Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្ត ជួសជុលផ្លូវជាតិលេខ ៧ ពីស្ពានសេកុងដល់ច្រកទ្វារព្រំដែនឡាវ​

បានផុស

នៅ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើការ​ជួសជុល​កែសម្រួល​ផ្លូវជាតិ​លេខ ០៧ ដែល​ពីមុន​ធ្លាប់តែ​ជា​ផ្លូវ​កៅស៊ូ ពេលនេះ​ក្លាយ​ជា​ផ្លូវ​ក្រួស​ក្រហម​ស្ទើរ​ទាំងអស់ ចាប់ពី​ស្ពាន​សេកុង ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា-ឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស គឹមណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​បញ្ជាក់​ថា ផ្លូវ​នេះ​រង​ការ​ខូចខាត​មែន។ ចំណែក​ការ​ជួសជុល​នោះ មិន​ធានា​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ទេ ព្រោះ​ផ្លូវ​កៅស៊ូ​យក​ដី​ទៅ​ចាក់ កិន​វា តែងតែ​ជួប​បញ្ហា​ខូចខាត​ទៅ​វិញ​ជា​អន្លើៗ នៅ​ពេល​មាន​ភ្លៀង ហើយ​រថយន្ត​ក៏​បើកបរ​ទៅ​មក​ច្រើន។

លោក​ថា ផ្លូវ​នេះ គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន នឹង​ធ្វើការ​សាងសង់​ថ្មី​ឡើងវិញ ចាប់ពី​ព្រំប្រទល់​ខេត្ត​ក្រចេះ​-​ស្ទឹងត្រែង​-​ទៅដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា-ឡាវ តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ប្រទេស​កម្ពុជា​ជួប​វិបត្តិ​កូវីដ-១៩ ទើប​បង្ក​ឲ្យ​រាំងស្ទះ​រហូតមកដល់​សព្វថ្ងៃ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រុម​ការងារ​មន្ទីរ​សាធារណការ ទទួល​បាន​ផែនការ​ពី​អាជ្ញាធរ​ខេត្ត កំពុង​រៀបចំ​ធ្វើការ​ជួសជុល និង​កែសម្រួល ដើម្បី​ងាយស្រួល​សម្រាប់​រថយន្ត ម៉ូតូ បើកបរ​ទៅមក​ងាយ​ស្រួល ជាពិសេស​រថយន្ត​ភ្ញៀវ​ទេសចរ​ចេញចូល​ទៅ​ប្រទេស​ឡាវ។

លោក កុយ ថន ភ្ញៀវ​ទេសចរ​ជាតិ​មកពី​ខេត្ត​ត្បូងឃ្មុំ ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង តែង​ត្អូញត្អែរ​ថា ផ្លូវ​ជាតិ​លេខ ០៧ ចាប់​ចេញពី​ស្ពាន​សេកុង ទៅដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល រង​ការ​ខូចខាត​យូរ​ឆ្នាំ​មក​ហើយ។

ប្រជាពលរដ្ឋ​ថា ការ​ជួសជុល​នេះ មិន​បាន​យូរ​អង្វែង​ទេ ព្រោះ​នៅ​ខែ​វស្សា​ភក់ ខែប្រាំង​ដី​ហុយ និង​ពេល​មាន​រថយន្ត​ធំៗ​បើក​មក​ម្តងៗ ដី​ហុយ​បំពុល​បរិយាកាស បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​បន្ថែម​ទៀត។

សូម​បញ្ជាក់​ថា ផ្លូវជាតិ​លេខ ០៧ ចាប់​ត​ភ្ជាប់​ពី​ទឹកដី​ខេត្ត​ក្រចេះ ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា-ឡាវ មាន​ប្រវែង​ជិត ១០០ គីឡូម៉ែត្រ ហើយ​កាលពី​ឆ្នាំ ២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់​សន្យា​ថា នឹង​ធ្វើការ​សាងសង់​ថ្មី​ឡើងវិញ តែ​មិន​ទាន់​មក​ធ្វើ​ទេ។ ទោះបី​បាន​ធ្វើការ​សិក្សា​រួចរាល់​ហើយ​ក៏ដោយ ប្រជាពលរដ្ឋ​សង្ឃឹម​ថា ទោះជា​យ៉ាងណា ការ​ធ្វើ​យឺត ល្អ​ជាង​មិន​បាន​ធ្វើ​សោះ៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម