ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះក្រុមហ៊ុនជប៉ុន OJI Holding Group ដែលបានសម្រេចនូវបង្គោលចរថ្មីមួយទៀត រួមជាមួយនឹងការប្តេជ្ញាចិត្តជំរុញឲ្យកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌលវេចខ្ចប់ឈានមុខគេនៅក្នុងតំបន់ បន្ទាប់ពីបានដំណើរការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង ១៨ ឆ្នាំកន្លងមកនេះ ហើយក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានជំរុញឲ្យក្រុមហ៊ុនទទួលបានជោគជ័យ រហូតឈានដល់ការបើករោងចក្រទី ៣ ដោយក្នុងនេះមានការបំពាក់នូវម៉ាស៊ីនផលិតកេសកាតុងស្វ័យប្រវត្តិ ដែលជាម៉ាស៊ីនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្ដមអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសយកកម្ពុជាជាគោលដៅ ក្នុងការវិនិយោគរយៈពេលវែង ដែលជាសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយម ដែលបង្ហាញអំពីទំនុកចិត្តចំពោះលក្ខណៈអំណោយផលល្អនៃបរិយាកាសវិនិយោគ ក៏ដូចជាចំពោះសក្តានុពលដ៏រឹងមាំ នៃវិស័យឧស្សាហកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏អរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងជាមិត្តដ៏ល្អរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការបង្រួបបបង្រួមជាតិស្វែងរកសន្តិភាព និងដំណាក់កាលកសាងអភិវឌ្ឍប្រទេស ក្រោយទទួលបានសន្តិភាពពេញលេញ ហើយជាពិសេសការឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កន្លងទៅថ្មីៗនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឲ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ។ ក្នុងនេះ កម្ពុជាបានដាក់ចេញនូវច្បាប់ ស្តីពី វិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើន ប្រកបដោយភាពជាក់លាក់, បត់បែន និងទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន។

ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ផងដែរ។
មួយវិញទៀត ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ, កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និងក្រុងព្រះសីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម។
បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងទស្សនវិស័យដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពភាពក្រីក្រ គឺទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត ដែលក្នុងនោះមានកិច្ចការចម្បងចំនួន ៣ ដែលត្រូវជំរុញ៖ ទី១. បរិមាណនៃឱកាសការងារដែលលាតសន្ធឹងពីទីក្រុងរហូតដល់ជនបទ ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។

ទី២. ការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាយរយៈការរៀបចំឲ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍនៅនឹងកន្លែង, តាមរយៈការផ្តល់ឱកាសឲ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព, ការផ្តល់ការការពារផ្នែកសិទ្ធសេរីភាព, ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី។ ទី៣. ការវិនិយោគដែលមានលក្ខណៈសមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនា រវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បងក្នុងការរុញសង្វាក់ផលិតកម្ម ក្នុងវិស័យឯកជនឲ្យបោះជំហានទៅមុខប្រកបដោយចីរភាព និងនិរន្តរភាព។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ បានធ្វើឲ្យថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមហាអំណាចធំៗលើសាកលលោក និងប្រទេសដៃគូក្នុងតំបន់ បានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ហើយបានញ៉ាំងឲ្យកិច្ចប្រជុំទាំងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ទាំងនេះបាននាំមកនូវមោទនភាពដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ហើយក៏ជាការផ្សព្វផ្សាយទៅកាន់សាកលលោកអំពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ចេញពីប្រទេសធ្លាប់ទទួលរងការផ្លិចបំផ្លាញខ្ទេចខ្ទី ដោយសារសង្គ្រាម៕






-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?