ព័ត៌មានជាតិ
លោក យឹម ឆៃលី៖ អត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ជាបញ្ហាត្រូវដោះស្រាយ
វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ជាក់ស្តែង បើប្រៀបធៀបកាលពី ២០ឆ្នាំមុន ពីប្រទេសមានបញ្ហាអសន្តិសុខស្បៀង ឥឡូវបានក្លាយជាប្រទេសនាំស្បៀងចេញ ហើយពិន្ទុសន្ទទស្សន៍នៃភាពអត់ឃ្លានសកលបានធ្លាក់ចុះពី ៤៣.៥%នៅឆ្នាំ២០០០ មកត្រឹម ២០.៦% នៅឆ្នាំ២០២០, បញ្ហាក្រិសក្រិនកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០% នៅឆ្នាំ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២, អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី២៤% មកត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ មានតួលេខដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ” នៅព្រឹកថ្ងៃទី ១៨ ខែ តុលា លោក យឹម ឆៃលី បានលើកឡើងថា ការអភិវឌ្ឍ ទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការបំរែបំរួលប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឲ្យប្រជាជនកម្ពុជាផ្លាស់ប្តូររបៀបរស់នៅ និងការហូបចុក។ ការផ្លាស់ប្តូរ និងបម្រែបម្រួលទម្លាប់បុគ្គល និងសង្គមនេះ មានឥទ្ធិពលលើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហានេះបានធ្វើឲ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ ដែលបង្កការគំរាមកំហែងដល់សុខភាព និងសក្ដានុពលនៃកំណើនសេដ្ឋកិច្ច។
លោកបន្តថា ប្រសិនបើគ្មានការយកចិត្តទុកដាក់លើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិវឌ្ឍសេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ជាដើម។
បើតាមលោក យឹម ឆៃលី រយៈពេល ២០ឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាប្រធាន ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង‑ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ធ្វើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាអាទិភាពនានា លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ។
រាជរដ្ឋាភិបាល តាមរយៈលោក យឹម ឆៃលី បានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សូមចូលរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវ ស្តីពីផែនការសកម្មភាពសកល ឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ, យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩ -២០២៣ និងឯកសារគតិយុត្តិនានា៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ