អត្ថាធិប្បាយ
កម្ពុជា និងវៀតណាម បង្កើនការតភ្ជាប់សេដ្ឋកិច្ចតាមរយៈអាស៊ាន
ដោយសារតែកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីរដ្ឋ និងសហគ្រាសនៃភាគីទាំងពីរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានរីកចម្រើនជាបន្តបន្ទាប់។ បើតាមអ្នកជំនាញ សក្ដានុពលនៃការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅតែមានទំហំធំ និងមានគុណសម្បត្តិជាច្រើន ដោយសារប្រទេសទាំង២ កំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងដៃគូអភិវឌ្ឍន៍ជាច្រើន។
ពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំង
មកដល់ពេលនេះ បន្ទាប់ពីជំងឺកូវីដ១៩ គ្រប់គ្រងបានល្អ ចំនួនអ្នកធ្វើដំណើរ និងការចរាចរទំនិញនៃប្រទេសទាំង២ បានកើនឡើងគួរឲ្យកត់សម្គាល់។ ច្រកទ្វារព្រំដែនចំនួន២រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានបើកដំណើរការលំហូរនាំចូល និងនាំចេញឡើងវិញ ប៉ុន្តែ ត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងតឹងរ៉ឹងតាមបទប្បញ្ញត្តិ ដើម្បីបម្រើឱ្យពាណិជ្ជកម្មទំនិញកាន់តែល្អប្រសើរឡើង។
យោងតាមព័ត៌មានពីច្រកទ្វារអន្តរជាតិ Ha Tien ប្រទេសវៀតណាម គឺនៅក្នុងរយៈពេល៨ខែដំបូង ក្នុងឆ្នាំ ២០២២នេះ មានអ្នកធ្វើដំណើរចំនួន១១ ៣០០០នាក់ បានចូល និងចេញប្រទេសវៀតណាម។ ជាមួយគ្នានេះ មន្រ្តីនៃច្រកទ្វារអន្តរជាតិ Ha Tien ក៏បានសម្របសម្រួល ត្រួតពិនិត្យ និងដោះស្រាយនីតិវិធីសម្រាប់មធ្យោបាយដឹកជញ្ជូនទំនិញជាង ១២ ០០០ គ្រឿង និងមធ្យោបាយធ្វើដំណើរចេញ-ចូលចំនួន ២៣៦ គ្រឿងទៀត។ រីឯ ទំនិញវិញ មានជាង ៨៥ ០០០តោន ភាគច្រើនជាគ្រឿងសមុទ្រ ផលិតផលកសិកម្ម ប្រេងឆា គ្រឿងប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ និងគ្រឿងចក្រ ត្រូវបាននាំចេញពីប្រទេសវៀតណាមមកកម្ពុជា។ ផ្ទុយទៅវិញ ទំនិញជិត ១៨ ០០០តោន ភាគច្រើន កន្ទួតព្រៃ ស្ករចម្រាញ់ និងពូជបង្គារ ត្រូវបាននាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
សកម្មភាពពាណិជ្ជកម្ម ក៏មានភាពមមាញឹកជាថ្មីទៀតនៅតាមច្រកព្រំដែនផ្សេងទៀតតាមបណ្តោយព្រំដែននៃប្រទេសទាំង២ផងដែរ។ ជាក់ស្តែង ៦ខែ ក្នុងឆ្នាំ២០២២នេះ ចំណូលនាំចូល-នាំចេញសរុបនៃទំនិញកម្ពុជា-វៀតណាម នៅតំបន់ព្រំដែនខេត្តស្វាយរៀង(កម្ពុជា)-ខេត្តតៃនិញ (វៀតណាម) សម្រេចបានជាង ៨៣៥លានដុល្លារអាមេរិក ស្មើនឹង ៣៦,១៦% នៃចំណូលសរុបការនាំចូល និងនាំចេញតាមច្រកព្រំដែន។ ស្ថិតិ ក៏បានបង្ហាញដែរថា ចំណូលនាំចូល និងនាំចេញសរុបនៃទំនិញផ្លូវការតាមរយៈខេត្ត An Giang (វៀតណាម) ក្នុងរយៈពេល ៦ខែក្នុងឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង១ពាន់លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ចំណែក មធ្យោបាយសរុបនៃមធ្យោបាយចូល និងចេញតាមច្រកព្រំដែនក្នុងខេត្ត An Giang (វៀតណាម) ឈានដល់ជិត ១៨.០០០គ្រឿង កើនឡើង ១០៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទោះបីជាមានការលំបាកជាច្រើនដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ នៅតែកើនឡើងយ៉ាងខ្លាំងជាមួយនឹងតួលេខគួរឱ្យចាប់អារម្មណ៍។ ជាពិសេស នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ ចំណូលនាំចេញ-នាំចូល វៀតណាម-កម្ពុជា ឈានដល់ជិត ៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យ
នៅក្នុងកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជានាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមព្រំដែនតាមរយៈការធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែន និងបើកទីផ្សារព្រំដែនថ្មីរវាងប្រទេសទាំង២។ ចាប់តាំងពីពេលនោះមក ការជួយជ្រោមជ្រែងជាមូលដ្ឋាននៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ បានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាតំបន់ព្រំដែនមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមចំណែក លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។
បច្ចុប្បន្ននេះ វៀតណាមរក្សាបានតំណែងនាំមុខគេក្នុងអាស៊ាន និងក្នុងក្រុមប្រទេសចំនួន៥ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅតែមានសក្ដានុពលច្រើន ដោយសារប្រទេសទាំង២មានលក្ខណៈស្រដៀងគ្នាជាច្រើនទាក់ទងនឹងវប្បធម៌ តម្រូវការទីផ្សារ និងទម្លាប់នៃការប្រើប្រាស់។ លើសពីនេះទៅទៀត ប្រទេសទាំង២ ជាសមាជិកអាស៊ាន ហើយទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តក្នុងតំបន់។ ជាក់ស្តែង យោងតាមការប្តេជ្ញាចិត្ត និងការកាត់បន្ថយពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) គឺទំនិញនាំចូល និងនាំចេញភាគច្រើនរវាងកម្ពុជា និងវៀតណាម ទទួលបានពន្ធពី០-៥%។ នេះ ធ្វើឲ្យទំនិញរបស់ភាគីទាំង២ងាយស្រួលក្នុងការជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក។
ទន្ទឹមនឹងកិច្ចព្រមព្រៀងទ្វេភាគីនេះ កិច្ចព្រមព្រៀងក្នុងតំបន់អាស៊ាន នឹងបន្តតភ្ជាប់សេដ្ឋកិច្ចកម្ពុជា និងវៀតណាមផងដែរ។ មិនត្រឹមតែនាំមកនូវឱកាសកាន់តែច្រើនក្នុងការចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកប៉ុណ្ណោះទេ គឺកិច្ចព្រមព្រៀងខាងលើ នឹងបន្តបង្កើតឱកាសជាច្រើនសម្រាប់អ្នកវិនិយោគនៃប្រទេសវៀតណាម កម្ពុជា និងប្រទេសទី៣ ក្នុងការទាញយកអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមកនៃប្រទេសនីមួយៗ ដើម្បីពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ បន្ថែមលើនេះ ក៏ដើម្បីអភិវឌ្ឍផលិតផល អភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងតំបន់សម្រាប់ការនាំចេញទៅកាន់ប្រទេសអាស៊ាន និងទីផ្សារផ្សេងទៀតក្នុងពិភពលោកជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTAs)។ កម្ពុជា និងវៀតណាម ក៏មានសក្ដានុពលជាច្រើនក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់ ដូចជា ការផលិតទំនិញប្រើប្រាស់ ថាមពល អគ្គិសនី រ៉ែ ការកែច្នៃ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមបន្ថែមទៀត ប្រទេសទាំង២ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រៀបចំវេទិកាធុរកិច្ច និងការតាំងពិព័រណ៌ទំនិញក្នុងប្រទេសនីមួយៗ។ ជាមួយគ្នានេះ កម្ពុជា និងវៀតណាម ក៏នឹងសម្របសម្រួល ដើម្បីបញ្ចប់ក្របខ័ណ្ឌច្បាប់មួយចំនួនស្តីពីពាណិជ្ជកម្មទ្វេភាគី ដូចជាការកែប្រែ ឬពង្រីកកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំង២នៅឆ្នាំ ២០២២៕
ដោយ៖វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ