងការណែនាំពីគន្លឹះមួយចំនួន ជុំវិញនឹងព័ត៌មាននៅសាកលវិទ្យាល័យ ក៏ដូចជាការត្រៀមខ្លួន និងការចាត់ចែងពេលវេលាខ្លួនឯងសម្រាប់រយៈពេលបម្រើការងារកំលុងពេលសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។ ទន្ទឹមនោះ ក៏មាននូវវាគ្មិនកត្តិយសជាច្រើន ដែលជាអ្នកល្បីល្បាញ និងមានបទពិសោធក្នុងវិស័យសិក្សាច្រើន ចូលរួមចែករំលែក ក៏ដូចជាផ្តល់នូវដំបូន្មានផ្សេងៗសម្រាប់សិស្សានុសិស្សទៀតផង។
ក្នុងនោះ វាគ្មិនកត្តិយស កញ្ញា រីន សិទ្ធិនារី ដែលជាស្ថាបនិកនៃគេហទំព័រ ចម្លាស់ និងជាអតីតសិស្សនិទេ្ទស A បានចែករំលែក និងណែនាំដល់អ្នកសិក្សាដែលមានគម្រោងចង់បន្តថ្នាក់ឧត្តមសិក្សា ឲ្យមានការត្រៀមខ្លួន និងមានគោលដៅជាមុន ដើម្បីកំណត់បានថាខ្លួនស្រលាញ់អ្វី និងជ្រើសរើសមុខជំនាញអ្វីសម្រាប់ថ្នាក់សាកលវិទ្យាល័យ។ មួយវិញទៀត គួរស្តាប់ការណែនាំរបស់ឳពុកម្តាយខ្លះ កំលុងពេលរើសមុខជំនាញសិក្សា ចៀសវាងជ្រើសខុសពីសមត្ថភាពរបស់ខ្លួន។
កញ្ញា សិទ្ធិនារី ក៏បានបញ្ជាក់បន្ថែមថា កំលុងពេលសិក្សា សិស្សានុសិស្សគួរឆ្លៀតពេលស្វែងរកការងារហាត់ការ ឬ ធ្វើការងារណាដែលជួយដល់មុខជំនាញរបស់ខ្លួន ដើម្បីអាចយកបទពិសោធនេះ ទៅប្រើការនៅពេលខ្លួនរៀនចប់ ចៀសវាងការធ្វើការខុសជំនាញរបស់ខ្លួន។ កំលុងពេលនេះ មិនគួរគិតពីប្រាក់ខែជាធំឡើយ អ្វីដែលសំខាន់នោះ គឺការបែងចែកពេលវេលារៀនសូត្រ និងបម្រើការងារឲ្យបានល្អ និងការចូលរួមការងារសង្គមឲ្យបានច្រើន ដើម្បីយកបទពិសោធទាំងនោះ ទៅបម្រើការងារនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់កញ្ញា សិទ្ធិនារី។
ចំណែក អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនៃសាលាអន្តរជាតិ AIS ក៏បានលើកឡើងថា កត្តាដែលធ្វើឲ្យអ្នកសិក្សាមានភាពជោគជ័យ គឺមិនមែនផ្តើមចេញពីអ្នកដែលមកពីក្រុមគ្រួសារអ្នកមានទ្រព្យស្តុកស្តម្ភឡើយ។ ក៏ប៉ុន្តែ គឺផ្តើមចេញពីក្រុមគ្រួសារ ដែលមានការលើកទឹកចិត្ត ជំរុញ ណែនាំ និងគាំទ្រនូវអ្វីដែលកូនកំពុងតែធ្វើ ពោលគឺ មិនស្តីបន្ទោស ឬ ដាក់សម្ពោធដល់អ្នកសិក្សាឡើយ។ ឳពុកម្តាយ រួមចំណែកដ៏សំខាន់ ក្នុងការគាំទ្រ នូវអ្វីដែលជាការសម្រេចចិត្តរបស់កូន។
អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់បន្ថែមថា ការចូលរួមពីឳពុកម្តាយ ចំពោះកូនៗ គឺសំខាន់ខ្លាំងណាស់ ដើម្បីឲ្យការសិក្សារបស់ពួកគេទទួលបានភាពជោគជ័យ និងរលូនល្អ ទាល់តែមានការចូលរួមលើកទឹកចិត្ត ពីក្រុមគ្រួសារ ព្រោះគ្រួសារ គឺជាបុគ្គលទីមួយដែលគេអាចពឹងពាក់បាននៅពេលជួបនូវបញ្ហាផ្សេងៗ។
គួររំលឹកថា រយៈពេល២ថ្ងៃនៃការពិព័រណ៍ឧត្តមសិក្សាលើកទី៣នេះ គេសង្កេតឃើញថា មានការចូលរួមច្រើនពីអ្នកសិក្សាមួយចំនួន ជាពិសេស គឺសិស្សានុសិស្ស ដែលពួកគេមានត្រៀមនឹងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ យ៉ាងណាមិញ ក៏មានសិស្សានុសិស្សជាច្រើនបានលើកឡើងជាសំណួរចំពោះវាគ្មិនកត្តិយស នូវអ្វីដែលជាកង្វល់ និងអាចជាឧបសគ្គកំលុងពេលសិក្សា នៅថ្នាក់ឧត្តមសិក្សាផងដែរ។ ទាំងនេះបញ្ជាក់ថា ពួកគេបានយកចិត្តទុកដាក់ និងស្វែងរកជំនួយដើម្បីប្រឹក្សាយោបល់ជុំវិញនឹងការសិក្សារបស់ពួកគេដូចគ្នា៕
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក