ព័ត៌មានជាតិ
សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យ
បន្ទាប់ពីបញ្ចប់បេសកកម្មដោះស្រាយការងាររុះរើលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រយៈពេលពីរថ្ងៃ និងមួយយប់រួចរាល់ហើយនោះ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យហើយ។
ដំណើរអញ្ជើញដល់ខេត្តបន្ទាយមានជ័យ ខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តើមការងារដោយជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តបន្ទាយមានជ័យ ខណៈព្រឹកថ្ងៃអាទិត្យ ស្អែកនេះ សម្តេចនឹងអញ្ជើញចែកស្រូវពូជជូនប្រជាកសិកររងគ្រោះទឹកជំនន់ជាង៥ពាន់គ្រួសារ។

មន្ត្រីរាជការដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនៅរសៀលថ្ងៃសៅរ៍នេះ រួមមានក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការទូទៅ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាង១ពាន់នាក់។ ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញថ្លែងរបាយការណ៍ជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលពាក់ព័ន្ធសភាពការណ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការងារផ្សេងៗនៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានឱ្យដឹងថា មន្ដ្រីរាជការទូទាំងខេត្តបន្ទាយមានជ័យមានសរុបជាង ៨ពាន់នាក់ មានស្រីជិត ៤ពាន់នាក់។ ក្នុងនោះ មន្ត្រីសាលាខេត្ត មានចំនួន ១២៦នាក់ (ស្រី៣៥នាក់)បុគ្គលិកអប់រំ-គ្រូបង្រៀន ចំនួន ៥,៨៨៨នាក់ (ស្រី ២,៨៨២នាក់) មន្ត្រីសុខាភិបាល-គ្រូពេទ្យ ចំនួន ១,២១៨នាក់ (ស្រី ៦៤៩នាក់) មន្ត្រីមន្ទីរ អង្គភាព ចំនួន៧៥៣នាក់ (ស្រី២១៧នាក់) មន្ត្រីសាលាក្រុង ស្រុក ចំនួន ៥៣០នាក់ (ស្រី១៥០នាក់) ស្មៀនឃុំ សង្កាត់ ចំនួន ៦៧នាក់ (ស្រី១៥នាក់)។ រីឯមន្ត្រីកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្ត មានចំនួនសរុបជាង ៥ពាន់នាក់។ ដោយឡែកក្រុមប្រឹក្សាខេត្តមានចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៦៩នាក់, ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៣៣នាក់។

លោកអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោ និងអ្នកចូលរួមក្នុងពិធីសំណេះសំណាលលើការងារគ្រោះទឹកជំនន់, ការចាក់ស្រោចវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩,ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល, ការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម, ការវាស់វែងដីប្រជាពលរដ្ឋបានអាស្រ័យផលជាក់ស្តែងយូរហើយក្នុងតំបន់៣, ការផ្ដល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩, ការដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុក និងបឹង៧៥ ភូមិទំនប់ដាច់ ចំណីផ្លូវរថភ្លើងប៉ោយប៉ែតជាដើម។
ក្នុងពិធីនេះលោកអភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យមន្ត្រីរាជការក្នុងខេត្ត បានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីប្រជាជន និងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត លោកអភិបាលខេត្ត បានប្រកាសថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានជេរប្រមាថដោយអសីលធម៌ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
លោកអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណដ៏ខ្ពស់ខ្ពស់បំផុតចំពោះសម្តេច ដែលបានចុះផ្ទាល់ដោះស្រាយបញ្ហានានានៅខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់លោកអភិបាលខេត្តរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក