វប្បធម៌ ជំនឿ
ក្រុមល្ខោនបាសាក់ អុល សំអាង៖ តម្លៃជួលឡើងថ្លៃ ឆ្នាំក្រោយ ឡើងជាងហ្នឹងទៀត
ប្រធានក្រុម ល្ខោនបាសាក់មហាជន វង់ទី១ អុល សំអាង រាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈការសម្ដែងល្ខោនបាសាក់បានចុះថយ ប៉ុន្តែក្រុមរបស់លោក នៅតែមានសកម្មភាពសម្ដែង ដោយជួនកាលម្ចាស់បុណ្យជួលតែមួយយប់ ហើយឈានជួលថែមឡើងដល់ ៣យប់ ពិសេសក្នុងឱកាសរដូងបុណ្យកឋិនទាននេះ។
លោក អុល សំអាង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាចំពោះតម្លៃគិតតាមចម្ងាយជិតឆ្ងាយ គឺការសម្ដែង១យប់ ចាប់ពី ២ ៥០០ដុល្លារ ឡើងទៅ ៣ ០០០ ដុល្លារ តែជួនកាលតាមមនោសញ្ចេតនា ម្ចាស់បុណ្យ ឬអ្នកជួល ដែលធ្លាប់ជួលពីមុនៗផងនោះ បើជួលពី ២យប់ឡើងទៅ អាចចុះតម្លៃ ៥០០ដុល្លារ ពោលគឺ១យប់ យកថ្លៃតែ ២ ០០០ ឬ ២ ៥០០ ដុល្លារក៏មាន។
លោក អុល សំអាង មានប្រសាសន៍បន្ថែមថា៖ “តម្លៃនេះ គឺឡើង ហើយឆ្នាំក្រោយ ឡើងជាងហ្នឹងទៀត។ ដោយសារក្រុមត្រូវចំណាយច្រើន ជួលមធ្យោបាយដឹកជញ្ជូន ម៉្យាងប្រេងសាំងឡើងថ្លៃ ហើយត្រូវចំណាយបាយទឹកសម្រាប់សិល្បករ និងជួលឧបករណ៍ផ្សេងៗ ហើយយើងក៏ដំឡើងថ្លៃឈ្នួលសិល្បករដែរ ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពពួកគាត់”។
លោក អុល សំអាង បញ្ជាក់ថា តម្លៃខាងលើ ចំពោះក្រុមរបស់លោក គឺមហាជនទទួលយកបាន ដោយមិនសូញសាញអីច្រើនទេ ដោយសារមហាជនស្រឡាញ់ ការសម្ដែងក្រុមរបស់លោក ព្រមទាំងអាស្រ័យលើបទពិសោធន៍ និងកេរ្តិ៍ឈ្មោះក្រុមផងដែរ ដោយលោកអះអាងថា ក្រុមល្ខោនរបស់លោកសម្ដែងចំលក្ខណៈ គឺ បុរាណចំបុរាណ ចំទម្រង់ល្ខោនបាសាក់ ទើបមហាជនគាំទ្រ។
លោក អុល សំអាង បានឱ្យដឹងបន្តថា ជួនកាល អ្នកធ្វើការនៅក្រៅប្រទេស ក៏ជួលក្រុមរបស់លោកដែរ គឺអ្នកនៅជប៉ុន កូរ៉េ គេជួលឱ្យ ម៉ែឪ អ្នកស្រុកភូមិគេមើល ព្រោះពួកគេស្គាល់ក្រុមរបស់លោកតាមការ Live ពេលសម្ដែង។ មានអ្នកនៅអាមេរិក អ្នកនៅបារាំង គេទាក់ទងឱ្យក្រុមលោកទៅសម្ដែងនៅភូមិស្រុក ដោយគេកក់លុយជាមុនថែមទៀត។
លោក អុល សំអាង លើកឡើងថា៖ “ជួនកាលក្រុមខ្ញុំទទួលសម្ដែងជូនមហាជនមួយហើយ តែមហាជនដទៃ គាត់ចង់បានដែរ ដល់តែខ្ញុំប្រាប់ថា ជាប់គេហើយ គាត់សួរគេជួលតម្លៃប៉ុន្មាន? ខ្ញុំប្រាប់ថា តម្លៃ ៣ ០០០ គាត់ថា គាត់ហ៊ានឱ្យដល់ ៤ ០០០ ទៀត ប៉ុន្តែខ្ញុំជាប់សន្យាគេហើយ គឺមិនអាចដកវិញបានទេ”។
ប្រធានក្រុមល្ខោនបាសាក់ វ័យ ៤២ ឆ្នាំ រូបនេះ បានឱ្យដឹងបន្តថា ក្រុមល្ខោនរបស់លោកមានសមាជិកទាំងអស់រហូតដល់ជាង ៤០នាក់ ដោយជួនកាលក៏មានថែមថយ យកសិល្បករសិល្បការិនីពីក្រុមផ្សេងផងដែរ។ កន្លងមកក្រុមរបស់លោកតែងលើកយករឿងបុរាណមកសម្ដែងជូនសាធារណជនទស្សនា ដូចជា រឿង ព្រះលក្សិណវង្ស រឿងព្រះជិនវង្ស រឿង តារាវិច្ឆ័យម៉ាល័យសូរិយា រឿងម៉ាកភូយង់កែង រឿងនាងបដាចារ រឿងទិព្វសូដាចន្ទ រឿងព្យុះកម្មជីវិត ចន្ទតារាចំប៉ាសក្ដិ ជប់សង្វារវង្សចៅភិរិន្ទ រឿងទិព្វសង្វារ រឿងព្រះវរនេត្ត ព្រះវរនុជ រឿងខ្យល់ស័ង្ខ រឿងសុរិវង្សវរវង្ស និងរឿងជាច្រើនទៀតជា រឿងអក្សរសិល្បិ៍ពុទ្ធនិយម រឿងបុរាណពាក់ព័ន្ធនឹងការអប់រំ និងរឿងបែបមនោសញ្ចេតនា បែបកំសត់ជាដើម។
គួរបញ្ជាក់ថា ល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ កាលពីដំបូង អ្នកស្រុកនាំគ្នាហៅល្ខោនបាសាក់នេះថា ល្ខោនទ្រើងឃ្លោក ដោយហេតុថា សិល្បករសម្ដែងផ្ទាល់លើដី ក្នុងរោងដែលសង់ឡើងដោយយកមែកឈើប្រក់គ្រប មានទម្រង់ប្រហែលនឹងទ្រើងឃ្លោក។ ទន្ទឹមនេះ ក៏មានខ្មែរក្រោមខ្លះ ហៅល្ខោននេះថា ល្ខោនយូរកេរ ព្រោះជាកេរមរតករបស់ខ្មែរដែលកើតឡើងតាំងពីយូរលង់មកហើយ។ ល្ខោនបាសាក់បានពង្រឹងពង្រីកប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកដឹកនាំ និងអ្នកសម្ដែងជាអ្នកបួសរៀនពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដី លើកជាកំណាព្យ លើកជាកម្រងកែវ និងលើកទំនុកច្រៀងដោយឥតព្រាងទុក៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ