ព័ត៌មានជាតិ
ពិព័រណ៍ «ភូមិអាស៊ាន» បានចាប់ផ្តើមហើយ ដោយបើកឲ្យសាធារណជនចូលទស្សនាដោយសេរី
កម្មវិធីពិព័រណ៍«ភូមិអាស៊ាន» រៀបចំឡើងក្នុងគោលបំណងអបអរសារទរដែលកិច្ចប្រជុំអាស៊ានបានបញ្ចប់ដោយភាពជោគជ័យកាលពីពេលថ្មីៗនេះនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ កំពុងចាប់ផ្តើមដំណើរការនៅបរិវេណសកលវិទ្យាល័យជាតិគ្រប់គ្រង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកានេះ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

«ភូមិអាស៊ាន» មានការតាំងពិព័រណ៍ចម្រុះនូវម្ហូបអាហារ វប្បធម៌ អរិយធម៌នានា ក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដើម្បីផ្លាស់ប្តូរពីវប្បធម៌របស់គ្នាទៅវិញទៅមក ក្នុងនាមជាសហគមន៍តែមួយ។ កម្មវិធីនេះ ក៏មានជាការសម្តែងសិល្បៈខ្មែរ សិល្បៈរបស់សមាជិកអាស៊ានផ្សេងទៀត ដូចជាការ បង្ហាញពីរបាំប្រពៃណី ល្ខោនខោល ការដើរបង្ហាញម៉ូតពីសម្លៀកបំពាក់អាស៊ាន។ ក្នុងនោះ ក៏មានការច្រៀងចម្រៀងពីសំណាក់តារាចម្រៀងកំពុងមានប្រជាប្រិយភាព ដូចជា លោកម៉ានុត លោកសាយ និងក្រុម D-Man ជាដើម។

កញ្ញា លី សុភក្រ្តា មន្រ្តីទំនាក់ទំនងសាធារណៈនៃសភាយុវជនដែលរៀបចំកម្មវិធី«ភូមិអាស៊ាន»នេះ បានប្រាប់“កម្ពុជាថ្មី” ថា កម្មវិធីនេះ គឺជាកម្មវិធីដែលចង់រួមបញ្ចូលវប្បធម៌ ទំនៀមទម្លាប់របស់ប្រទេសទាំង១០ចូលគ្នា ក្នុងនាមជាសហគមន៍តែមួយ ព្រមទាំង ចង់ឱ្យសាធារណជនបានស្គាល់ និងបានដឹងពីវប្បធម៌នានា។ ការពិព័រណ៍នេះ មានការចូលរួមពីស្ថានទូតនៃសមាជិកអាស៊ានទាំងអស់ លើកលែងតែស្ថានទូត២ប៉ុណ្ណោះដែលមិនបានចូលរួម ព្រោះពួកគាត់ជាប់រវល់ចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់។ ទោះជាមិនបានចូលរួមយ៉ាងណា ក៏ពួកគាត់បានសម្តែងពីសេចក្តីត្រេកអរ ដែលបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើងមក។

កញ្ញា លី សុភក្ត្រា បានបន្តថា នៅថ្ងៃទី១នៃការរៀបចំកម្មវិធីនេះ គឺមានការសម្តែងនូវសិល្បៈបុរាណខ្មែរដូចជា ចាប៉ីដងវែង៣ជំនាន់ របាំឆៃយ៉ាំ ល្ខោនខោល និងស្រមោលស្បែកធំ។ ចំណែក នៅថ្ងៃទី២ ចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ មានជាការលេងល្បែងផ្សេងៗបញ្ចូលគ្នា រួចក៏មានការសម្តែងពីខាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាននីមួយៗ តំណាងវប្បធម៌របស់ខ្លួន។ ចំពោះកម្ពុជាវិញ ក៏បានត្រៀមរបាំបុរាណ២សម្រាប់កម្មវិធីនេះផងដែរ។

នៅថ្ងៃទី៣ គឺចាប់ផ្តើមតាមម៉ោងដដែល មានជាការលក់ម្ហូបអាហារតាមប្រទេសអាស៊ាន ការលេងល្បែង និងដើរបង្ហាញម៉ូតសម្លៀកបំពាក់ផ្សេងៗដែលជាការស្ម័គ្រចិត្តពីនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ មិនតែប៉ុណ្ណោះ ក៏មានការច្រៀងចម្រៀងពីតារាចម្រៀងមានប្រជាប្រិយភាព ព្រមទាំង មានជាការប្រគំតន្រ្តីបញ្ចប់កម្មវិធី។ កញ្ញា លី សុភក្ត្រា សង្ឃឹមថា ដំណើរការកម្មវិធីនេះ នឹងទទួលបានភាពជោគជ័យ ព្រមទាំងសង្ឃឹមថា មានការចូលរួមពីសំណាក់យុវជន និងសាធារណជនច្រើន ដើម្បីបានស្គាល់នូវវប្បធម៌ផ្សេងៗរបស់ប្រទេសជាសមាជិកអាស៊ាន។
រីឯ លោក តូច រ៉ា ប្រធានការិយាល័យឯកទេសសូន្យរូប នៅនាយកដ្ឋានសិល្បៈសូន្យរូប ដែលតំណាងឱ្យស្តង់របស់កម្ពុជា បានលើកឡើងថា ក្នុងនាមលោកជាសិល្បករខ្មែរមួយរូប ពិតជាមានមោទនភាព ដែលបានយកវប្បធម៌របស់ខ្មែរមកតាំងបង្ហាញ និងណែនាំដល់សាធារណជនឱ្យបានស្គាល់ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ លោក តូច រ៉ា បន្តថា ក្នុងពិព័រណ៌នេះ មានដាក់តាំងពិព័រណ៌ដូចជា រូបគំនូរទឹក ខ្លែងឯក តោក ម្រ័ក្សណ៍មាសសន្លឹក និងរូបចម្លាក់ផ្សេងៗ។ ជាមួយគ្នានេះ ក៏មានជាការបង្ហាញពីរៀបធ្វើខ្លែងឯកផងដែរ។

សូមជម្រាបថា «ភូមិអាស៊ាន»នេះ ត្រូវបានធ្វើឡើងជាលើកទីមួយមានរយៈពេល៣ថ្ងៃ រៀបចំដោយសភាយុវជននៃកម្ពុជា ។ ដូច្នេះ សាធារណជនអាចចូលរួមដោយសេរីចាប់ពីថ្ងៃនេះតទៅ ដើម្បីបានស្គាល់ពីវប្បធម៌នានានៃប្រទេសសមាជិកអាស៊ាននៅសាកលវិទ្យាល័យជាតិគ្របគ្រង៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?