Connect with us

ព័ត៌មានជាតិ

អ្នកជំនាញកសិកម្ម ចង់ឃើញរដ្ឋមន្រ្តីថ្មី​បង្កើតយុទ្ធសាស្រ្ត ដោះស្រាយ​បញ្ហាទីផ្សារជូនកសិករ

បានផុស

នៅ

បញ្ហាកង្វះទីផ្សារផលកសិកម្មរបស់កសិករ គឺជាកង្វល់ធំ ដែលត្រូវដោះស្រាយមុនគេ បន្ទាប់ពីចំណេះដឹង​ផ្នែកបច្ចេកទេសផ្សេងៗទៀត។ នេះគឺជាអ្វីដែលអ្នកជំនាញកសិកម្ម ចង់ឃើញរដ្ឋមន្រ្តីថ្មី បញ្ចេញយុទ្ធសាស្ត្រ ដោះស្រាយជូនពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុថា ប្រធានស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានលើកឡើងថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា ប្រឈមបញ្ហាច្រើន ក្នុងនោះ រួមមានការបម្រែបម្រួលអាកាសធាតុ ការកើនឡើងថ្លៃដើម ពោលគឺតម្លៃផលិតកម្មឡើងខ្ពស់ មុនវិបត្តិកូវីដ និងសង្រ្គាមនៅអ៊ុយក្រែន។ គ្រោះទឹកជំនន់ ក៏បានធ្វើឱ្យក្រុមកសិករអ្នកផលិតខ្នាតតូច ជួបបញ្ហាប្រឈមខ្លាំងផងដែរ។

អ្នកជំនាញកសិកម្ម ដែលធ្វើការជាមួយកសិករផ្ទាល់រូបនេះ ចង់ឃើញកិច្ចអន្តរាគមន៍ដំបូងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី គឺលោក ឌិត ទីណា ពង្រឹងលើទីផ្សារកសិកម្មឱ្យបានរឹងមាំជូនប្រជាកសិករ។ ម្យ៉ាងទៀត ត្រូវរៀបចំប្រព័ន្ធហេដ្ឋរចនា​សម្ព័ន្ធស្រោចស្រពទៅដល់សហគមន៍ និងក្រុមកសិករឱ្យបានគ្រប់ទីកន្លែង។

បើតាមលោក សុខ សុថា រាជរដ្ឋាភិបាល ត្រូវមានគោលនយោបាយថ្នាក់ជាតិ និងអន្តរជាតិ និងយកចិត្តទុកដាក់ដល់​កសិករខ្នាតតូច ជាពិសេសផ្នែកហិរញ្ញវត្ថុ និងការផលិតជាដើម។​​

លោកបន្តដូច្នេះថា« រាជរដ្ឋាភិបាល ត្រូវផ្តល់បច្ចេកទេសបន្ថែម ដូចជាការកែច្នៃ វេចខ្ចប់ និងផលិតផលិតផល​ឱ្យស្រប​ទៅតាមស្តង់ដារកសិកម្ម មានដូចជា ស្តង់ដារ GAP ខេមអ័រកានិច ខេម GAP។ ត្រូវផ្តោតសំខាន់ទៅលើទីផ្សារ ពីអ្នកផលិតរហូតដល់ទីផ្សារផ្គត់ផ្គង់។ កសិករនៅកម្ពុជា ភាគច្រើន ជាកសិករខ្នាតតូច មានដីប្រកបកសិកម្មក្រោម ១ហិកតា ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការបង្កើនចំណូលក្នុងវិស័យកសិកម្ម»។

​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) មើលឃើញថា បញ្ហាចម្បងនៅ​ក្នុងវិស័យកសិកម្មធំៗ មានដូចជា បញ្ហាទីផ្សារកសិផលរបស់កសិករ មានតម្លៃទាប ខណៈវត្ថុធាតុដើម ដូចជា ជី ប្រេង សម្ភារៈកសិកម្ម គ្រាប់ពូជ មានតម្លៃថ្លៃ ដោយមិនឆ្លើយតប និងការផលិត ពោលគឺមិនរួចថ្លៃដើម ដែលធ្វើឱ្យប៉ះ​ពាល់ដល់ការ​ប្រកបមុខរបរក្នុងវិស័យកសិកម្ម នាំឱ្យកសិករខ្លះលែងចង់ដាំដុះ បោះបង់មុខរបរ ទៅធ្វើវិស័យផ្សេងៗ ឬចំណាកស្រុកពីជនបទមកទីក្រុង ឬទៅធ្វើការនៅក្រៅប្រទេស ជាដើម។

បើតាមលោក ថេង សាវឿន បញ្ហាដែលកំពុងកើតមាន និងគួរដោះស្រាយ នៅក្នុងវិស័យនេះ គឺការរៀបចំខ្សែចង្វាក់​ផលិតកម្មទីផ្សារ លក់ផលិតផលក្នុងស្រុក កុំផ្តោតតែនាំចេញខ្លាំងពេក,​ ចង្វាក់នៃការនាំចេញទៅក្រៅប្រទេស នៅមាន​កម្រិត ដោយសារប្រឈមនឹងការប្រកួតប្រជែងផលិតផលជាមួយប្រទេសផ្សេងៗ ដូចជា ថៃ វៀតណាមជាដើម, កង្វះ​ខាតនៃការកែច្នៃ ក៏ជាកត្តាដែលត្រូវដោះស្រាយផងដែរ។

​លោក ថេង សាវឿន ចង់ឃើញរដ្ឋមន្រ្តីថ្មី រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស និងកញ្ចប់ថវិកាជាតិ​សម្រាប់​វិស័យកសិកម្ម។ លោកមើលឃើញថា កញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់វិស័យកសិកម្មនៅមានកម្រិតទាបនៅឡើយ បើធៀប​នឹងវិស័យផ្សេងៗ ខណៈដែលកម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម មានតម្រូវការស្បៀង ម្ហូបអាហារ ជាចាំបាច់។

លោក ក៏ស្នើដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម ត្រូវចុះជាប់ជាមួយកសិករ និងសិក្សាស្រាវជ្រាវបង្កើតក្រុមជួយអន្តរាគមន៍ដោះ​ស្រាយបញ្ហានៅក្នុងវិស័យកសិកម្មឱ្យទាន់ពេល ជាពិសេសមន្ទីរ អាជ្ញាធរមូលដ្ឋាន ត្រូវតែចុះបណ្តុះបណ្តាល និងនាំ​ព័ត៌មាន​ចំណេះដឹងថ្មីៗដល់ប្រជាពលរដ្ឋ ពិភាក្សា ដោយមានការបើកទូលាយ មិនត្រូវពឹងផ្អែកខ្លាំង​ពេកលើទីផ្សារ​បរទេស។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី បានប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយចិត្ត និង​ស្មារតី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ ជាពិសេស​នៅ​​ក្នុង​បរិបទ​ដែល​ប្រជាពលរដ្ឋ​​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​​គ្រោះ​ទឹក​ជំនន់ និង​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​​ជីវភាព​របស់​ប្រជាកសិករ​ ដោយ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ ព្រម​ទាំង​លើក​កម្ពស់​ការ​នាំចេញ​នូវ​ផលិតផល​កសិកម្មផងដែរ។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៧ ខែ តុលាកន្លងទៅ។

លោក ថេង សាវឿន សង្កត់ធ្ងន់ថា កសិករកម្ពុជា នឹងមានជីវភាពកាន់តែប្រសើរ ប្រសិនបើមានការយកចិត្តទុកខ្ពស់ ទៅលើកសិផលដែលកសិករផលិតបាន និងរំពឹងថា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី នឹងមានយុទ្ធសាស្រ្តដោះ​ស្រាយបញ្ហា​ទាំងអស់នេះបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម