ព័ត៌មានជាតិ
កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ មានទឹកប្រាក់ ៣០ លានដុល្លារ
កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០ លានដុល្លារអាមេរិក។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី ០៤ វិច្ឆិកា រវាងលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្ដាប្រទេសជិតខាង (NEDA) តំណាងដោយរាជរដ្ឋាភិបាលថៃ។

លោក Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់ កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង ២ ឲ្យកាន់តែប្រសើរឡើង ហើយផ្លូវជាតិលេខ ៦៧ នេះ គឺជាច្រកមួយដ៏សំខាន់ ក្នុងការបម្រើឲ្យគោលដៅនេះ។
លោកប្រធាន NEDA បានបន្តទៀតថា ក្រៅអំពីកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ NEDA ក៏មានបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យផ្សេងៗទៀតផងដែរ នាពេលអនាគត រួមមាន ៖ កិច្ចសហប្រតិបត្តិការលើវិស័យរចនាសម្ព័ន្ធរូបវ័ន្តសាធារណៈ ថាមពល សុខាភិបាល និងការអភិវឌ្ឍទីក្រុងជាដើម។

លោក វង្សី វិស្សុត បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ អនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ប្រវែងប្រមាណ ១៣៥ គីឡូម៉ែត្រ ព្រោះថា ផ្លូវជាតិលេខ ៦៧ នេះ គឺជាច្រកដ៏សំខាន់មួយក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើង នៃប្រទេសកម្ពុជា ទៅនឹងខេត្តស៊ីសាកេត និងភាគឦសាន នៃប្រទេសថៃ។

លោក វង្សី វិស្សុត បានបន្តថា ការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឲ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនកាន់តែប្រសើរឡើង ហើយកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ច និងចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។
ជាងនេះទៅទៀត ផ្លូវនេះ នឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់ កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។
លោក វង្សី វិស្សុត បានលើកឡើងទៀតថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានប្រពៃណីទំនៀមទម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។

លោក វង្សី វិស្សុត រំលឹកថា គិតត្រឹមឆ្នាំ ២០២២ រាជរដ្ឋាភិបាលថៃ បានផ្តល់ឥណទានសម្បទានដល់កម្ពុជា សរុបចំនួន ៣ ០១៩ លានបាត ដែលស្មើនឹងប្រមាណ ៨៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន ០៣ ក្នុងនោះ គម្រោងសាងសង់ផ្លូវឆ្លងកាត់ស្ទឹងបត់ និងផ្លូវចូលទៅកាន់គម្រោងផ្លូវជាតិលេខ ៥ ដែលកំពុងដំណើរការ និងគម្រោងស្តារផ្លូវជាតិលេខ ៦៧ នេះផងដែរ។
ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃ ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានដល់កម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំង ២ ដែលនេះ នឹងជួយប្រែក្លាយតំបន់ព្រំដែនរបស់យើងឲ្យទៅជាតំបន់ឧស្សាហកម្ម ផលិតកម្ម និងទេសចរណ៍ ក៏ដូចជា នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង និងកិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ផងដែរ។ ក្នុងន័យនេះ លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងជួយពង្រឹងនូវចំណងមិត្តភាពកម្ពុជា-ថៃ ឲ្យកាន់ស្អិតរមួត និងរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ