ព័ត៌មានជាតិ
ប្រេសិតពិសេស អ.ស.ប ៖ កម្ពុជា កំពុងដើរលើផ្លូវត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍
លោក ជិន ថូដ (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ស្របតាមអភិក្រមរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍។
នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៤ វិច្ឆិកា លោក ជិន ថូដ បន្តថា លោកបានសង្កេតឃើញនូវការអភិវឌ្ឍរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះហើយ លោកសូមឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ដែលទាមទារការចូលរួមពីប្រជាពលរដ្ឋតាមរយៈការអប់រំ ផ្សព្វផ្សាយ យល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។
លោកបានបន្តថា «ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ស្របតាមអភិក្រមរបស់អង្គការសហប្រជាជាតិ ហើយ ហើយលោកនៅតែបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូដទៃទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (អ.ស.ប)»។
ជាមួយគ្នានេះដែរ លោក ក៏សូមបន្តលើកទឹកចិត្ត និងជូនយោបល់មួយចំនួន ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ។ ជាពិសេសការបង្កើននូវការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយមធ្យោបាយធ្វើដំណើរលើដងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ហើយនឹងការកៀរគរការចូលរួមពីវិស័យឯកជនផងដែរ ក្នុងការចូលរួមទទួលខុសត្រូវមួយផ្នែកនៅលើការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណ លោក ជិន ថូដ (Jean Todt) ចំពោះមតិយោបល់របស់លោកក្នុងការខិតខំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោក ជិន ថូដ ថា សម្ដេច កំពុងតែដឹកនាំដើម្បីពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នេះ។ សម្ដេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ជាពិសេស គឺ ឯកឧត្ដមផ្ទាល់ ដែលបានបន្តផ្ដល់នូវការគាំទ្រចំពោះការងារ និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្ពុជា ខិតខំធ្វើការកាត់បន្ថយបាននូវអត្រាមរណភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ត្រូវតែបន្តខិតខំដោះស្រាយ ដែលក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរ ពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍន៍នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាការផ្ដល់ និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ដើម្បីធ្វើយ៉ាងណារួមចំណែក ធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ដល់ការងារគ្រប់គ្រងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍។
សម្ដេចក្រឡាហោម បានបន្តទៀតថា ភាគច្រើន នៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំៗមួយចំនួន ដែលក្នុងនោះ ទី១-កត្តាមនុស្ស និងទី២-កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់នូវស្លាកសញ្ញាផ្សេងៗ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ជាពិសេសការកសាងផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលមានគន្លងទៅមកច្រើន, ផ្លូវជាតិ, ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិទៅតាមបណ្ដាខេត្តនីមួយៗ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនោះ ក៏បានរួមចំណែកដល់ការសម្រួលទៅដល់ការធ្វើដំណើរ ហើយក៏បានរួមចំណែកដល់ការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សម្ដេច ក៏បានជម្រាបជូន លោក ជិន ថូដ ផងដែរថា ដើម្បីបន្តធ្វើឲ្យកាន់តែប្រសើរឡើងនូវការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ នោះគឺមានកិច្ចការសំខាន់ៗពីរ ដែលត្រូវតែបន្តធ្វើទន្ទឹមគ្នា ទី១ គឺការពង្រឹង និងការអនុវត្តច្បាប់ ហើយទី២ គឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជន ដើម្បីរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់នេះបានជាអតិបរមា៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់