ព័ត៌មានជាតិ
សម្ដេច ស ខេង បញ្ជាក់មូលហេតុជុំវិញសំណើសុំផ្លាស់ប្ដូរអភិបាលខេត្តពោធិ៍សាត់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់មូលហេតុជុំវិញសំណើសុំផ្លាស់ប្ដូរអភិបាលខេត្តពោធិ៍សាត់ ដោយលោក ខូយ រីដា នឹងត្រូវឡើងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលនឹងត្រូវឡើងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះថា បើសិនជាមិនមានអ្វីប្រែប្រួលនោះទេ សម្ដេច នឹងអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែងរបស់លោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយការផ្លាស់ប្ដូរនេះលោក ជាវ តាយ មិនមានកំហុសអ្វីនោះទេ។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ពីម្សិលមិញនេះ សម្ដេចតេជោ លោកបានចុះហត្ថលេខារួចហើយ ប៉ុនខ្ញុំជឿថា បើមិនមានអីប្រែប្រួលទេ ថ្ងៃច័ន្ទខ្ញុំនឹងទៅប្រកាសផ្ទេរអភិបាលខេត្តពោធិ៍សាត់ ដោយសារឯកឧត្ដម ជាវ តាយ គាត់អត់មានកំហុសអ្វីទេ ប៉ុន្តែគឺគាត់ត្រូវការពេលវាដើម្បីនឹងសម្រាកព្យាបាល ខ្លួនគាត់ និងក្រុមគ្រួសារគាត់ ចង់បានអញ្ចឹង យើងក៏គោរពទៅតាមសំណើ សំណូមពររបស់គាត់»។
នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មានការផ្សព្វផ្សាយលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដោយស្នើសុំពិនិត្យ និងសម្រេចលើការតែងតាំងមុខតំណែងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវទទួលភារកិច្ចថ្មី។
លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានរៀបរាប់ថា «ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្តី ដើម្បីមេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងការតែងតាំងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់»។ តាមរយៈសំណើរបស់សម្ដេច ស ខេង គឺបានស្នើសុំតែងតាំងមុខតំណែងលោក ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។
សម្ដេចក្រឡាហោម បានបញ្ជាក់នៅក្នុងលិខិតនោះថា ការស្នើសុំតែងតាំងមុខតំណែងខាងលើនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈ សម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការ នាពេលកន្លងមក។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចារយល់ព្រមរួចហើយដែរ ចំពោះការតែងតាំងនេះ។
គួរជម្រាបថា លោក ខូយ រីដា ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ មុនពេលលោក ត្រូវបានផ្លាស់ប្ដូរជាអភិបាលរងខេត្តបាត់ដំបង។ ដោយឡែក លោក ជាវ តាយ ក្រោយចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ គឺមួយរយៈពេលចុងក្រោយនេះ មិនបានឃើញវត្តមានរបស់លោក នៅក្នុងការដឹកនាំការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ឡើយ ខណៈលោក ចេង ឡៃ ត្រូវបានទទួលជាអភិបាលខេត្តស្ដីទី៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន