ព័ត៌មានជាតិ
សម្តេចតេជោ ៖ ទោះបីជាប្រឈមជំងឺកូវីដ-១៩ ក៏អត្ថន័យ និងស្មារតីជ័យជម្នះ៧មករា នៅរស់រវើកជានិច្ច
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងសារជូនពរប្រជាពលរដ្ឋ ក្នុងឱកាសរំឮកខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា ដែលជាទិវាជាប្រវត្តិសាស្ត្រ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ និងបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា “ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃគម្រប់ខួប៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សាររបស់សម្តេចតេជោលើកឡើងទៀត ចាប់ផ្តើមពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនយើងបានជ្រោងទង់មហាសាមគ្គីជាតិ ពុះពារ ជម្នះគ្រប់ឧបសគ្គ ដើម្បីការពារការរស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាង ប្រទេសឡើងវិញពីចំណុចសូន្យ ធ្វើឲ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ”។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ក្នុងស្មារតីចងចាំជានិច្ច មហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង និងចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លារបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ និង រាំងស្កាត់មិនឲ្យរបបអប្រិយនេះអាចវិលត្រឡប់មកវិញបាននោះ ប្រជាជនយើងតែងបានប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះ ៧មករា យ៉ាងអធិកអធមជារៀងរាល់ឆ្នាំ ជាមួយនឹងការសាទរចំពោះសមិទ្ធផលលើគ្រប់វិស័យដែលយើងសម្រេចបានក្នុងឆ្នាំកន្លងទៅ។
បើតាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ឆ្នាំនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាវិបត្តិសុខភាពសកល បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជានោះ បានតម្រូវឲ្យយើងត្រូវផ្អាកការជួបជុំធ្វើមីទ្ទីង ដើម្បីប្រមូលផ្តុំការប្រឹងប្រែងប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺដ៏កាចសាហាវនេះ។ ទោះបីជាយ៉ាងនេះក្តី ក៏អត្ថន័យ និងស្មារតីជ័យជម្នះ ៧មករា ស្ថិតនៅរស់រវើកជានិច្ចក្នុងមនសិការរបស់ប្រជាជនកម្ពុជា។ ប្រជាជនយើងបានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទីពីររបស់ខ្លួន។ ជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះនៃការកកើតឡើងវិញ និងការរីកចម្រើននូវអ្វីៗគ្រប់យ៉ាង ដែលជាគុណតម្លៃសម្រាប់សង្គមជាតិ បើគ្មានជ័យជម្នះ៧មករា យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះឡើយ។
សម្តេចបញ្ជាក់ថា រយៈពេល៤២ឆ្នាំមកនេះ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាពក្នុងការ ការពារ និងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ នៅលើវិថីដ៏សែនលំបាកនេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំច្រើនរាប់មិនអស់ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពប្រកបដោយមោទនភាព។ ពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ , ជាប្រទេសក្រីក្រឱនថយបំផុតផ្នែកសេដ្ឋកិច្ច, ជាប្រជាជាតិត្រូវគេប្រមាថ និងឯកោយ៉ាងអយុត្តិធម៌ ឥឡូវកម្ពុជា គឺជាប្រទេសដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ , ជាទឹកដីដែលមានសុខសន្តិភាពពេញលេញ, ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់យ៉ាងលឿនធ្វើឲ្យជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ព្រមជាមួយនេះ កិត្យានុភាពជាតិរបស់កម្ពុជា ក៏បានលើកកម្ពស់ឡើងវិញលើឆាកអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារ ថែរក្សា ពូនជ្រំ មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេស មកបំផ្លាញទៅវិញបានឡើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សន្តិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ លើមូលដ្ឋានសន្តិភាពនេះហើយ ទើបកម្ពុជាអាចងើបឈរឡើងវិញដោយខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍។ ជាអកុសល វិបត្តិជំងឺកូវដ-១៩ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក ជាមួយគ្នានេះ គ្រោះទឹកជំនន់ក៏បានផ្តល់ផលវិបាកដល់យើងបន្ថែមទៀត។ ទោះបីជាដូច្នេះក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ ទី១, ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២ គឺការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ច ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ ដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍន៍”។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។ ជាមួយគ្នានេះ ត្រូវបន្តអនុវត្តខ្ជាប់ខ្ជួននូវរាល់ វិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ព្រមទាំងជម្នះផលវិបាក ដែលជំងឺនេះបង្កឡើង និងផលវិបាកនៃគ្រោះទឹកជំនន់ឆ្នាំ២០២០កន្លងទៅ សំដៅធ្វើឲ្យមានប្រក្រតីភាពឡើងវិញឆាប់រហ័ស នូវដំណើររីកចម្រើននៃសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចថា សម្តេចមានសេចក្តីរំភើបឥត ឧបមាដែលបានឃើញការចូលរួមដ៏ផុលផុសបំផុតរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសនៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាចលនាជាតិដ៏ទូលំទូលាយដើម្បី ការពារខឿនសុខភាពរបស់ប្រជាជន។
នៅទីបញ្ចប់នៃសារនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ថា “បញ្ជាស្មារតី ៧ មករា គឺសាមគ្គីភាព វីភាព និងជ័យជម្នះ ។ ស្មារតី ៧ មករា ធ្វើឱ្យយើងត្រូវប្តូរផ្តាច់ថែរក្សារាល់សមិទ្ធផលនៃសង្គមជាតិ និងការពារមិនឲ្យកើតមានជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត ។ ស្មារតី ៧មករា ជាស្មារតីមហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការលំបាកនានារបស់ជាតិ។ ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្ត ដំណើរទៅមុខទៀតលើមាគ៌ាឯករាជ្យ សន្តិភាពសេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់