Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ានត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម-សេដ្ឋកិច្ច នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ជាផ្លូវការ ដោយមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូលរបស់អាស៊ាន នៅសណ្ឋា​គារសុខាភ្នំពេញ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ ២០២០មក។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកប​ដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាស​ដោយមោទនភាពថា យើងបានយកឈ្នះលើការ គម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវ​ជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលាកន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃសកលលោក។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះ ទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់ គ្នាកំពុងជួបប្រទះ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់ មនុស្ស។ ក្នុងន័យនេះ សម្ដេចតេជោមានជំនឿថា សមាជិកអាស៊ានទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ។ សម្ដេចតេជោ ហ៊ុន សែន ក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្ថែមថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា សមាជិកអាស៊ានទាំងអស់គ្នាបានរៀបចំនូវកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ ទាំងនេះ បង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់អាស៊ាន និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា។ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ស្មារតីសហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជាអាទិភាព ក្នុងកិច្ចពិភាក្សារបស់អាស៊ាន ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម