ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើអគ្គលេខាធិការ UN បង្កើនជំនួយលើការដោះមីននៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បង្កើនជំនួយលើការដោះមីន ដើម្បីជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥”។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/03-43-1024x682.jpg)
ការស្នើយ៉ាងដូច្នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន និងលោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ នៅក្នុងជំនួបទ្វេភាគី កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/04-37-1024x903.jpg)
ក្នុងឱកាសនោះលោកអគ្គលេខាធិការ Guterres បានសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួល ជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/06-22-1024x706.jpg)
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យចំនួន ៣ រួមមាន៖ សាលាក្ដីខ្មែរក្រហម ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) និងជំនួបប្រចាំឆ្នាំរវាង សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាមួយគ្រប់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយសង្កត់ធ្ងន់ពីការចាប់ផ្តើមឡើងវិញនូវជំនួបនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការអាក់ខានដោយសារការរាតត្បាតកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/07-12-1024x682.jpg)
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងការផ្ដល់ជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្ត្រ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ដែលបានចូលរួមវិភាគទានដល់យុទ្ធនាការចាក់វ៉ាក់សាំង ប្រកបជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបដោយសង្ខេបជូន លោកអគ្គលេខាធិការ Guterres អំពីការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកល នៅខែកក្កដា ឆ្នាំ ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញ ពិភពលោក និងបានជម្រាបជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្តី បានស្នើលោកអគ្គលេខាធិការ Guterres បង្កើនជំនួយរបស់អង្គការសហប្រជាជាតិលើការដោះមីន ដើម្បីជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥” និងបានស្នើបញ្ចូលការដោះមីន ទៅក្នុងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្ដេចតេជោលើការដោះមីន និងបានធានាចំពោះសម្ដេចក្នុងការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសំណើ និងសំណូមពរ។ ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើជំហររបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត