Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភាគច្រើនស្នើអាជ្ញាធរ ជួយស្ថាបនាផ្លូវ លូ តែមិនលើកពីបញ្ហាសំរាមទេ ក្នុងវេទិកា​សាធារណៈ នៅខណ្ឌមានជ័យ

បានផុស

នៅ

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​អតីត​រោងចក្រ​ស្ព័រវេ ផ្លូវជាតិ​លេខ ២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ប្រជាពលរដ្ឋ​បាន​ស្នើ​អាជ្ញាធរ​ជួយ​ស្ថាបនា​ផ្លូវ លូ សុំ​បើកផ្លូវ បញ្ហា​សណ្ដាប់ធ្នាប់ ចរាចរណ៍ បញ្ហា​ចោរ​លួច​គាស់​ផ្ទះ បញ្ហា​គ្រឿងញៀន សុំ​សាងសង់​សាលារៀន និង​រថយន្ត​ដឹកទំនិញ​ធ្វើ​ឲ្យ​ខូច​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក នួន ផារ័ត្ន អភិបាលរង​រាជធានី តំណាង​ឲ្យ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

លោក ហែម ដារិទ្ធ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​មិនបាន​លើក​ឡើង​ពី​បញ្ហា​សំរាម និង​អគ្គិសនី​ទេ នោះ​មាន​ន័យ​ថា សេវា​ទាំង ២ នេះ នៅ​ខណ្ឌ​មានន័យ​ឃើញ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ។ ចំពោះ​ការ​លើក​ឡើង​ជា​សំណួរ សំណូមពរ របស់​ប្រជាពលរដ្ឋ​ឲ្យ​ស្ថាបនា​ផ្លូវ លូ​នេះ មាន​ពលរដ្ឋ​ចំនួន ១១ នាក់ បាន​លើក​ឡើង​ដោយ​ផ្ទាល់។ បញ្ហា​នេះ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ការ​ស្នើសុំ គ្រាន់តែ​ផ្លូវ​ខ្លះ​ត្រូវ​ស្ថាបនា​មុន និង​ក្រោយ អាស្រ័យ​លើ​ថវិកា​យើង​មាន។

លោក នួន ផារ័ត្ន មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​មានជ័យ​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ជា​សំណួរ សំណើ សំណូមពរ ដោយ​ផ្ទាល់​មាត់ ១៤ នាក់ ក្នុង​ចំនួន​នេះ ការ​ស្នើសុំ​ស្ថាបនា​ផ្លូវ លូ និង​ស្តារ​លូ មាន ១១ នាក់ ទៅ​ហើយ។ ចំណែក​សំណួរ សំណើ សំណូមពរ ជា​លាយលក្ខណ៍អក្សរ​មាន​ចំនួន ៧៥ ។ ចំពោះ​សំណួរ សំណើ សំណូមពរ​ទាំងអស់​នេះ អាជ្ញាធរ នឹង​ដោះស្រាយ​ជូន​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ដោយ​ការ​សុំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ លូ នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នឹង​ដាក់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ និង​សិក្សា។ ក្រោយ​ពិនិត្យ និង​សិក្សា​ហើយ នឹង​ធ្វើ​របាយការណ៍​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ស្ថាបនា និង​ជួសជុល។

លោក​បន្ត​ថា នៅ​ភ្នំពេញ​មាន​ផ្លូវ​ប្រវែង​ជាង ៣៥០០ គីឡូម៉ែត្រ តែ​យើង​មិន​បាន​ជាប់បំណុលគេ​នោះ​ទេ។ យើង​មាន​លុយ យើង​ធ្វើ។ ប៉ុន្តែ​នៅ​ពេល​អនាគត យើង​នឹង​អាច​ខ្ចី​ថវិកា​គេ​សម្រាប់​គម្រោង​ធំៗ។

ចំពោះ​ការ​ស្នើសុំ​សាងសង់​សាលារៀន លោក នួន ផារ័ត្ន បញ្ជាក់​ថា យើង​នឹង​បន្ត​ស្នើ​ទៅ​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្ថាបនា។ ចំពោះ​បញ្ហា​សណ្ដាប់ធ្នាប់ ចោរលួច​គាស់​ផ្ទះ ជនអនាថា​សេព​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន លោក​ស្នើ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ស្ទឹងមានជ័យ ចាត់​វិធានការ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ។

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ម៉ប់ សារិន បាន​មាន​ប្រសាសន៍​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួមមាន បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​បាន​ដឹង​ឮ និង​រក​យន្តការ​ដោះស្រាយ​ជូន។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង ១ ឆ្នាំ ម្តង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ក្នុង​រយៈពេល ២ ឆ្នាំ ជាប់​គ្នា​នេះ ត្រូវ​បាន​ខកខាន​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ យើង​មិនបាន​ជួបជុំគ្នា​បែបនេះ​ទេ។ តែ​ពេលនេះ យើង​បាន​ជួបជុំគ្នា​ជា​ធម្មតា​ឡើងវិញ។ ការ​ជួបជុំ​គ្នា​បែបនេះ​ឡើងវិញ វា​មិនមែន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ តែ​វា​បាន​មកពី​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ​យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង អភិក្រម​ផ្កា​រីក ជូន​ប្រជាពលរដ្ឋ​រហូត​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ជា​ធម្មតា​ឡើងវិញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម