ព័ត៌មានអន្ដរជាតិ
កាំភ្លើងដែលតម្រួតថៃលួចលក់ជាង ១០០ ដើម ត្រូវពលរដ្ឋភ្ញាក់រលឹក ប្រគល់ឲ្យវិញជាង ៥០ ដើមហើយ
ប្រទេសថៃ ៖ កាំភ្លើងវែង ខ្លី រួមនឹងគ្រាប់បែកសរុប ១៣៤ ដើម ដែលត្រូវបានតម្រួតថៃម្នាក់ មានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៅក្នុងអធិការដ្ឋានតម្រួត ប៉ាកក្រេត ខេត្តណុនថ:បុរី លួចចេញពីឃ្លាំងយកទៅលក់ដើម្បីដោះបំណុលដោយសារចាញ់ល្បែងភ្នាល់បាល់នោះ ត្រូវបានប្រជាពលរដ្ឋថៃមួយចំនួន យកមកប្រគល់ឲ្យសមត្ថកិច្ចវិញជាង ៥០ ដើមហើយ ដោយសារតែពួកគាត់ខ្លាចមានទោស។

លោកឧត្ដមសេនីយ៍ សុនសេដ្ឋ ហាក់ផាន អគ្គស្នងការរងនគរបាលជាតិរបស់ថៃ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឆៅវ៉ាលីត ភុំចន អាយុ ៤២ ឆ្នាំ មាននាទីជានាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ រយៈពេល ១៨ ឆ្នាំ កន្លងមកហើយ នៅក្នុងអង្គភាពតម្រួត ប៉ាកក្រេត ដោយគេបានលួចយកអាវុធចេញពីឃ្លាំងអស់ចំនួន ១៣៤ ដើម ដែលក្នុងនោះ ភាគច្រើនជាអាវុធខ្លី ដោយឡែកមួយចំនួនតូចជាប្រភេទអាវុធវែង និងគ្រាប់បែកដៃ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២១ តុលា នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តណងខាយ ខណៈដែលជនសង្ស័យរូបនេះកំពុងត្រៀមឯកសារឆ្លងដែនទៅរកភរិយាក្នុងប្រទេសវៀតណាម។

លោកឧត្ដមសេនីយ៍បានសង្កត់ធ្ងន់ថា ការលួចអាវុធយកទៅលក់ដើម្បីដោះបំណុលល្បែងនេះ ក្នុង ១ ដើម អាចបានត្រឹម ៣ ម៉ឺនបាតប៉ុណ្ណោះ ហើយលោកនឹងសន្យាថា ប្រមូលអាវុធទាំងអស់នោះយកមកវិញឲ្យបាន ក្រោយពីសាកសួរចម្លើយជនសង្ស័យចប់។

នៅពេលចាប់ខ្លួន សមត្ថកិច្ចថៃ បានដឹកជនសង្ស័យតាមរយៈឧទ្ធម្ភាគចក្រទៅកាន់អង្គភាពតម្រួតនៅក្នុងទីក្រុងបាងកក ដើម្បីសាកសួរ ដោយនៅពេលនោះដែរគេបានសារភាពថា ការលួចយកអាវុធចេញពីឃ្លាំង គឺគេបានចាប់ផ្ដើមតាំងពីដើមខែមេសា មកម្ល៉េះ ដោយលួចម្តងបន្តិចៗ ដើម្បីយកទៅលក់ ដោយសារតែខ្លួនគេបានចាញ់ល្បែងភ្នាល់បាល់ច្រើនពេក ហើយក៏បានយកលុយទាំងនេះទៅដោះបំណុលគេ ចំពោះគោលដៅដែលជនសង្ស័យបានយកអាវុធទៅលក់នេះ គឺមាន ៩ គោលដៅ ដោយក្នុងមួយគោលដៅ ទៅតាមទំហំដែលគេបានកុម្ម៉ង់។

លោកឧត្ដមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ បានលើកពីភាពអវិជ្ជមានថា លោកនឹងដាក់កម្លាំងស្រាវជ្រាវរកប្រភពទាំង ៩ គោលដៅនោះឲ្យឃើញ ដើម្បីនាំខ្លួនអ្នកទិញអាវុធយកមកផ្ដន្ទាទោស ព្រមទាំងយកអាវុធទាំងជាង ១០០ ដើមនោះមកវិញឲ្យបាន ព្រោះគេមិនដឹងថា តើក្រុមដែលទិញអាវុធយកទៅនេះមានគោលបំណងអ្វី? ល្អ ឬអាក្រក់? ជួនកាលក៏អាចក្លាយជាអ្នកស៊ីឈ្នួលសម្លាប់មនុស្សក៏អាចថាបាន ព្រោះពេលនេះកៀកពេលត្រូវបោះឆ្នោតក្នុងប្រទេសថៃផង។

ចាប់តាំងពីថ្ងៃចាប់ខ្លួនជនសង្ស័យនោះមក មានប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តសុងខ្លា និងខេត្តចំនួន ៣ ទៀត ស្ថិតនៅភាគខាងត្បូងប្រទេសថៃ បាននាំគ្នាយកអាវុធដែលទិញពីតម្រួតរូបនេះ មកប្រគល់ឲ្យស្ថានីយតម្រួតវិញជាបណ្តើរៗហើយ។ បើគិតមកទល់នឹងយប់ថ្ងៃទី ២៥ តុលា សមត្ថកិច្ចថៃ ទទួលបានចំនួន ៥៣ ដើមហើយ ក្នុងនោះមានអាវុធវែង ៧ ដើម និងអាវុធខ្លី ៤៦ ដើម។

លោកឧត្ដមសេនីយ៍អគ្គស្នងការរង បានបន្ថែមថា លោកនឹងព្យាយាមប្រមូល និងស្រាវជ្រាវបន្ថែមទៀតទៅលើអាវុធដែលនៅសេសសល់។ ប៉ុន្តែលោកបានសន្និដ្ឋានថា អាវុធមួយចំនួន អាចឆ្លងដែនចេញទៅក្រៅប្រទេស គឺទៅភាគខាងត្បូង នៃប្រទេសថៃ៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?