ព័ត៌មានជាតិ
សម្តេច ទៀ បាញ់៖ កម្ពុជា សម្រេចបញ្ជូនមន្រ្តីទៅប៉ូឡូញ ដើម្បីបណ្តុះបណ្តាលជំនាញដោះមីនដល់កងទ័ពអ៊ុយក្រែន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងឲ្យដឹងថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនក្រុមគ្រូបង្វឹក ដើម្បីជួយបណ្តុះបណ្តាលដល់កងបោសសំអាតគ្រាប់មីន និងបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសអ៊ុយក្រែន។ ការបណ្តុះបណ្តាលនេះ នឹងធ្វើនៅក្នុងប្រទេសប៉ូឡូញ។ សម្តេច ទៀ បាញ់ បានអះអាងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា នារសៀលថ្ងៃអង្គារ ម្សិលមិញនេះនៅក្នុងខេត្តសៀមរាប។
ការអះអាងឲ្យដឹងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅពេលនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពជាគោលការណ៍ថា នឹងបញ្ជូនក្រុមគ្រូបង្វឹកជំនាញរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់កងទ័ពដោះមីនរបស់អ៊ុយក្រែន។ ការឯកភាពនេះ គឺជាការឆ្លើយតបទៅនឹងការស្នើឡើងរបស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
មន្រ្តីជំនាញដែលកម្ពុជា នឹងបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបណ្តុះបណ្តាលជំនាញដោះមីនដល់កងទ័ពអ៊ុយក្រែននេះ មាន៣រូប ហើយធ្វើឡើងក្រោមការគាំទ្រនៃគម្រោងជំនួយរបស់ជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា នៅក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។
ដោយឡែក ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឥណ្ឌា វិញ សម្តេចសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួម ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពរវាងអាស៊ាន និងឥណ្ឌា ក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សម្រាប់តំបន់ប្រកបដោយស្ថេរភាព និងវិបុលភាព។
នៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការវិញ គឺបានបម្រើផល ប្រយោជន៍គ្នាទៅវិញទៅមក និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិកទាំងមូល។ នេះបើតាមសម្តេចពិជ័យសេនាដដែល។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានសម្តែងក្តីរីករាយដែលបានរៀបចំកិច្ចរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១៦ កាលពីខែមិថុនា ដោយសំណើលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ត្រូវបានឯកភាព ហើយគ្រោងនឹងរៀបចំនៅឆ្នាំក្រោយនេះ ដោយបញ្ចូលជាមួយនឹងលំហាត់កងទ័ពជើងទឹកពហុសាសន៍អាស៊ាន នាឆ្នាំ២០២៣។ កម្ពុជាគាំទ្រ ហើយនឹងចូលរួមលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ក៏ដូចជា លំហាត់ផ្នែកបច្ចេកទេសនៃក្រុមការងាជំនាញ ADMM បូក ស្តីពីជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ ឆ្នាំ២០២៣ ដែលឥណ្ឌាជាសហប្រធានជាមួយនឹងឥណ្ឌូនេស៊ី៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ