ព័ត៌មានជាតិ
រដ្ឋមន្ត្រី ស្នើ អភិបាលខេត្ត ពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌សេវាសុខាភិបាលឯកជន
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញលិខិតស្នើ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱ្យពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។
ក្នុងលិខិតស្នើខាងលើ លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំលឹកជាបន្តបន្ទាប់ដល់មូលដ្ឋានសុខាភិបាលឯកជន ស្តីពី ការគ្រប់គ្រងការប្រកបវិជ្ជាជីវៈក្នុង វិស័យសុខាភិបាល។ ប៉ុន្តែក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។
ក្នុងន័យនេះ ក្រសួងសុខាភិបាល សូម អភិបាលរាជធានីខេត្ត ធ្វើការណែនាំដល់មន្ទីរសុខាភិបាល ឱ្យចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវា សុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពី ការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូម អភិបាលរាជធានី ខេត្ត ណែនាំឱ្យមន្ទីរសុខាភិបាលពង្រឹងក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជនតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីស្ត្រីអ្នកជំងឺបានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។ ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។ តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់