នយោបាយ
សម្ដេចតេជោ សរសើរ និងអរគុណថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលថ្កោលទោសអ្នកទាំងឡាយណា មានចេតនាប្រមាថព្រះមហាក្សត្រ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែតុលានេះថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំកាលពីម្សិលមិញ ថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»។
សូមជម្រាបថា គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ ហើយក៏បានបញ្ជាក់ថា គណបក្សរបស់ខ្លួន មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះដែរ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី ២៧ ខែតុលានេះ គណបក្សភ្លើងទៀន បានបញ្ជាក់នូវជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
គណបក្សភ្លើងទៀន ក៏បានបញ្ជាក់ដែរថា គណបក្សខ្លួន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ ស្តីពី គណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
គណបក្សប្រឆាំងមួយនេះ ក៏បានបញ្ជាក់ដែរថា ខ្លួនបានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
គណបក្សមួយនេះ ក៏បានប្រកាសបដិសេធថា មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះដែរ។
សូមជម្រាបថា នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមុខបកស្រាយករណីលោក សម រង្ស៊ី ដែលជាទណ្ឌិត ប្រមាថអង្គព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិនោះ តើជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ?
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្ដម ទាវ វណ្ណុល ឯកឧត្ដម ថាច់ សេដ្ឋា ឯកឧត្ដម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់អះអាងថា តើការនិយាយរបស់ សម រង្ស៊ី ខ្ញុំចំឈ្មោះអាហ្នឹងចុះ ព្រោះវាមិនអាចថា ក្រែងលោមានការភ័ន្ដច្រឡំ តើការនិយាយរបស់អា សម រង្ស៊ី ត្រឹមត្រូវ ឬមិនត្រូវ យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឲ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិកាជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ»?
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់