Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និង​អង្គការដៃគូ ប្តេជ្ញារួមគ្នា បន្តបញ្ចប់​វិបត្តិ​អន្ទាក់​នៅ​កម្ពុជា

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យ នាពេលថ្មីៗនេះ បានថ្លែងថា “យុទ្ធនាការអន្ទាក់សូន្យ” ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ។ គោលដៅចំបងនៃយុទ្ធនាការគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ខែ បង្ហាញថា យុទ្ធនាការអន្ទាក់សូន្យដែលបានប្រព្រឹត្តឡើងក្នុងខេត្តទាំង ៦ មានអ្នកចូលរួមដោយផ្ទាល់ជាង ៣ ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ ចំណងជើងត្រូវបានសរសេរ និងចុះផ្សាយលើបណ្តាញព័ត៌មានជាតិ និងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣ លាននាក់។ ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្តទាំង ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្ត និងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។

លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ ដោយ “រក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ”។ សាធារណជនទូទៅនៅកម្ពុជាបានដឹងពីយុទ្ធនាការ អន្ទាក់សូន្យ និងបានទទួលព័ត៌មានយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយចេញពីយុទ្ធនាការអន្ទាក់សូន្យ។

លោក មានប្រសាសន៍ទៀតថា៖ “តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាចំពោះវិបត្តិដែលកំពុងកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅ​លុបបំបាត់​ការប្រើអន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​របស់​កម្ពុជា”។

រដ្ឋលេខាធិការ បានលើកទឹកចិត្តបន្ថែមដល់ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងការបន្តប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូប្រកបដោយឆន្ទៈរួមនេះដើម្បីរៀបចំផែនការសម្រាប់ការអនុវត្តយុទ្ធនាការអន្ទាក់សូន្យបន្តទៀតដោយផ្តោតលើធាតុបីសំខាន់ៗគឺ៖ ទី១. គួររៀបចំផែនការសកម្មភាពជាក់លាក់ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋានដើម្បីចូលរួមបង្កើនជីវភាពរស់នៅរបស់ប្រជាជនឲ្យបានប្រសើរ ដែលជាការបន្តលើកទឹកចិត្តដល់សហគមន៍ក្នុងការចូលរួមការងារអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងសត្វព្រៃសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យអេកូទេសចរណ៍។​ ទី២. បង្កើនការរៀបចំសកម្មភាពអប់រំជាក់លាក់បន្ថែមទៀតដល់អ្នកនិយមបរិភោគ អ្នកលក់ អ្នកទិញ និងអ្នកជួញដូរសត្វព្រៃដើម្បីសំដៅកែប្រែឥរិយាបទរបស់អ្នកទាំងនោះឲ្យបញ្ឈប់នូវទង្វើ ដែលសង្គមជាតិទូទៅមិនផ្តល់តម្លៃសោះ ហើយប្រែក្លាយសកម្មភាពខុសច្បាប់ទាំងនោះមកជាការចូលរួមក្នុងការការពារសត្វព្រៃ និងអភិរក្សជីវចម្រុះរបស់កម្ពុជាឱ្យស្ថិតនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់កូនចៅច្រើនជំនាន់តទៅថ្ងៃអនាគត។ ទី៣. គួររៀបចំ និងពង្រឹងផែនការអភិរក្សឱ្យមានប្រសិទ្ធភាពថែមទៀតដើម្បីស្រាវជ្រាវតាមដាន ពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ការពារ និងស្តារចំនួនសត្វព្រៃឱ្យមានស្ថានភាពប្រសើរឡើងវិញដោយលើកទឹកចិត្តឱ្យយប្រជាជនសហគមន៍មូលដ្ឋានចូលរួមក្នុងសកម្មភាពទាំងនេះ ក្នុងគោលបំណងបញ្ជៀសឱ្យបាននូវការពង្រាយអន្ទាក់ថ្មីទៀត និងការបរបាញ់សត្វព្រៃខុសច្បាប់។

ក្រោមឆ័ត្រនៃ​ “យុទ្ធនាការអន្ទាក់សូន្យ” ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក USAID សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ BirdLife និង អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ FFI អង្គការ RECOFT អង្គការ ACCB គម្រោង Green Prey Lang, Morodok Baitong, Cambodia Green Future និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត ដោយបានរៀបចំជាសកម្មភាពយុទ្ធនាការ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមតំបន់នានាក្នុងខេត្តគោលដៅនៃតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេល ៦ខែ ដៃគូពាក់ព័ន្ធទាំងអស់បានប្តេជ្ញាលុបបំបាត់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃតាមរយៈយុទ្ធនាការជាតិនេះ។ ក្រសួងបរិស្ថាន ព្រមទាំងដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ធ្វើការរួមគ្នាដើម្បីផ្តល់ជម្រើសមុខរបរ រួមទាំងគំនិតផ្តួចផ្តើម កសិកម្ម និងអេកូទេសចរណ៍ ដល់សមាជិកសហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ដែលមានទំនៀមទម្លាប់ពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃតាមបែបប្រពៃណីដើម្បីយកសាច់បរិភោគ និងជួញដូរផ្សេងៗ។

ទាំងមន្ត្រីក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិលដែលធ្វើការងារអភិរក្សបានបង្ហាញការពេញចិត្តចំពោះលទ្ធផលដែលទទួលបានពីយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែមកនេះ ដោយបានគូសបញ្ជាក់ថា វាជាកិច្ចការងារចាំបាច់បំផុតដែលក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបបំបាត់អន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជាជារៀងរាល់ថ្ងៃ។ គេមិនដឹងថាក្នុងមួយឆ្នាំមានអន្ទាក់ប៉ុន្មាននោះទេដែលត្រូវបានដាក់ក្នុងតំបន់ការពារធម្មជាតិកម្ពុជា តែយោងតាមទិន្នន័យនៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺនត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅ។ តាមការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូ បរិមាណអន្ទាក់ត្រឹមតែ ២០% ប៉ុណ្ណោះដែលដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។

លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្ត ធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់។

តួអង្គពាក់ព័ន្ធទាំងអស់បានរំពឹងទុកថា យុទ្ធនាការនេះនឹងដឹកនាំឱ្យឈានទៅដល់ការពិនិត្យឡើងវិញ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងការដាក់ទោសចំពោះការកាន់កាប់អន្ទាក់ និងការប្រើសត្វឆ្កែនៅក្នុងតំបន់ការពារធម្មជាតិ ការបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់ចម្រុះនៅថ្នាក់ខេត្តទទួលបន្ទុកការប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃ និងការអនុម័តយកវិធានការបង្ការដែលបានណែនាំដោយអង្គការសុខភាពពិភពលោកកាលពីខែមេសា ឆ្នាំ២០២១ ស្តីពីហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការលក់សត្វព្រៃរស់សម្រាប់ជាអាហារ និងការបរិភោគសាច់សត្វព្រៃ។

គួរបញ្ជាក់ថា អន្ទាក់​សម្លាប់​ដោយ​មិន​រើស​មុខឡើយរាប់ចាប់​ពី​ពពួកសត្វអណ្តើក រហូតដល់សត្វ​ដំរី ពពួកពានរ ក៏ដូចជា​សត្វ​ស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ សត្វព្រៃដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។ អន្ទាក់គឺជាកត្តារួមចំណែកដ៏ធំមួយដល់ភាពផុតពូជនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា និងជាកត្តារួមចំណែកដ៏ចំបងមួយនៃការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់នៃចំនួនសត្វខ្លារខិន។ នៅកម្ពុជា សត្វខ្ទីង ទន្សោង ប្រើស និងសត្វក្រចកជើងចំពាមច្រើនប្រភេទទៀតកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជដោយសារតែវិបត្តិអន្ទាក់នេះ។ រីឯសត្វត្មាត និងសត្វត្រយងយក្សដែលសុទ្ធសឹងជាប្រភេទសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជបំផុតក៏រងគ្រោះដោយវិបត្តិអន្ទាក់នេះ និងការបំពុលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម