ព័ត៌មានជាតិ
លោក ជា សុផារ៉ា ៖ ការរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនដ៏ស្អិតរមួត ឡើយ
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនដ៏ស្អិតរមួត ជាពិសេសជំនួយនានាពីរដ្ឋាភិបាលចិនឡើយ។
ការលើកឡើងនេះ គ្រាដែលលោក ជា សុផារ៉ា តំណាងសម្ដេចតេជោនាយរកដ្ឋមន្ត្រី រួមជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ នៅក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើន និងការវិវត្តន៍ឈានឡើងរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាចិនដ៏ស្អិតរមួត ជាពិសេសជំនួយហិរញ្ញប្បទានឥតសំណង ឥណទានឥតការប្រាក់ និងឥណទានសម្បទាន ក្នុងវិស័យសំខាន់ៗជាច្រើន រួមនិងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។
លើសពីនេះទៀត រដ្ឋាភិបាលចិន ក៏បានជួយកម្ពុជាក្នុងការថែរក្សាសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួន តាមរយៈកម្មវិធី និងគម្រោងអភិរក្សជួសជុលស្រាវជ្រាវបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសម្បត្តិវប្បធម៌ និងអរិយធម៌នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន។
ជាក់ស្ដែងប្រាសាទតាកែវ ត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១៨ ដោយប្រើប្រាស់ថវិកាចំនួន ៤០លានយន់, ប្រាសាទចៅសាយទេវតា ត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ ២០០០ និងបញ្ចប់ក្នុងឆ្នាំ ២០០៨ ប្រើប្រាស់ថវិកាចំនួន ១៤លានយន់ ហើយបច្ចុប្បន្នកំពុងសិក្សាគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងចំណាយរយៈពេល ១០ឆ្នាំពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៩ ប្រើប្រាស់ថវិកា ៩០លានយន់។
ថ្មីៗនេះអាជ្ញាធរជាតិអប្សរាទៀត ក៏ទើបទទួលបានមូលនិធិពិសេសចំនួន ៣៧៩,៤០០ដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល ២ឆ្នាំ ដែលនឹងត្រូវអនុវត្តនៅចុងឆ្នាំ ២០២២នេះ ដើម្បីអភិរក្ស និងជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា។ ក្រៅពីនេះប្រទេសចិន ក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃ ICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្សនិងជួសជុលគោបុរះទី ១ ទី ២ និងទី ៣ ដែលភាគីចិនកំពុងសិក្សាយ៉ាងល្អិតល្អន់ ដើម្បីរួមចំណែកក្នុងការរក្សាការពារប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀត បន្ទាប់ពីរមណីយដ្ឋានអង្គរ។
ក្រៅពីកិច្ចការអភិរក្សទាំងអស់នេះ ស្ថាប័នសាធារណៈ និងឯកជនចិនផ្សេងទៀត ក៏បានរួមចំណែកក្នុងការងារអភិរក្សផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជា ផងដែរ។ ដោយឡែកពិធីប្រគល់ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវនាពេលនេះ គឺជាសក្ខីភាពដ៏ជាក់ស្ដែង និងជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការអមតៈរវាងប្រជាជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីគោលជំហរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ដោយឥតលក្ខខណ្ឌ និងគ្មានភាពស្រពេចស្រពិលនូវ “នយោបាយចិនតែមួយ” ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងនូវ “គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន នៅលើគ្រប់វេទិកាតំបន់និងអន្តរជាតិ ពិសេសរួមគ្នាកសាង “សហគមន៍តែមួយ ជោគវាសនាតែមួយដើម្បីមនុស្សជាតិ”។
ចំណែកលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា មិត្តភាពប្រពៃណី រវាងចិន និងកម្ពុជាគឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដោយប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌យ៉ាងជិតស្និទ្ធបំផុត ដែលនេះជាមូលដ្ឋានដ៏មានអត្ថន័យ សម្រាប់កិច្ចសហប្រតិបត្តិការ និងចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។
លោកបន្តថា ចិន និងកម្ពុជា គឺសុទ្ធតែជាប្រទេសដែលមានអរិយធម៌រុងរឿងតាំងពីយូរលង់ណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនាពេលនេះ គឺអាស្រ័យលើប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌ភាសាគ្នាទៅវិញទៅមក ក្នុងបរិយាកាសដែលបច្ចុប្បន្នពិភពលោកកំពុងមានសេដ្ឋកិច្ច និងសភាពការណ៍ស្មុគស្មាញ ហើយសង្វាក់ផលិតកម្ម គឺត្រូវមានការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ទើបទាមទារឲ្យមានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី លី ខឺឈាង បានបញ្ជាក់ថា ដោយមើលឃើញថា រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរបង្ហាញឲ្យឃើញពីភាពរុងរឿងដ៏អស្ចារ្យ ក៏ដូចជាមោទនភាពរបស់ប្រជាជាតិកម្ពុជានោះ។ ដូច្នេះហើយទើបពេលនេះប្រទេសចិន ក៏បានជួយជួសជុលប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលនេះជាលើកទី ២ ក្រោមក្របខណ្ឌ UNESCO បានជួយដល់ប្រទេសកម្ពុជា ហើយលោកយល់ឃើញថា គម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌អរិយធម៌ រវាងបណ្ដាប្រទេសនីមួយៗនៅលើពិភពលោក ផងដែរ។
លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា នឹងរួមចំណែកធ្វើឲ្យរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គ រក៏ដូចជាជួយជំរុញដល់ប្រជាជននៃប្រទេសទាំងពីរ បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត អំពីវប្បធម៌នៃប្រទេសទាំងពីរកម្ពុជា-ចិន៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២១ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី